Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ស្នើ​ឱ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយទៀត នៅ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត

បានផុស

នៅ

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​កសាង​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី ​មួយ​កន្លែង​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ដោយ​យក​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត​មក​ផលិត​ជា​ទឹកស្អាត ដើម្បី​ចែកជូន​ទៅ​ប្រជាពលរដ្ឋ ចំនួន​៣​ខណ្ឌ​នៅ​ជាយ​រាជធានី​ភ្នំពេញ ខណៈ​ដែរ ការផ្តល់​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​ខណៈដែល​លោក អនុញ្ញាតឱ្យ​លោក​ឡុង ណា​រ៉ូ អគ្គ​នាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចូល​សំដែង​ការ​សួរ​សមនិង​ជំរាប​រាយការណ៍​ជូន​ពី​បច្ចុប្បន្នភាព​ការងារ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង ​បាន​មានប្រសាសន៍ថា លោក​មិនមែន​ជា​ជំនាញ​ពាក់ព័ន្ធ​នឹង​ការងារ​ផលិត​ទឹកស្អាត​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​មើលឃើញ​នោះ​គឺ លោក​ចង់​អោយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បង្កើត​រោងចក្រ​ផលិត​ទឹកស្អាត​មួយ​ថ្មី​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ពោលគឺ​យក​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត មក​ផលិត​ជា​ទឹកស្អាត ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ទៅ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខណ្ឌ​៣​នៅ​ជាយក្រុង ក្នុងនោះ​មាន​ខណ្ឌ​កំបូល​ខណ្ឌ ខណ្ឌដង្កោ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ការងារ​នេះ​លោក​ឃួ​ង ស្រេង ស្នើ​ឲ្យ​ខាង​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សហការ​ជាមួយនឹង​ក្រសួង​ធនធានទឹក ដើម្បី​សិក្សា​។

ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង​ក៏បាន​ណែនាំ​ដល់​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ពី​ការយក​តម្លៃ​ទឹកស្អាត​ពី​បងប្អូន​កម្មករ កម្មការិនី នៅ​តាម​ផ្ទះជួល ដោយ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើយ៉ាងណា​សម្របសម្រួល​ជាមួយ ម្ចាស់​ផ្ទះជួល ដើម្បី​កុំ​ឲ្យ​ពួកគាត់​យក​តម្លៃ​ទឹកស្អាត​ថ្លៃ​ហួសហេតុ​ពេក គឺ​ត្រឹមតែ​យក​តម្លៃ​ផ្ទះជួល​បាន​ហើយ កុំ​យកចំណេញ​ពី​ទឹក​ប្រើប្រាស់​ថែមទៀត​។​

​លោក​ឃួ​ង ស្រេង បានបញ្ជាក់​ទៀត​ថា មាន​កម្មករ​កម្មការិនី​រោងចក្រ​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់​បាននិងកំពុង​បំពេញការងារ​នៅតាម​បណ្តា​រោងចក្រ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ពួកគាត់​ភាគច្រើន មក​ជួល​ផ្ទះ​គេ​ស្នាក់នៅ។​ ក្នុងនាម​ជា​អាជ្ញាធរ​យើង​ត្រូវ​គិតពី​សុខទុក្ខ​របស់​ពួកគាត់​។​

​ពាក់ព័ន្ធ​ទៅនឹង​ការជីក​កកាយ​ទ្រូងផ្លូវ​ដើម្បី​ដាក់​បំពង់​ទុយោ​ទឹកស្អាត លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ ត្រូវធ្វើ​ការជួសជុល​ឡើងវិញ​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​ទទួលយកបាន ក្រោយពី​ការជីក​ដាក់​បំពង់​ទុយោ​ទឹកស្អាត​រួចរាល់។

ក្រោយ​ជំនួប​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ទទួល​អំណោយ​ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នេះ​ផងដែរ ដើម្បី​យកទៅ​ឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ បាន​ឧបត្ថម្ភ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ នូវ​អង្ករ​ចំនួន​២០​តោន អាកុល​២០​កាន​និង​ម៉ាស់​ចំនួន​២០០០០​ម៉ាស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម