Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ដ៏ធំ អបអរសម្បត្តិវប្បធម៌ខ្មែរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា “រាត្រីចងចាំ ឆ្នាំ២០២១” តាមប្រព័ន្ធអនឡាញ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ នាឱកាសសំណេះសំណាលក្នុងពិធីហាត់សមនាពេលកន្លងមក បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវទស្សនីយភាពសិល្បៈចម្រុះទាំងបុរាណ និងសម័យ គឺមានការសម្តែង ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈ ល្ខោនខោលសហគមន៍វត្តស្វាយ តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ។

លោក ហ៊ឺ វីរៈ បន្តថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍ សារព័ត៌មាន បណ្តាញទំនាក់ទំនងសង្គម មួយចំនួន ដែលនឹងរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពិភពលោកបានឃើញពីតម្លៃ ល្ខោនខោលកម្ពុជា ដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នាចង់បាន។ លោកបានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលដូនតាខ្មែរបន្សល់ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។

លោក ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារអចិន្រ្តៃយ៍ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំព្រឹត្តិការណ៍ និងសិល្បៈទស្សនីយភាព បានបញ្ជាក់បន្ថែមទៀតថា នេះជាលើកទី ២ ហើយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍នេះឡើង បន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី១” នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណជាង២ម៉ឺននាក់។ ប៉ុន្តែឆ្នាំ ២០២១ នេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាសាកល ទើបព្រឹត្តិការណ៍ រាត្រីចងចាំឆ្នាំ២០២១ ពុំត្រូវបានរៀបចំសម្តែងដោយផ្ទាល់នៅទីកន្លែងសារធារណៈ ឬក្នុងតំបន់ទេសចរណ៍ណាមួយនោះទេ មានន័យថា ទិដ្ឋភាព សោភណ្ឌភាព បច្ចេកទេសនៃការសម្តែង គឺបានបង្ហាញពីរសជាតិថ្មី តាមបរិបទថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ)។

លោក ទិត ថាវរិទ្ធ បានបន្តថា ព្រឹត្តិការណ៍នេះមានសិល្បករ សិល្បការិនី នាដកា តន្រ្តីករ និងតារាសម្តែងល្បី សរុបប្រមាណេជិត ២០០ នាក់ បានស្ម័គ្រចិត្តចូលរួមសម្តែង ដោយបង្ហាញពីការពេញចិត្ត និងក្តីស្រឡាញ់ពីបេះដូង ដែលការណ៍នេះ បង្ហាញពីឆន្ទៈនៃយុវជនប្រតិបត្តិវិស័យ ដើម្បីរួមគ្នាលើកស្ទួយមរតកវប្បធម៌ជាតិ។ លោកបានបញ្ជក់ថា ថ្វីដ្បិតរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យក៏ពិតមែន តែសិល្បករ សិល្បការិនី បានរៀនរស់នៅដោយចេះសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ស្របតាមវិធានការណ៍របស់ក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម