Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានជាង ៤០០ រឿង

បានផុស

នៅ

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថារហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបានចុះដោះស្រាយសំណូមពរ និងទំនាស់ក្រៅប្រព័ន្ធតុលាការសម្រេចបានជាង ៤០០ រឿង និងនៅសល់ជាង ៣០០ រឿងទៀតកំពុងបន្តដោះស្រាយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងារកន្លងមក និងលើកទិសដៅអនុវត្តបន្ដ នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ Zoom លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ “ចំណុចខ្លាំងរបស់យើង គឺកន្លងមកនេះ ក្រុមការងារថ្នាក់ខេត្តសហការជាមួយបណ្ដាស្រុកចុះដោះស្រាយសំណូមពរ និងទំនាស់ក្រៅប្រព័ន្ធតុលាការ សរុបសម្រេចបានជាង ៤០០ រឿង ក្នុងចំណោមរឿងជាង ៧០០រឿង”។

លោកអភិបាលខេត្តបានបន្តថា ចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយ ក៏យើងអនុវត្តបានល្អ និងទាន់ពេលវេលា ជាក់ស្ដែងថ្មីៗនេះ ប្រជាពលរដ្ឋនៅឃុំផ្លូវទូក ចំនួន ៧៦ ខ្នងផ្ទះ ស្នើនឹង ៧៦ គ្រួសារបានរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ យើងបានចុះទៅជួយជម្លៀសមកទីទួលសុវត្ថិភាព ជួយផ្ដល់អំណោយ និងជួយជួសជុលផ្ទះរបស់ពួកគាត់ឡើងវិញ។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីអាយុ ១៨ ឆ្នាំឡើង គឺយើងចាក់បានជិត ១០០ ភាគរយហើយ។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ទោះបីលទ្ធផលការងារកន្លងមកទទួលបានលទ្ធផលល្អ នៅតែមានចំណុចប្រឈមមួយចំនួនដូចជា៖

– នៅតាមទីប្រជុំជន តាមសួនច្បារ សាធារណៈ តាមសាលាស្រុក និងតាមមន្ទីរអង្គភាពមួយចំនួន នៅមានស្មៅដុះមុខកន្លែងធ្វើការ និងមានសំរាម ដែលកន្លែងខ្លះគឺគ្មានធុងដាក់សំរាមតែម្តង។

– ចំពោះផែនការធ្វើប៉ុស្តិ៍ប្រជាការពារ តាមឃុំ និងស្រុកដែលបានដាក់ជូនកន្លងមកពុំទាន់មានលទ្ធផលនៅឡើយ។

– ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់មួយចំនួននៅមានការយឺតយ៉ាវ។

– ការដោះស្រាយទំនាស់រវាងលោកចៅអធិការវត្ត និងប្រជាពលរដ្ឋក្នុងភូមិសិរី ឃុំខុនរ៉ង របស់មន្ទីរធម្មការខេត្ត គឺយូរខែហើយពុំទាន់ទទួលបានលទ្ធផល ធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ត។

– ចំពោះការចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ ឆ្នាំឡើងបានភាគរយតិច មិនទាន់ឆ្លើយតបបានល្អនៅឡើយ។

ជាមួយគ្នានោះ លោក ស៊ុន សុវណ្ណរិទ្ធិ បានដាក់ចេញផែនការសម្រាប់អនុវត្តបន្ត៖

១. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវធ្វើបច្ចុប្បន្នភាពចំនួនកុមារអាយុ ៥ ឆ្នាំឡើង រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីជំរុញឱ្យកុមារបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

២. ចំពោះករណីមានជនខិលខូចបំពានយកដីរបស់អតីតយុទ្ធជន នៅភ្នំជំរាយ ក្នុងស្រុកសាមគ្គីមានជ័យ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គណៈបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត មន្ត្រីជំនាញ និងលោកអភិបាលស្រុកសាមគ្គីមានជ័យ ត្រូវសហការគ្នាចុះអន្តរាគមន៍ទប់ស្កាត់ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ ចំពោះករណីលួចឈូសឆាយដីព្រៃលិចទឹក មន្ទីរកសិកម្មខេត្ត អភិបាលក្រុងស្រុក និងជំនាញក៏ត្រូវតែទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

៣. រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងមួយអង្គភាព ត្រូវមានធុងសំរាមចំនួន ៣ ធុងដើម្បីជួយឧបត្ថម្ភមករដ្ឋបាលខេត្តសម្រាប់ដាក់នៅតាមសួនច្បារសាធារណៈ និងទីប្រជុំជន។ ជាមួយគ្នានេះដែរគ្រប់ក្រុងស្រុក និងមន្ទីរអង្គភាពត្រូវគូសប្លង់ធ្វើសួនច្បារតាមអង្គភាពរបស់ខ្លួន ហើយត្រូវរាយការណ៍មករដ្ឋបាលខេត្តនៅសប្តាហ៍ក្រោយដើម្បីពិនិត្យសម្រេច។

៤. មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងត្រូវធ្វើបច្ចុប្បន្នភាព អង្គភាពសារព័ត៌មានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបន្តចាត់វិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ចាត់វិធានការតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

គួរបញ្ជាក់ថា ថ្មីៗនេះខេត្តកំពង់ឆ្នាំងបានបង្កើតក្រុមការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាជួនប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងបានបង្កើតក្រុមការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅតាមក្រុងស្រុកទាំង ៨ ជួនប្រជាពលរដ្ឋប្រកបដោយឆន្ទៈ តម្លាភាព និងឈរលើនយោបាយឈ្នះឈ្ នះដែលភាគីទាំងសងខាងអាចទទួលយកបានទាំងអស់គ្នា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទី មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

តើអាមេរិក ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសង់ស្ពាននៅ Baltimore ឡើងវិញ

ព័ត៌មានជាតិ៣២ នាទី មុន

កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន

ជីវិតកម្សាន្ដ៣២ នាទី មុន

Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

តុលាការ ICJ ចេញបញ្ជាឲ្យ អ៊ីស្រាអែល ចាត់វិធានការបន្ទាន់ដោះស្រាយ​គ្រោះទុរ្ភិក្សនៅ ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម