Connect with us

ព័ត៌មានជាតិ

ក្រសួងធម្មការ បើកវគ្គបណ្តុះបណ្តាលអាចារ្យខ្មែរទូទាំងប្រទេសដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា

បានផុស

នៅ

​ក្រសួង​ធម្មការ និង​សាសនា​ នឹង​បើក​វគ្គ​បណ្តុះបណ្តាល​តួនាទី ភារកិច្ចនិង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣៦​ តាម​ប្រព័ន្ធអន​ឡាញ​(​ហ្សូ​ម​)​ ដោយមាន​ការចូលរួម​ពី​អាចារ្យ​ទូទាំងប្រទេស​ចំនួន​៨០​នាក់​។​

ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់​អាចារ្យ​នេះ​ ដើម្បីឱ្យ​ពួកគាត់​មានការ​ទទួលខុសត្រូវ និង​រក្សាបាន​នូវ​គុណ​ធម៌​ខ្ពស់ ចៀសវាង​ការប្រព្រឹត្ត​ខុសឆ្គងប្រកាន់​បក្សពួក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​អាចា​រ្យ​-​អាចារិនី​ខ្មែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដើម្បីឱ្យ​ពួកគាត់​បំពេញ​តួនាទី​ឲ្យ​បានល្អ​ប្រសើរ​សក្ដិសម​ជា​អ្នកដឹកនាំ​កិច្ច​ពិធី អ្នក​បង្ហាត់​បង្រៀន ​អ្នក​ពន្យល់​បង្ហាញ និង​ជា​បុគ្គល​ដែល​គួរ​គោរព និង​ចូលរួម​ក្នុងការ​ថែរក្សា​នូវ​កេរ្តិ៍មរតក​វប្បធម៌​ព្រះពុទ្ធសាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ដើម្បី​រួមចំណែក​លើក​ស្ទួយវិស័យ​ព្រះពុទ្ធ​-​សាសនា​ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធម្មការ​និង​សាសនា​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​ បានឱ្យដឹង​ថា វគ្គ​បណ្តុះបណ្តាល​​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២៣-២៦ ​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ​។​

ក្រសួង​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ រាជធានី​ ខេត្ត ​ធ្វើការ​សហការ​ជាមួយ​ព្រះ​មេគណ​រាជធានី​ខេត្ត​ទាំងពីរ​គណៈ ជ្រើសរើស​អាចារ្យ​ស្ម័គ្រចិត្តតាម​វត្ត​នីមួយៗ ទាំង​វត្ត​ខាង​គណៈមហានិកាយ​ និង​វត្ត​ខាង​គណៈធម្មយុត្តិកនិកាយ ដែលមាន​លទ្ធភាព​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូទាំង​ប្រ​ទេស​ចំនួន​៨០​នាក់​ ក្នុងនោះ​នៅ​ភ្នំពេញ​ជ្រើសរើស​៦​នាក់​ និង​ខេត្តកណ្តាល​៣​នាក់ ​និង​ក្រៅពី​នេះ​ខេត្ត​ផ្សេងៗ​ទៀត​ជ្រើសរើស​៣​ៗ​នាក់​ក្នុង​១​ខេត្ត​។​

ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី ខេត្ត ផ្ដល់​កិច្ចសហការ និង​បច្ចេកទេស​ដើម្បី​ជួយសម្រួល​ដល់​ការសិក្សា​របស់​សិក្ខាកាមតាម​ប្រព័ន្ធ​អន​ឡាញ​នៅ​អគារ​មន្ទីរ​ធម្មការ និង​សាសនា​និង​សូម​ផ្ញើ​តារាងបញ្ជី​ឈ្មោះ​សិក្ខាកាមប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត​(៤x៦)​ចំនួន​១​ច្បាប់ រូបថត ទំហំ​៤x៦ថត​ចំ​ពីមុខ​ចំនួន​២​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​របស់​សិក្ខា​កាម​(​ថតចម្លង​)​ចំនួន​១​ច្បាប់ ហើយ​ផ្ញើមក​ក្រសួង​ធម្មការ និង​សាសនា​ឲ្យ​បាន​មុន​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។​

ក្រសួង​បាន​បន្ថែមទៀតថា​ អាស្រ័យហេតុនេះ សូម​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ខេត្ត ធ្វើការ​សហការ និង​យកចិត្ត​ទុកដាក់​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

គួរ​បញ្ជាក់ថា​ ក្រសួងបាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ បាន​ចំនួន៣៥វគ្គ ​និង​មាន​សិក្ខាកាម​ជា​អាចារ្យ អាចារិនី​ មកពី​គ្រប់​រាជធានី​/​ខេត្ត ទូទាំងប្រទេសមាន​ជាង​១០០០​នាក់​ចូលមក​សិក្សា​រួចមកហើយ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម