ប្រមុខ​រដ្ឋាភិបាលកម្ពុជា ចែក​រំលែក​ទស្សនាទាន អនាគតអាស៊ាន-ជប៉ុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រមុខ​រដ្ឋាភិបាលកម្ពុជា ចែក​រំលែក​ទស្សនាទាន អនាគតអាស៊ាន-ជប៉ុន

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនាទានមួយដើម្បីពង្រឹងកិច្ច​សហប្រត្តិបត្តិការ និងទិសដៅទៅអនាគតរវាង អាស៊ាន-ជប៉ុន។ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រនៅក្នុងរយៈពេល៤៨ ឆ្នាំកន្លងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤ ពីរាជធានីភ្នំពេញតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនាទាន ដើម្បីពង្រឹងកិច្ចសហប្រត្តិ-បត្តិការនិងទិសដៅទៅអនាគតរវាងអាស៊ាន-ជប៉ុនដូចខាងក្រោម ៖

ទី១. ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុនទៅលើកិច្ចខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន នៅក្នុងការប្រយុទ្ធនឹងជំងឺ​កូវីដ-១៩ គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ទោះបីជាស្ថិតក្នុងកាលៈទេសៈ​ដ៏លំបាកយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ កម្ពុជាអរគុណជប៉ុនចំពោះការចូលរួមចំណែកជាថវិកាចំនួន ៥០ លានដុល្លារអាមេរិកសម្រាប់បង្កើត “មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី» ។ លើសពីនេះទៀត សម្តេចបានលើកទឹកចិត្តដល់ជប៉ុន ក្នុងការបន្តគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗដទៃទៀតដែលមានដូចជាស្តុកបម្រុងបរិក្ខារពេទ្យ សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈក្នុងតំបន់អាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីកសាងភាពធន់សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩។ ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជាក៏​ថ្លែងអំណរគុណដល់ ជប៉ុនដែលបានផ្តល់ជូនកម្ពុជានូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្ភារបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ព្រមទាំងហិរញ្ញប្បទានគាំទ្រដល់ការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ។

ទី២. សមាហរណកម្មនៅក្នុងតំបន់ គឺជាសមាសភាពដែលមិនអាចខ្វះបាន នៅក្នុងការងើបឡើងវិញរបស់តំបន់ ប្រកបដោយចីរភាព។ ហេតុនេះ សូម​លើកទឹកចិត្តដល់ជប៉ុនបន្តជំរុញការផ្សារភ្ជាប់ និងការបន្សគ្នារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ សម្តេចបាន​ស្នើឱ្យជប៉ុនបន្តគាំទ្រដល់ការអនុវត្តផែនការសកម្ម-ភាពដទៃទៀត ជាពិសេសផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានទី ៤ ឆ្នាំ ២០២១-២០២៥ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

ទី៣.កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញការកសាង និងការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ានសំដៅឆ្ពោះទៅរកគោលដៅរួម គឺការរីកចម្រើន ប្រកបដោយចីរភាព, បរិយាប័ន្ន និងសមធម៌ នាយុគសម័យថ្មីនេះ ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២, កម្ពុជានឹង បន្តថែរក្សា និងបង្កើនចំណងមិត្តភាពនៃទំនាក់ ទំនងអាស៊ាន-ជប៉ុនដ៏រឹងមាំនេះ ឱ្យកាន់តែជិតស្និទ្ធ និង គង់វង្ស យូរអង្វែង ។ក្នុងន័យនេះកម្ពុជាសូមគាំទ្រសំណើរៀបចំកិច្ចប្រជុំកំពូលពិសេសដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន នៅឆ្នាំ ២០២៣ នៅជប៉ុន ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services