Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មបង្ហាញពីវិធីសាស្ត្រធ្វើស្រូវទទួលបានទិន្នផលខ្ពស់ដោយប្រើបច្ចេកទេសនុយក្លេអ៊ែរ​

បានផុស

នៅ

ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និ​ងនេសាទ​ បានបង្ហាញ​ពី​វិធីសាស្ត្រ​មួយចំនួន​ដល់​ប្រជាកសិករ​ធ្វើ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​តាមរយៈ​ការគ្រប់គ្រង​សារធាតុចិញ្ចឹម​អាសូត​ដោយប្រើ​បច្ចេកទេស​នុយក្លេអ៊ែរ​។​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ ​បានឱ្យដឹងថា ​ការគ្រប់គ្រងសារធាតុ​ចិញ្ចឹមអាសូត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​ប្រព័ន្ធ​ផលិតកម្ម​ដំណាំ​ស្រូវ គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​ការប្រើ​ជី​អាសូត ជួយ​បង្កើន​ទិន្នផលកាត់បន្ថយ​ការបាត់បង់​អាសូត​ទៅក្នុង​ប្រព័ន្ធ​បរិស្ថាន​ដី​ និង​ទឹក​ដែល​បណ្តាលឱ្យមាន​ការបំពុល​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស​ដែល​បង្កឱ្យមាន​ការ​កើន​កម្ដៅ​ផែនដី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អា​តូ​ម​ដើម្បី​សន្តិភាព​រវាងរាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីភ្នាក់ងារ​ថាមពល​បរិ​មា​ណូ​អន្តរជាតិ(International Atomic Energy Agency/IAEA) នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្មបានទទួល​ការគាំទ្រ​បច្ចេកទេស​ដើម្បី​កសាង​សមត្ថភាព​ចំណេះដឹង​វិទ្យាសាស្ត្រ​នុយ​ក្លេអែរ​សម្រាប់​កសិកម្ម​ជា​មូលដ្ឋាន​ដើម្បី​គ្រប់គ្រង​សារធាតុចិញ្ចឹម​អាសូត​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ​។​

នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​សិក្សា​ស្រាវជ្រាវទៅជា​ស៊េរី​ក្នុង​ឆ្នាំ​២០១៤ ២០១៨ និង២០១៩ហើយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១-ការពិសោធន៍​វាយតម្លៃ​ការ​ស្រូបយក​ជី​អាសូត​របស់​ដំណាំ​ស្រូវ​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជីសរីរាង្គ​និង​ជីគីមី​៖ ការពិសោធន៍​នេះ​ត្រូវបាន​អនុវត្ត​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៤ដោយ​បំបែក​ជី​អាសូត​ជា​បី​ដង គឺ​៖ – ៤០% ដាក់​ទ្រាប់​បាត – ៣០% ដាក់​ក្រោយពេល​ស្ទូង ៣០​ថ្ងៃ និង – ៣០% ទៀត ដាក់​ក្រោយពេល​ស្ទួ​ង ៦០​ថ្ងៃ(​ដំណាក់កាល​កំណរ​កំណើត​កួរ​)​។ ការប្រើ​ជី​កំ​ប៉ុស្តិ៍​លាមក​សត្វ​មាន ២​កម្រិត​គឺ​៖ ដាក់៧,៥​តោន​/​ហ​ត និង ១៥​តោន​/​ហ​ត (​ដាក់​ទ្រាប់​បាត​មុនពេល​ស្ទូង​១​ថ្ងៃ​)​។​

ចំពោះ​បរិមាណ​ជី​អាសូត ​គឺ​ប្រើ​តាម​កម្រិត​ណែនាំ​លើ​ដំណាំ​ស្រូវ​សម្រាប់​ក្រុម​ដី​ទួល​សំ​រោង ៨៤​គ​.​ក្រ​/​ហ​ត​។ លទ្ធផល​បាន​បង្ហាញថា ទិន្នផល​ស្រូវ​នៅក្នុង​បច្ច័យ​ដែល​ប្រើ​ជី​កំ​ប៉ុស្តិ៍​លាមក​សត្វ ៧,៥​តោន​/​ហ​ត មាន​ចំនួន៣,៣១​តោន​/​ហ​ត និង​ជី​លាមក​សត្វ​ចំនួន ១៥​តោន​/​ហ​ត មាន​ចំនួន៣,៣៨​តោន​/​ហ​ត ដោយ​ការកាត់​បន្ថយ​កម្រិត​ជី​អាសូត​ចំនួន​៥០%​។​

ចំណែក​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត (​ជីអ៊ុយរ៉េ​)ដែល​បានដាក់​មាន​កម្រិត​ខ្ពស់​ជាងគេ​នៅក្នុង​បច្ច័យ​ដែល​ប្រើ​ជី​កំ​ប៉ុស្តិ៍​លាមក​សត្វ១៥​តោន​/​ហិកតា គឺ​ចំនួន ៣២%​។​

២. ការពិសោធន៍​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ឱ្យបាន​ខ្ពស់បំផុត និង​ការកែលម្អ​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត​៖ ការពិសោធន៍​នេះ​ត្រូវបាន​អនុវត្ត​នៅក្នុង​ខែសីហា ឆ្នាំ​២០១៨ដោយ​បំបែក​ជី​អាសូត​ជា​បី​ដង គឺ​៖ – ៤០% ដាក់​ទ្រាប់​បាត – ៣០% ដាក់​ក្រោយពេល​ស្ទូង ៣០​ថ្ងៃ និង – ៣០% ដាក់​ក្រោយ ពេល​ស្ទូង ៦០​ថ្ងៃ​។​

ការដាក់​ជី​អាសូត​មាន ៣ កម្រិត​គឺ ៩៨​គ​.​ក្រ​/​ហ​ត ១១៣​គ​.​ក្រ​/​ហ​ត និង១២៧​គ​.​ក្រ​/​ហ​ត​។ លទ្ធផល​បាន​បង្ហាញថា ទិន្នផល​ស្រូវ​ខ្ពស់​ជាងគេ​ក្នុង​បច្ច័យ​ដែល​ដាក់​ជី​អាសូត ៩៨​គ​.​ក្រ​/​ហ​ត គឺ​ចំនួន២,៨៦​តោន​/​ហ​ត ហើយ​មាន​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត​ចំនួន ៤៨%បន្ទាប់មក​គឺ​បច្ច័យ​ដែល​ប្រើ ១១៣​គ​.​ក្រ​/​ហ​ត ទទួលបាន​ទិន្នផល ២,៧៣​តោន​/​ហ​ត​ និង​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត​មាន​ចំនួន ៤៥%​។​

ចំណែក​បច្ច័យ​ដែល​ប្រើ​ជី​អាសូត​ខ្ពស់​ជាងគេ ១២៧​គ​.​ក្រ​/​ហ​ត ផ្តល់​បាន​ទិន្នផល​ត្រឹមតែ ២,៦៣​តោន​/​ហ​ត ជាមួយនឹង​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត​ចំនួន៣៤%​។ បច្ច័យ​ដែល​ដាក់​ជី​អាសូត ១២៧​គ​.​ក្រ​/​ហ​ត បានបង្ហាញ​រោគសញ្ញា​លើស​សារធាតុចិញ្ចឹម​អាសូតដោយមាន​ការ​ដួល​ដើម​ច្រើន​នៅ​ដំណាក់ កាល​ដាក់​ទឹកដោះ​នៃ​វគ្គ​ទុំ​របស់​ដំណាំ​ស្រូវ​។​ នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៩ ការពិសោធន៍​ត្រូវបាន​ធ្វើឡើង​ដោយ​បំបែក​ជី​អាសូត​ជា​ពីរដង​គឺ​៖ – ៦០% ដាក់​ទ្រាប់​បាត និង – ៤០% ទៀត​ដាក់​ក្រោយពេល​ស្ទូង ៥០​ថ្ងៃ​។​

លទ្ធផល​បានបង្ហាញ ថាទិន្នផល​ស្រូវ​ខ្ពស់​ជាងគេ​គឺ​បាន​លើ​បច្ច័យ​ដែល​ប្រើ​ជី​អាសូត​ចំនួន ៨៩​គ​.​ក្រ​/​ហ​ត គឺ​៤,៨១ តោន​/​ហ​ត ជាមួយនឹង​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត​ប្រមាណ ៣១%​។ បច្ច័យ​ដែល​ដាក់​ជី​អាសូត ៦៩​គ​.​ក្រ​/​ហ​ត បានផ្តល់​ទិន្នផល​ចំនួន ៤,៦៥​តោន​/​ហ​ត និង​មាន​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត​ចំនួន ៣២% រីឯ​បច្ច័យ​ដែល​ដាក់​ជី​អាសូត​ចំនួន ៤២​គ​.​ក្រ​/​ហ​ត ទទួលបាន​ទិន្នផល​តែ​ចំនួន ៤,៣៤ តោន​/​ហ​ត ហើយ​មាន​ប្រសិទ្ធ​ភាព​ប្រើ​ជី​អាសូត​ចំនួន ២៥% ចំណែក​បច្ច័យដែល​ដាក់​ជី​អាសូត​ចំនួន ៧៩​គ​.​ក្រ​/​ហ​ត ទទួលបាន​ទិន្នផល​ចំនួន ៤,២៩​តោន​/​ហ​ត ជាមួយនឹង​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត​ប្រមាណ​ជា ៣០%​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ​តាមរយៈ​ការពិសោធន៍​ស្រាវជ្រាវ​កន្លងមក​បាន​ផ្តល់នូវ​ការយល់ដឹង​អំពី​ការគ្រប់គ្រង និង​ប្រើ​ជី​អាសូត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ផលិតកម្ម​ដំណាំ​ស្រូវ​។​ការយល់ដឹង​របស់​ក​សិ​ករ​អំពី​កត្តា​ទាំង នេះ​គឺជា​ជម្រើស​ដ៏​វៃឆ្លាត​មួយ​ក្នុងការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​អាសូត កាត់បន្ថយ​បរិមាណ​ជី និង​បង្កើន​ទិន្នផល​។​

លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​ប្រជាកសិករ​ប្រើ​ជីសរីរាង្គបាច​ក្នុង​ដីស្រែ​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើ​ជី​អាសូត កាត់បន្ថយ​បរិមាណ​ជី​អាសូតនិង​បង្កើន​ទិន្នផល​ដំណាំ​ស្រូវ ។​ត្រូវដាក់​ជី​អាសូត​ចំនួន ៩៨​គ​.​ក្រ​/​ហ​ត​ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្រូវ​ក្រអូប​ផ្ការំដួលឬ​ប្រភេទ​ពូជស្រូវ​កណ្តាល​ដោយសារ​វា​ជួយ​កាត់បន្ថយ​ការ​ដួល​ដើម​ដោយសារ​ការ​លើស​សារធាតុចិញ្ចឹម​អាសូត បង្កើន​ប្រសិទ្ធភាព​ប្រើ​ជី​អាសូត និង​ផ្តល់​ទិន្នផល​ដំណាំ​ខ្ពស់ជាង គេ​។ ព្រោះថា​កម្រិត​ជី​អាសូត​ក៏​អាច​បន្ថយ​រហូតដល់៤២​គ​.​ក្រ​/​ហ​តដោយ​មិន​ធ្វើឱ្យ​ធ្លាក់ចុះ​ទិន្នផល​ខ្លាំង​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​កសិករ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ចំពោះ​ស្រូវកណ្តាល (​ផ្ការំដួល​)ការដាក់​ជី​អាសូត​អាច​បំបែក​ជា​បី​ដង គឺ​ដាក់​ទ្រាប់​បាត៤០% ដាក់៣០% ក្រោយពេល​ស្ទូង ៣០​ថ្ងៃ និង ៣០% ទៀត​ដាក់​ក្រោយពេល​ស្ទូង ៦០​ថ្ងៃ​។​

បន្ថែម​ពីនេះ ត្រូវ​យកចិត្តទុកដាក់​បំផុត​ចំពោះ​ស្ថានភាព​ទឹក​ក្នុង​ស្រែ​ពីព្រោះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅលើ​ប្រសិទ្ធភាព​ប្រើប្រាស់​ជី​អាសូត​របស់​ដំណាំ​ស្រូវ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម