Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករជាង ១ ០០០ នាក់ទៀត ដែលព្យួរការងារ

បានផុស

នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបន្តបើកប្រាក់ឧបត្ថម្ភជូនដល់បងប្អូនកម្មករនិយោជិត សរុបចំនួន ១ ០៣៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ១៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរការងារដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី ៧៤ ដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ចំពោះការបើកប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីងដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិត ដែលបានផ្តល់ឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន ៦០ ៧៥០ រៀល ស្មើនឹង ១៥ ដុល្លារសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី ៧ ដល់ ១០ ថ្ងៃ។ ទឹកប្រាក់ ១២១ ៥០០ រៀល ស្មើនឹង ៣០ ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ ថ្ងៃ ដល់ ២០ ថ្ងៃ និង ១៦២ ០០០ រៀល ស្មើនឹង ៤០ ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេល ២១ ថ្ងៃដល់ ១ ខែ។

ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ការបើកប្រាក់នេះគឺមិនតម្រូវឱ្យបង់ថ្លៃសេវាឡើយ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង ១៥ នេះ មិនបានទទួលសារ ទូរស័ព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម