Connect with us

ព័ត៌មានជាតិ

ការដាក់ទណ្ឌកម្ម​លើ​យោធា​កម្ពុជា ជា​ការ​បំពានច្បាប់​អន្តរជាតិ និង​បង្ហាញ​ពី​ការ​មាក់ងាយ​លើ​ឯករាជ្យភាព នៃ​ប្រទេស​ដទៃ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការប្រើ​អំណាច​យុត្តាធិការ​ហួស​ព្រំដែន​របស់​សហរដ្ឋអាមេរិក​មកលើ​មន្ត្រី​កម្ពុជា និង​បាន​អះអាងថា នោះ​ជាការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន ធ្វើឡើង​ដោយហេតុ​ផល​ភូមិសាស្ត្រ​នយោបាយ​។

បើតាម​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស យុទ្ធនាការ​លាប​ពណ៌ និង​ការ​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​ប្រឆាំងនឹង​បុគ្គល​សាធារណៈ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ មិន​ត្រឹមតែ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​មូលដ្ឋាន នៃ​ទំនាក់ទំនង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានបង្ហាញ​ពី​ការ​មាក់ងាយ​ទាំងស្រុង​ដល់​ឯករាជ្យ​ភាព និង​ជាការ​ជ្រៀតជ្រែក​យ៉ាងធ្ងន់ធ្ងរ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផ្សេងទៀត​ផងដែរ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់ទៀត​ថា ការ​ដាក់ទណ្ឌកម្ម​នេះ គឺជា​ការអនុវត្ត​ផ្ទុយទៅនឹង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស (៤៦/៥) ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​ខែមីនា ឆ្នាំ​២០២១ ហើយ ដែល​បានធ្វើការ​ថ្កោលទោស យ៉ាងខ្លាំង​ចំពោះ​ការបន្ត​ប្រើប្រាស់​វិធានការ​ដោយ​បង្ខិតបង្ខំ​ជា​ឯកតោភាគី​របស់​មហា អំណាច​មួយចំនួន ជា​ឧបករណ៍​ដាក់​សម្ពាធ​លើ​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​កំពុងអភិវឌ្ឍន៍ សំដៅ​រារាំង​ប្រទេស​ទាំងនោះ​មិនឱ្យ​អនុវត្ត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុងការ​ជ្រើសរើស​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន​។

កម្ពុជា​តែងតែ​បង្ហាញ​នូវ​បំណងប្រាថ្នា​ចង់ឱ្យមាន​ទំនាក់ទំនង​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​ជាង​នេះ ទោះបី​ជាមាន​អតីតកាល​ដ៏​ឈឺចាប់​ជាមួយ​សហរដ្ឋអាមេរិក​យ៉ាងណាក៏ដោយ​។

​អ្នកនាំពាក្យ​អះអាងថា ក្នុង​សប្តាហ៍​នេះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក៏ប៉ុន្តែ​ទណ្ឌកម្ម ដែល​ដាក់ចេញ​ដោយ​មិន​ស្របច្បាប់​នេះ គឺជា​ការបោះ​ជំហាន​ខុស​ទិសដៅ​មួយទៀត​ដែល​ងាក​ចេញ​ទាំងស្រុង​ពី​ស្មារតី​មិត្តភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​ជាថ្មី ក្នុងការ​ជំរុញ​ភាពជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​វិស័យ​មួយចំនួន​ដូចជា ពាណិជ្ជកម្ម និង​ការវិនិយោគ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម បេសកកម្ម​រក្សា​សន្តិភាព ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន (POW/MIA) ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន និង​បញ្ហាសំខាន់ៗ​ក្នុង​តំបន់​នៃ​ផលប្រយោជន៍​រួម​។​

​គួររំលឹកថា ក្រសួង​រតនាគារជាតិ​អាមេរិក ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា អះអាងថា មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ២​រូប រួមមាន លោកនាយ​ឧត្ដមសេនីយ៍ ចៅ ភិ​រុណ អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារ​បច្ចេក​ទេស​នៃ​ក្រសួងការពារជាតិ និង​លោកនាយ​ឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែលម្អ​កំពង់ផែ​កងទ័ពជើងទឹក​រាម នៅ​ក្រុងព្រះសីហនុ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម