Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ដំណើរការប្រឡងឌីប្លូមឆ្នាំនេះបានបិទបញ្ចប់ដោយជោគជ័យ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដំណើការប្រឡងឌីប្លូមមានរយ:ពេល២ថ្ងៃ គឺថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានបញ្ចប់ដោយមានលទ្ធផលអាចទទួលយកបានតាមការគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រលប់ថ្ងៃទី ១៦ ខែវិច្ឆិកានេះថា ដូចឆ្នាំកន្លងមកដែរ បេក្ខជនប្រឡងឌីប្លូមមួយចំនួនតូច អវត្តមានក្នុងអំឡុងពេលប្រឡងនេះ ដោយសារមូលហេតុបុគ្គល។
លោកបានបន្តថា ការប្រឡងឌីប្លូមបានបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព ហើយកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១។

លោក រស់ សុវាចា បានបន្តទៀតថា៖ “ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បេក្ខជនប្រឡងឌីប្លូម មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមរៀបចំ និងគាំទ្រដំណើរការប្រឡងឌីប្លូម ដោយបានអនុវត្តខ្ជាប់ខ្ជួននូវនីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាព”។

ចំណែក លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រលប់ថ្ងៃនេះដែរថា សម្រាប់នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅគ្រប់មណ្ឌលប្រឡងដំណើរការធម្មតា ពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។

លោកប្រធានមន្ទីរបានបន្តថា នៅតាមមណ្ឌលនីមួយៗបានអនុវត្តតាមការណែនាំបានល្អប្រសើរ គ្រប់ច្រកចូលក្នុងមណ្ឌលមានឧបករណ៍បាញ់អាល់កុល និងវាស់កំដៅ មានរៀបចំបន្ទប់បម្រុងសម្រាប់ដាក់បេក្ខជនប្រឡង ដែលបានវាស់កម្ដៅលើសពី ៣៧,៥ អង្សាសេឡើងទៅ។ ចំណែកលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសុទ្ធតែពាក់ម៉ាស់។

លោកប្រធានមន្ទីរបានបន្តទៀតថា សម្រាប់ឆ្នាំនេះនៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនចូលរួមប្រឡងឌីប្លូមចំនួន ១៥ ៨៥៨ នាក់ មាន ៦៣ មណ្ឌល ចែកជា ៦៦៤ បន្ទប់ មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ២១ ៥៣២ នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា សម្រាប់ប្រឡងថ្ងៃទី ២ នេះ មិនមានបេក្ខជនអវត្តមានទេ គឺមានតែថ្ងៃទី ១ មានបេក្ខជនអវត្តមានចំនួន ៦៦២ នាក់ និងមានបេក្ខជនម្នាក់ទើបជាពីជំងឺកូវីដ-១៩ យើងបានឱ្យគាត់ទៅប្រឡងនៅបន្ទប់ដាច់ដោយឡែកដែលសាលាបានរៀបចំត្រៀមបម្រុងទុក។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម