បុណ្យអុំទូក ៣ថ្ងៃ មានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ៩០ម៉ឺននាក់ កើនឡើង ៥៤.៣៤%
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុណ្យអុំទូក ៣ថ្ងៃ មានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ៩០ម៉ឺននាក់ កើនឡើង ៥៤.៣៤%

បានផុស

នៅ

រយៈពល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ ២០២១ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរលេងកម្សាន្តនៅទូទាំងប្រទេសចំនួន ៩១០,១៥០នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០,២៨១នាក់ មានការកើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមគោលដៅទេស​ចរណ៍​សំខាន់ៗ រយៈពេល ៣ថ្ងៃនេះ រួមមាន៖ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺមានចំនួន ១៩៩,៨៣៥នាក់ បន្ទាប់មកខេត្តសៀមរាប ១១៨,១៤៦នាក់ ខេត្តព្រះសីហនុ ១១១,៣២២នាក់ ខេត្តកំពត ៨៣,៤៦៦នាក់ ខេត្តកែប ៧៥,៨៦៥នាក់ ខេត្តពោធិ៍សាត់ ៥៣,៨០៧នាក់ ខេត្តបាត់ដំបង ៣៨,៦៦៧នាក់ ខេត្តកំពង់ស្ពឺ ៣៧,៤៦៥នាក់ ខេត្តមណ្ឌលគិរី ៣២,៩៥៧ នាក់ ខេត្តកណ្តាល ២៧,២៨០នាក់ និង ខេត្តរតនគិរី ២៤,៥៩៦នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចររយៈពេល ៣ថ្ងៃនេះ មានការកើនឡើង​លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខខាងលើមានការកើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០២០ ហើយ បើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ ៣ថ្ងៃដូចគ្នា នាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦.៩២%។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារ នៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការៀបចំជាក្ចុស (ដូចជាតាមបណ្តោយ មាត់ទន្លេនៅព្រែកលាប បាក់ខែងជាដើម)។

លោករដ្ឋមន្ត្រី បានបន្តថា ចរន្តភ្ញៀវដ៏ច្រើនក្នុងរយៈពេល ៣ថ្ងៃនេះ គឺបានមកពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញនូវគោលដៅដែលមានការរៀបចំបានល្អ ក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុ ដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពបានស្រស់បំព្រងទាក់ទាញបានមកវិញនូវកំណើនភ្ញៀវទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

ម្យ៉ាងវិញទៀត ទោះបីពុំមានការរៀបចំការប្រណាំងទូកថា្នក់ជាតិ ប៉ុន្តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចេញដើរកម្សាន្តយ៉ាងច្រើនកុះករ នៅមុខព្រះបរមរាជវាំង តាមសួនច្បារបណ្តោយទន្លេចតុមុខ តំបន់កោះពេជ្រ វិមានឈ្នះ-ឈ្នះ ស្របពេលដែលបណ្តាខេត្តមួយចំនួន ក៏បានរៀបចំការប្រណាំងទូក និងអុំទូកកម្សាន្ត ដូចជានៅខេត្តកណ្តាល ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ស្ពឺជាដើម។ទន្ទឹមនឹងនេះ នៅតាមបណ្តាវត្តអារាម និងរមណីយដ្ឋានមួយចំនួនក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ ដើម្បីរក្សាទំនៀមទម្លាប់ និងទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះឥរិយាបថភ្ញៀវទេសចរ ក៏មានប្រែប្រួលខ្លះដែរ ធៀបនឹងពេលកន្លងមក ដោយក្នុងនោះពួកគាត់មួយចំនួន បានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់ នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗ មានកម្រិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់ នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមក ពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាងចូលទទួល​ទានផ្ទាល់នៅក្នុងហាង។

ចំណែករដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការ ក៏ទទួលបាន ការចាក់វ៉ាក់សាំងពេញលេញផងដែរ ខណៈគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ច ពិតជាបានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរ មានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត។

គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរ ធ្វើដំណើរកំសាន្តមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវសរុបចំនួន ១៣២,០១៣នាក់  ថ្ងៃទី ២ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥% ធៀបនឹងថ្ងៃទី១និងថ្ងៃទី ៣មានភ្ញៀវសរុបចំនួន៤៤៥,២៦២​នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង ២៣៧.២៨%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services