Connect with us

ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា៖ សាលាឯកជន នឹងធ្វើតេស្តគ្រូពេល​បើកសាលារៀនគ្រប់កម្រិតឡើងវិញ

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩តុលានេះថា សាលាឯកជន នឹងធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ លោកគ្រូអ្នកគ្រូពេលបើកដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញនៅថ្ងៃ ១ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា ការបើកសាលាឯកជនគ្រប់កម្រិតនេះមិនចាំបាច់ស្នើសុំច្បាប់ ឬធ្វើកិច្ចសន្យាជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាទៀតទេខុសពីថ្នាក់ឧត្តមសិក្សាដែលត្រូវមានការស្នើសុំនិងចុះ MOU ជាមួយក្រសួងអប់រំជាមុនសិនទើបអាចបើកបាន។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសាលារដ្ឋ និងឯកជនចំណេះទូទៅគ្រប់កម្រិត បើកដំណើរការឡើងវិញប៉ុណ្ណោះ ដែលមានន័យថាសាលាឯកជនទាំងឡាយណាដែលបង្រៀន និងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺអាចបើកដំណើរការបាន។

លោកបានបន្តថា ចំណែកសាលាឯកជនដែលបង្រៀនភាសាចិន អង់គ្លេស និងភាសាផ្សេងៗទៀតគឺក្រសួងនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ។

លោក ហែម ស៊ីណារ៉េតបានបន្តទៀតថា ការបើកសាលារៀនគឺយើងបើកទាំងអស់នៅរាជធានីភ្នំពេញប៉ុន្តែយើងក៏ត្រូវគិតគូរនិងគោរពទៅតាមវិធានសុខាភិបាលដែរព្រោះថាមានសាលាខ្លះមានសិស្សច្រើននិងសាលាខ្លះមានសិស្សតិច។

ក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ទៅ២០នាក់តើសាលានីមួយៗគួរបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិចដើម្បីធានាបានការសិក្សាបានទាំងអស់គ្នាហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា។

លោកប្រធានមន្ទីរបានបញ្ជាក់ថានៅរាជធានីភ្នំពេញមានសាលាកម្រិតមតេយ្យសិក្សារដ្ឋចំនួន១៨សាលានិងសាលាបឋមសិក្សារដ្ឋចំនួន១៦៣សាលា។

ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឱ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះហើយការបើកដំណើរការឡើងវិញគ្រប់សាលាគ្រប់កម្រិតដោយកំណត់ក្នុង១ថ្នាក់ដាក់សិស្សបានពី១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នានិងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។

ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យមនិងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩និងទី១២ហើយកម្រិតថ្នាក់ផ្សេង ទៀតនៅមធ្យមសិក្សានិងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥ ទៅ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែងដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែង ចែកវេនឬបណ្ដុំតាមចម្រុះថ្នាក់, ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម