Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចររាប់ពាន់នាក់ មក​លេងកម្សាន្តនៅខេត្តរតនៈគិរី នាថ្ងៃបុណ្យអុំទូកទី១

បានផុស

នៅ

បន្ទាប់ពីខកខានមកលេងកម្សាន្តជិត២ឆ្នាំ ភ្ញៀវទេសចរសរសើរពីសម្រស់ធម្មជាតិ តាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី នៅតែរក្សាភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ក់ សៀង ជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងអ៊ុស្រី ហាក់ ម៉េងគីម មកពីខេត្តកណ្តាល បាននាំក្រុមគ្រួសារ​មកលេងកំសាន្តថ្ងៃទី១(ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានសម្តែងនូវការសប្បាយរីករាយ ដែលបានមកកាន់ទឹកដីស្រស់បំព្រងនៃខេត្តរតនគិរីម្តងទៀត។

លោក ម៉ក់ សៀង បានលើកឡើងថា រមណីដ្ឋានទេសចរណ៍នានា ក្នុងខេត្តរតនគិរីនៅតែស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធល្អ ជាពិសេសរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោមមានភាពទាក់ទាញខ្លាំងណាស់ មានម្លប់ត្រឈឹងត្រឈៃ ផ្ទៃបឹងមានពណ៌ខៀវស្រងាត់ គួរឲ្យចង់មុជទឹកលេងខ្លាំងណាស់ ហើយសេវាកម្មទេសចរណ៍បានរៀបចំស្អាត និងអនុវត្តបានយ៉ាងល្អ តាមវិធានសុខាភិបាល មានកន្លែងលាងដៃ មានអាល់កុលសម្រាប់បាញ់ដៃ សម្រាប់ភ្ញៀវមុននិងចូលទទួលទានអាហារតាមកញ្ចុះថែមទៀតផង ពួកខ្ញុំមានអារម្មណ៍កក់ក្តៅណាស់។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវក្តីមោទនៈ ចំពោះអ្វីដែលភ្ញៀវទេសចរណ៍ខាងលើលើកឡើង។ លោកថា ភាពស្រស់ស្អាតទាំងអស់នេះ គឺកើតចេញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត។

ជាក់ស្តែងដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃនេះ(ថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) លោកបានធ្វើការណែនាំឲ្យមន្រ្តីរាជការ សម្អាតតាមមន្ទីរអង្គភាព សម្អាតតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋាននានា ដោយរៀបចំទៅតាមស្តង់ដា​​SOP។

ដោយឡែកសោភ័ណភាពលម្អ តាមដងផ្លូវក្នុងក្រុងបានលុង រំលេចទៅដោយភ្លើងពណ៌ចម្រុះ គ្រប់ទីកន្លែង។ហើយលោកក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៩ ត្រូវបង្កលក្ខណៈសម្បត្តិឲ្យប្រជាពលរដ្ឋអុំទូក អកអំបុក តាមមូលដ្ឋានរៀងខ្លួន ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានសុខាភិបាលឲ្យបានល្អផងដែរ។

ទាក់ទងនឹងចំនួនភ្ញៀវទេសចរក្នុងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២១នេះ លោក ង៉ែត ពិទូបានឲ្យដឹងផងដែរថា ភ្ញៀវបានកក់
សណ្ឋាគារ ផ្ទះសំណាក់ចំនួន៨០%ហើយ។

ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យ មានចំនួន៤,៦៥០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ១៥នាក់។ លោកមានសុទិដ្ឋិនិយមថា ចំនួនភ្ញៀវនឹងបន្តហក់ឡើង ជាបន្តបន្ទាប់ទៀតនៅថ្ងៃទី២ ទី៣ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២១នេះ៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម