Connect with us

ព័ត៌មានជាតិ

គ.ជ.ប បង្ខិតការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ កាន់តែកៀកលំនៅដ្ឋានប្រជាពលរដ្ឋ

បានផុស

នៅ

ដើម្បីឱ្យ​ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោតនោះ ក្រុមការងារចុះឈ្មោះបោះឆ្នោត បាន​លើកការិយាល័យ​ចូលទៅតាម​ភូមិ នៅក្នុង​ ឃុំ សង្កាត់ ជិតលំនៅដ្ឋានរបស់​ប្រជាពលរដ្ឋ​។ នេះបើតាមមន្រ្តី​ជាន់ខ្ពស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា តាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​​សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត​នេះ រយៈពេល១៥ ថ្ងៃដំបូង គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ការចុះឈ្មោះ ធ្វើនៅតាមសាលា ឃុំ សង្កាត់ ហើយចាប់ពីថ្ងៃទី២៧ ខែតុលា រហូតដល់ចប់ ការិយាល័យចុះ​ឈ្មោះបោះឆ្នោត ត្រូវបាន​រំកិល​​ទៅតាមភូមិ នៅក្នុងឃុំ សង្កាត់នានា ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត។

ទោះជាយ៉ាងណា​ លោក សោម សូរីដា​ បាន​អះអាងថា ការចល័តការិយាល័យចុះឈ្មោះ​នេះ ក៏មានបញ្ហាមួយដែរ ​ដោយសារតែការចុះឈ្មោះ​បោះឆ្នោតស្ថិតនៅក្នុងរដូវវស្សា ដែលធ្វើឱ្យក្រុមចុះឈ្មោះ​មានការលំបាក នៅពេលចល័តការិយាល័យទៅតាមភូមិ​។​

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។​

សរុបរយៈពេល​២០ថ្ងៃ ​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួល មានប្រជាពលរដ្ឋ​បានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី​ចំនួន ​២៣១.៩៦៨​ នាក់ ហើយអ្នកដែល​ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​មានចំនួន ​១១៨.៣១៣ នាក់ ចំណែកអ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ​៧៧.៤៧០ នាក់ រីឯអ្នកដែលបានផ្ទេរទីលំនៅចូលក្នុង ឃុំ សង្កាត់ ថ្មី​មានចំនួន ៦៩.៣២៥ នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម