Connect with us

ព័ត៌មានជាតិ

ទោះជួបវិបត្តិកូវីដ-១៩ កម្ពុជានៅតែអាចផ្គត់ផ្គង់ស្បៀងអាហារទៅទីផ្សារពិភពលោក

បានផុស

នៅ

ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាសនេះដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងស្បៀងអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅទីផ្សារក្នុង​តំបន់ និងពិភពលោកទៀតផង។ នេះជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឱកាស ទិវាជាតិអាហារូបត្ថម្ភលើកទី៨ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១​ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំ ឈានទៅសម្រេចបានចក្ខុវិស័យស្តីពី ប្រព័ន្ធស្បៀងឆ្នាំ២០៣០។

រាជរដ្ឋាភិបាលបាន និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកដូចជា៖ការដាក់ចេញសេចក្តីថ្លែងការណ៍រួមស្តីពីអាហារូបត្ថម្ភក្នុងបរិបទ នៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក (Global_SUN Movement) អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន (Nutrition for Growth) កិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងការអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពី ការកាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យរបស់អង្គការ សហប្រជាជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនា​ទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារៈសំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានាដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាសេនាធិការក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និង ប្រព័ន្ធស្បៀងដោយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានានៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងនៅក្នុងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ ២០៣០ ឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ​​ ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ពិសេសគោលដៅទី ២ គឺ បញ្ចប់ភាពអត់ឃ្លានសម្រេច​ ឱ្យបានសន្តិសុខស្បៀងធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម