Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ គិតត្រឹមរសៀលនេះ ស្ថានភាពទឹកនៅទំនប់សណ្ដស្ទឹងព្រែកត្នោត នៅនឹងធម្មតា

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់រសៀលថ្ងៃទី២៦ ខែតុលានេះ ស្ថានភាពទឹកនៅទំនប់សណ្ដស្ទឹងព្រែកត្នោតនៅនឹងធម្មតា បន្ទាប់ពីមានការឡើងបន្តិចកាលពីព្រឹកមិញ។ តែយ៉ាងណាក៏ដោយ អាជ្ញាធរនៅ​តែមាន​ការព្រួយបារម្ភ​ និងត្រៀមខ្លួនជាប់ជានិច្ច ដើម្បីជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ពេលមានករណីទឹកជំនន់កើនឡើង។

លោក ឃួង ស្រេង អភិបាល នៃគណៈ​អភិ​បា​ល​រាជធានីភ្នំពេញ ពេញមួយព្រឹក និងបន្តមកដល់រសៀលថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២១នេះ បានដឹកនាំ​ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចចម្រុះផង ចុះអន្តរា​គមន៍ ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ​ក្រសួងធនធានទឹក និងឧតុនិយម បានចាត់វិធានការ​ជា​​​ច្រើនដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតនេះ និង​ត្រៀម ជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលដែលទឹកហក់ឡើងខ្លាំង។ លោកថា អាជ្ញាធររាជធានីភ្នំពេញ បានអំពាវ​នាវ​រយៈពេល ១សប្ដាហ៍មកហើយ ឲ្យប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះ ដោយសារជំនន់កាលពីឆ្នាំមុន ឲ្យមាន​ប្រុង​ប្រយ័ត្ន ដោយយកក្មេងៗ និងចាស់ៗ ងាយរងគ្រោះ ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗ ទៅកាន់ទីទួលមានសុវត្ថិភាព។

អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា «ថ្ងៃនេះ ខ្ញុំបើតាមក្រសួងធនធានទឹក បានលើកឡើងដែរថា នៅកំពង់​ស្ពឺ មានការស្រកចុះ តែនៅក្នុងទីក្រុងភ្នំពេញនេះ មានការនឹងតាំងពីព្រឹកមក វាឡើង ២ហ៊ុនជាង ប៉ុន្តែមកដល់ពេល​ឥឡូវនេះ មានការនឹង»។

យ៉ាងណាក៏ដោយ អាជ្ញាធរនៅតែមានការព្រួយបារម្ភ ព្រោះកាលណាទឹកឡើងកាន់តែខ្លាំង ទំនប់សណ្ដស្ទឹងព្រែកត្នោត នឹងមានរុងនាគកាន់តែច្រើន ហើយកិច្ចការសំខាន់នៅថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងពាក់ព័ន្ធ​ទាំងអស់ បានទប់រុងនាគនៅតាមសងខាងស្ទឹង ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបាក់ទំនប់ ដែលនាំឲ្យមានផល​ប៉ះ​ពាល់ដល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម