Connect with us

ព័ត៌មានជាតិ

៥ ចំណុច​គ្រប់គ្នា​ចង់​ដឹង មន្រ្តី​បែប​ណា​អាច​ទទួល​តំណែង​ជា​អភិបាល​ខេត្តបាន

បានផុស

នៅ

អភិបាលខេត្ត ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ អភិបាលខេត្ត ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​មាន​លក្ខណសម្បត្តិ​ដូច​ខាងក្រោម៖

– មាន​ឋានន្តរសក្ដិ​ឧត្ដម​មន្ត្រី
– មាន​អាយុ​ចាប់​ពី​សាមសិប​ប្រាំ (៣៥) ឆ្នាំ​ឡើង គិត​ដល់​ថ្ងៃ​តែងតាំង
– មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​ប្រាំពីរ (០៧) ឆ្នាំ និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា
– មាន​ឈ្មោះក្នុងបញ្ជី​ឈ្មោះ​បោះឆ្នោត ផ្លូវការ​ក្នុងរយៈពេល​នៃការតែងតាំង
– មិន​ធ្លាប់​មាន​ទោសឧក្រិដ្ឋ​ឬ​មជ្ឈិម​ណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ករណី​ចាំបាច់ អភិបាល​ខេត្ត អាច​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោមមន្ត្រីទាំងពីរ​ភេទ​ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ក្រៅ​ពី​ក្របខ័ណ្ណ​ក្រសួង​មហាផ្ទៃបាន ប៉ុន្តែ​មន្ត្រី​ត្រូវ​មាន​លក្ខណសម្បត្តិ​ដែល​បញ្ជាក់​ខាង​លើ។

តួនាទី​ជា​អភិបាល​ខេត្ត​មាន​អាណត្តិ​ការងារ​មិនលើស​ពីបួន (០៤) ឆ្នាំ ប៉ុន្តែ​អាច​ត្រូវ​បាន​តែងតាំង​បាន​បួន (០៤) ឆ្នាំ​ទៀត​សម្រាប់​អាណត្តិ ទី ២ នៅ​ក្នុងដែន​សមត្ថកិច្ច​ដដែល។

កាលពី​​​ថ្ងៃទី ៣០​ ខែ កញ្ញា​ ឆ្នាំ ២០២១ ​​ព្រះករុណា ​ព្រះបាទ​សម្ដេច ​ព្រះបរមនាថ ​នរោត្តម សីហមុនី ​បាន​ត្រាស់​បង្គាប់​ផ្ទេរ​ភារកិច្ច ​អភិបាល​ខេត្ត​ចំនួន​ ៧ ​រូប និង​តែងតាំង​អភិបាល​ខេត្ត​ចំនួន​ ១ រូប។ អភិបាល​ខេត្ត​ទាំង ៧ ​ដែល​ត្រូវបាន​ផ្ទេរ​តំណែង​នោះ ​រួមមាន ​លោក​ ម៉ុម សារឿន ​ពី​អភិបាល​ខេត្ត​ស្ទឹងត្រែង ​ត្រូវបាន​តែងតាំង​ជា​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ។ លោក​ ស្វាយ សំអ៊ាង ​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី ​ទៅជា​អភិបាល​ខេត្ត​ស្ទឹង​ត្រែង។

លោក​ ថង សាវុន ​ពី​អភិបាល​ខេត្ត​រតនគិរី ​ទៅជា​អភិបាល​ខេត្ត​មណ្ឌល​គិរី។ លោក​ ម៉ៅ ធនិន ពី​អភិបាល​ខេត្ត​ពោធិ៍សាត់​ ទៅជា​អភិបាល​ខេត្ត​កំពត។ លោក​ ជាវ តាយ ​ពី​អភិបាល​ខេត្ត​កំពត ​ទៅជា​អភិបាល​ខេត្ត​ពោធិ៍សាត់។ លោក​ សុខ លូ​ ពី​អភិបាល​ខេត្ត​កំពង់ធំ ​ទៅជា​អភិបាល​ខេត្ត​បាត់​ដំបង។ លោក​ ងួន រតនៈ ​ពី​អភិបាល​ខេត្ត​បាត់ដំបង​ ទៅជា​អភិបាល​ខេត្ត​កំពង់ធំ។ ចំណែក​លោក​ ញ៉ែម សំអឿន ​អភិបាល​រងខេត្ត​រតនគិរី​ ត្រូវបាន​តែងតាំង​ជាអភិបាល​ខេត្ត​រតនគិរី៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម