Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់

បានផុស

នៅ

ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គិតចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ មានអ្នកទេសចរជាតិ និងបរទេសទៅលេងកម្សាន្ត នៅរមណីយដ្ឋាននានា នៅខេត្តកែបចំនួន ៧៥,៨៦៨នាក់ និងភ្ញៀវបរទេសចំនួន ៦៦៧នាក់។ នេះជាតួលេខសរុប ដែលទទួលបានពីរដ្ឋបាលខេត្តកែប កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១។

របាយការណ៍ បានបញ្ជាក់ដែរ ថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ តាមបណ្តាភូមិសាស្ត្រខេត្តកែប ពិតជាមានស្ថានភាពល្អ ដោយអាជ្ញាធរនិងសមត្ថកិច្ច បានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានល្អប្រសើរ គ្មានករណីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។

សូមជម្រាបថា បើទោះជាក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះ មានអ្នកទេសចរ ធ្វើដំណើរតាមរថយន្តចូលមកកាន់ខេត្តកែប មានចំនួន ៩,១៣៩គ្រឿង ដែលជាតួលេខកើនឡើងជាងឆ្នាំមុន ប៉ុន្តែតម្លៃភាស៊ីចំណតរថយន្ត មិនមានការឡើងថ្លៃនោះទេ។

ជាមួយគ្នានេះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ គេឃើញវត្តមានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាវត្តមានលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ​ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមដងផ្លូវ គ្រប់ភូមិសាស្ត្រខេត្ត ពិសេសការរៀបចំសណ្តាប់ធ្នាប់នៅតាមមាត់ឆ្នេរ ចាប់ពីផ្សារក្តាម រហូតដល់ឆ្នេរលេងទឹក ដែលលទ្ធផលកិច្ចប្រតិបត្តិការនេះ ធ្វើឲ្យភូមិសាស្ត្រខេត្តកែបទាំងមូល មានលក្ខណៈល្អប្រសើរ គឺគ្មានបទល្មើសកើតឡើង គួរឲ្យកត់សម្គាល់នោះឡើយ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម