Connect with us

ព័ត៌មានជាតិ

ស្ពាន​កាត់ទន្លេ​តម្លៃ​ជាង ៥៦ លានដុល្លារ​ បើក​សម្ពោធនៅថ្ងៃស្អែកនេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន (H.E Mr.Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” និង“ពិធីបើកការដ្ឋាន​សាង​សង់​ផ្លូវជាតិលេខ៧១C”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងឲ្យដឹងនៅក្នុងសុន្ទរកថាព្រាងទុកថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ត្រើយ​ខាងលិចស្ថិតលើផ្លូវខេត្តលេខ​ ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តួស្ពានសុទ្ធសាធមានប្រវែង១.១៣១ម៉ែត្រ ទទឹង១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២ គន្លង ផ្លូវម៉ូតូចំនួន ២គន្លងផ្លូវថ្មើរជើងចំនួន២គន្លងសម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពានតភ្ជាប់ទៅផ្លូវ ជាតិ​លេខ​៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាននិងផ្លូវតភ្ជាប់មានប្រវែងសរុប ៩.៤៥៤ ម៉ែត្របានបើកការដ្ឋាន​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេស​ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាមេរិក។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងទៀតថា ចំពោះគម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប​១១៤,៦២គ.ម​ ចាប់ផ្តើមពីគីឡូម៉ែត្រ លេខ ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០០ ផ្លូវជាតិលេខ ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម​។

គម្រោងសាងសង់នេះរួមមាន ផ្លូវមេប្រវែង ៩២,៤៤៦ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង AC កម្រាស់ ៧​សង់ទីម៉ែត្រ​ មានកន្លែងសម្រាប់បត់ត្រឡប់ ២ កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុងAC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវខ្នែង ចំនួន៩ខ្សែ ប្រវែង ៦,៣៥៣ គ.ម ទទឹងតួផ្លូវ៩ម៉ែត្រក្រាលកៅស៊ូ​DBST, ស្ពានចំនួន១១កន្លែង ប្រវែង ៨៧៥មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន២០២កន្លែង ដែលនឹងប្រើប្រាស់រយៈ ពេល​សាងសង់ចំនួន ៤២ ខែដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លានដុល្លារអាមេរិក។

អត្ថបទ៖​ ណារី


 
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម