Connect with us

ព័ត៌មានជាតិ

មិន​ដល់​មួយ​ខែ​ មាន​រឿង ៣ សំខាន់​​​មិន​ធ្លាប់​កើត​មាន​នៅ​ខេត្ត​កំពត​

បានផុស

នៅ

ក្រោយ​ផ្ទេរ​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ មក​ដឹកនាំ​គ្រប់គ្រង​នៅ​ខេត្ត​កំពត​បាន​មិន​ដល់មួយ​ខែ​ផង អភិបាល​ខេត្តកំពត​ថ្មី​ឯកឧត្តម ម៉ៅ ធនិន បាន​លើក​យក​បញ្ហាមួយ​ចំនួនពាក់ព័ន្ធជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​ចូលខ្លួន​ទៅដោះស្រាយផ្ទាល់តែម្តង។

ព្រឹត្តិការណ៍​សំខាន់​ដំបូង​គេ គឺ​ការ​ដោះស្រាយ​ជម្លោះ​ និង​បញ្ហា​ទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ​តាមរយៈវេទិកាសាធារណៈនៅសាលា​ខេត្ត។

នេះជាលើកទីមួយដែលអាជ្ញាធរ​ខេត្តកំពត ក្រោម​ការ​​ដឹកនាំ​របស់អភិបាល​ខេត្តថ្មី​ បានបើក​វេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តដោយ​ផ្ទាល់ បន្ទាប់ពី​ទទួល​ការ​តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណុំ​ក្តៅគគុក​ដំបូង​តាម​រយៈវេទិកា​នៅសាលា​ខេត្ត​គឺ​បញ្ហា​ការលក់អាងទឹកដងទង់ជាសម្បត្តិរដ្ឋ ទៅ​ឲ្យ​ក្រុមហ៊ុនឯកជនមួយ ដែល​​បាន​អូសបន្លាយ​ជា​ច្រើន​ខែ ​​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាច្រើន​គ្រួសារ និង​​ត្រូវ​បាន​ដោះស្រា​យ​តាម​រយៈវេទិកាបើក​ចំហ​​ ដែល​មានការ​​ចូលរួម​ពី​មន្រ្តីថ្នាក់ដឹកនាំ​​ខេត្ត​ ​តំណាង​ក្រុមហ៊ុន​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែលមាន​វិវាទ។

ក្រោយ​ការ​ជជែក​រក​ខុស​រកត្រូវ​​បាន​បញ្ចប់​​ ក្រោម​វត្តមានរបស់​ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ដែល​បាន​ប្រេីប្រាស់​ឋានានុក្រមសម្របសម្រួល​ដោះស្រាយ​ ដោយ​ឈរ​លើ​ភាព​ត្រឹម​ត្រូវ​ តម្លាភាព​ និង​យុត្តិធម៌​ ដោយ​ទទួល​បាន​ភាព​យុត្តិធម៌​ទាំង​អស់​គ្នា​។

ដោយឡែកព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត ក្នុង​ពេល​ចុះសួរ​សុខទុក្ខ​​អាជីវករ​នៅ​ផ្សារ​សាមគ្គី​ ទី​រួម​ខេត្ត​កំពត​ក្នុង​សង្កាត់​កំពង់​បាយ​ ក្រុង​កំពត​ ដែលអមដំណើរ​ដោយ​លោក​ស្នងការ​ខេត្ត​ លោក​អភិបាល​ក្រុង​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ លោក​អភិបាល​ខេត្ត​ថ្មី បាន​ធ្វើការ​ណែនាំ​ដល់​​អ្នកទទួលម៉ៅការភាស៊ីទាំងអស់​ទូទាំង​ខេត្ត​ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក​នោះ​ទេ។ ជាមួយ​គ្នា​នេះលោក​បាន​សម្រេចឲ្យ​គ្រប់បណ្តា​ផ្សារ​ទូទាំង​ខេត្ត​មិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់​ពី​ ៦០ ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីបន្តិចបន្តួចនោះឡើយ។

ដោយឡែកព្រឹត្តិការណ៍ចុងក្រោយ​​មិន​ធ្លាប់​មាន​នៅខេត្តកំពត​ គឺ​ឯកឧត្តម​ម៉ៅ ធនិន បានហាមឃាត់​មិនឲ្យសម្លាប់សត្វធាតុលក់ទេ​​នៅ​ថ្ងៃ​​ឧបោសថ​សីល។

ក្នុង​នាម​ពលរដ្ឋ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ការ​សម្រេច​នេះ​​ទទួ​ល​បាន​ការ​សាទរ​ពី​ពលរដ្ឋ​ទូទាំងខេត្ត​ ជាផ្នែកមួយដើម្បីលើកកម្ពស់​តម្លៃព្រះពុទ្ធសាសនា​ ដែល​ជា​សាសនា​របស់រដ្ឋ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម