Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវដល់កុមារនិងពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នា​

បានផុស

នៅ

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​កុមារ និង​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើងដែល​នៅ​សេសសល់​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ក្រោយ​ការប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ជុំ​ទី១​សូម​រួសរាន់​ទៅ​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​បង្កើត​ភាពស៊ាំ​នៅក្នុង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីណែនាំ ស្តីពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​កុមារនិង​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើងដែល​នៅ​សេសសល់​របស់​ក្រសួងសុខាភិបាល​ចុះ​នៅ​ល្ងាច​ថ្ងៃទី​០១ ខែ​វិច្ឆិកា​ ​បានឱ្យដឹងថា​ យោងតាម​ការណែនាំ​រប​ស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជុំ​ទី​១ សម្រាប់​ក្រុម​អាយុ​ចាប់ពី៦​ឆ្នាំ​ឡើង ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស និង​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​កុមារ​អាយុ៥​ឆ្នាំនា​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង សូម​ធ្វើការ​អំពាវនាវ​ដល់​អ្ន​កដែល​មិនទាន់បាន​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ ចាប់ពី​៦​ឆ្នាំ​ឡើង​ទាំងអស់ សូម​រួសរាន់​ស្ម័គ្រចិត្ត​ទៅ​ទទួលយកការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅតាម​មន្ទីរពេទ្យបង្អែក ឬ​មណ្ឌល​សុខភាព ដែល​ស្ថិតនៅ​ជិត​ទី​សំណាក់ របស់​បងប្អូន​ឱ្យបាន​គ្រប់ៗ​គ្នា​។​

ក្រសួង​បាន​បន្តថា ​ពេល​ទៅ​ទទួល​វ៉ាក់សាំង​ប្រជាពលរដ្ឋ​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​ដោយ​មិនចាំបាច់​មានការ​បញ្ជាក់​លិខិតស្នាម​អ្វី​ផ្សេងៗ​ទៀតឡើយ ទោះបីជា​បងប្អូន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ណាក៏ដោយ​។​

ក្រសួង​បាន​ណែនាំ​ថា ​ដើម្បីឱ្យ​ការងារ​ចាក់​វ៉ាក់សាំង​កូវ​ដ​-១៩ ប្រព្រឹត្តទៅ​កាន់តែ​រលូន គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំងសូម​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ក្នុង​ក្របខណ្ឌ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវបន្ត​ផ្តល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​កុមារ និង​ប្រជាពលរដ្ឋដែលមាន​អាយុ​ចាប់ពី ៦​ឆ្នាំ​ឡើង ដែលនៅ​សេសសល់​ជា​បន្តទៀតនៅតាម​ទីតាំង​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ នៃ​មន្ទីរពេទ្យបង្អែក ឬ​មណ្ឌល​សុខភាពដែលមាន​ស្រាប់​ទោះបីជា​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជុំ​ទី​១សម្រាប់​ក្រុម​អាយុ៦​ឆ្នាំ​ឡើង​ត្រូវបាន​បិទ​បញ្ចប់​រួចហើយ​ក៏ដោយ​ឱ្យមាន​ភាពរលូន​ ទោះបី​ពួកគាត់​មិន​រស់នៅក្នុង​តំបន់​គ្របដណ្តប់របស់​ទីតាំង​ផ្តល់​សេវា​ក៏ដោយ និង​មិន​តម្រូវឱ្យមាន​ការ​បញ្ជាក់​លិខិតស្នាម​អ្វី​ទាំងអស់ ក្រៅពី​ឯកសារ​មួយចំនួនដែល​ត្រូវ​ប្រើប្រាស់​ក្នុងការ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ប៉ុណ្ណោះ​ និង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋអំពី​សារប្រយោជន៍​នៃ​វ៉ាក់សាំង​កូ​វីដ​-១៩ និង​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​ស្ម័គ្រចិត្តមកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា មាន ១០០,០៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៧,៩៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ១,៨២៧,៣៤៨ នាក់ និង​លើ​កុមារ​អាយុ​ពី០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន១០១,៤៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម