Connect with us

ព័ត៌មានជាតិ

​អង្គការទេសចរណ៍ពិភពលោក ​​​ផ្សព្វផ្សាយ​ពី​ការលើកលែង​ធ្វើចត្តាឡីស័ក​ សម្រាប់អ្នកទេស​ចរ​​វ៉ាក់​សាំង​ម​ក​កម្ពុជា

បានផុស

នៅ

អង្គការទេសចរណ៍ពិភពលោក (UNWTO) បាន​ជួយផ្សព្វផ្សាយអំពីការលើកលែងការធ្វើចត្តាឡីស័ក សម្រាប់​អ្ន​ក​ដំណើរ​​ទាំងអស់ ​​ដែលបាន​ចាក់​វ៉ា​ក់​សាំង​​ពេញ​លេញ ​ហើយតាមរយៈ​ការ​ផ្សព្វផ្សាយនេះ ក្រសួងទេសចរណ៍​ បានបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរអន្តរជាតិ នឹងមកក​ម្សាន្ត​នៅប្រទេសកម្ពុជា​កាន់តែច្រើន។

តាមរយៈអត្ថបទមួយ ដែលមានចំណងជើងថា “Quarantine Waived for Fully-Vaccinated International Arrivals to Cambodia “ អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកដំណើរទាំងអស់ ដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលមកដល់កម្ពុជាតាមច្រកអន្តរជាតិទាំងអស់ (ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក) ឈប់តម្រូវឲ្យធ្វើចត្តាឡីស័ក ទៀតហើយ។

ដើម្បីទទួលបានការលើកលែងនេះ អ្នកដំណើរចាក់វ៉ាក់សាំងទាំងនេះ ត្រូវផ្ដល់៖ ទី១, វិញ្ញាបនបត្រចាក់វ៉ាក់សាំងពេញ លេញ​ ទី២, វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់លទ្ធផលធ្វើតេស្ត PCR អវិជ្ជមាន រយៈពេល៧២ម៉ោង។

វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ខាងលើ ត្រូវចេញ និងទទួលស្គាល់​​​ដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសកំណើតរបស់ពួកគេ។ លើសពីនេះ អ្នកធ្វើដំណើរ​នឹងត្រូវធ្វើតេស្តរហ័ស​ COVID-19 ហើយរង់ចាំពី១៥ ទៅ២០ នាទីសម្រាប់លទ្ធផល។ ប្រសិនបើលទ្ធផលបញ្ជាក់ថា អវិជ្ជមាន អ្នកធ្វើដំណើរនឹងអាចធ្វើដំណើរទូទាំងប្រទេសបាន។

ចំណែកជនបរទេស ​ដែលមិនបានចាក់វ៉ាក់សាំង​ នឹងនៅតែតម្រូវឲ្យដាក់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ បន្ទាប់ពីធ្វើតេស្ត PCR កូវីដ-១៩​។ ទន្ទឹមនឹងនេះ អ្នកដែលកំពុងដាក់ ឲ្យនៅដាច់ដោយឡែកពីគេនៅកម្ពុជា នឹងត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការដាក់ នៅដាច់ដោយឡែកពីគេនៅថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងលក្ខខណ្ឌថា ពួកគេមិនបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩។

គួររំលឹកថា ប្រទេសកម្ពុជា​ បានចាក់វ៉ាក់សាំងទាំងស្រុងជិត ៨៨ភាគរយ​ នៃចំនួនប្រជាជនទាំងមូល​ ខណៈដែលការចាក់វ៉ាក់សាំងសម្រាប់ដូសជំរុញ និងការចាក់វ៉ាក់សាំង​សម្រាប់កុមារអាយុ ​៥ឆ្នាំ ​កំពុងបន្ត។​​

លោក ថោង ខុន ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការជួយផ្សព្វផ្សាយបន្ថែម របស់​អង្គការទេសចរណ៍ពិភពលោក (UNWTO) នេះ ​ភ្ញៀវទេសចរអន្តរជាតិ នឹងមកកម្សាន្តនៅប្រទេសកម្ពុជា ​កាន់ច្រើន​៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម