Connect with us

ព័ត៌មានជាតិ

កម្ពុជាចាប់ផ្តើមចាក់បញ្ចាំងភាពយន្តនៃព្រឹត្តិការណ៍មហោស្រពវប្បធម៌អាស៊ីអឺរ៉ុបឆ្នាំ២០២១

បានផុស

នៅ

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​សហការ​ជាមួយ​សហភាព​អឺរ៉ុប មូលនិធិ​អាស៊ី​អឺរ៉ុប (ASEF) គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​ បានចាប់ផ្តើម​ចាក់​បញ្ចាំង​ភាពយន្ត​នៃ​ព្រឹត្តិការណ៍​មហោស្រព​វប្ប​ធម៌អាស៊ី​អឺរ៉ុប ​ឆ្នាំ​២០២១​ នៅ​ថ្ងៃទី​២២ ​ខែវិច្ឆិកា ​ឆ្នាំ​២០២១​ នៅ​រោងភាពយន្ត​មេ​ជើ​ស៊ី​ណេ​ភ្លិច សាខា​អេ​អន​១ ​ក្រោម​អធិបតីភាព​លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុក បូ​រក្ស​ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​ បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ថា​ពិធី​បើក​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​នៃ​មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប ឆ្នាំ​២០២១ ក្រោម​ប្រធានបទ អាស៊ី​-​អឺរ៉ុប​៖ ចំណង​វប្បធម៌ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជាដែល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ បន្ទាប់ពី​ត្រូវបាន​ពន្យា​ពេល​ជាច្រើនលើក​ច្រើនសារ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

លោក​បាន​បន្តថា​ គោលបំណង​សំខាន់​នៃ​ការរៀបចំ​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត​នាពេលនេះ ដែលជា​ព្រឹត្តិការណ៍​អម​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ គឺ​ដើម្បី​ចូលរួម​លើកស្ទួយ​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​រវាង​ប្រជាជន និង​ប្រជាជ​នៃ​ទ្វីប​ទាំង​២ អាស៊ី និង​អឺរ៉ុប ពិសេស​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមកក្នុង​ជីវភាព​រស់នៅ ប្រពៃណី​ទំនៀម​ទំលាប់ និង​ភាព​ចម្រុះ​នៃ​វប្បធម៌​អាស៊ី និង​អឺរ៉ុប​។​

លោក​បាន​បន្តថា ភាពយន្ត​ចំនួន៤​បានដាក់​ស្នើសុំ​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​នេះ ក្នុងនោះ​រួមមាន​ភាពយន្ត ១. ភាពយន្ត​រឿង ទ្វាររបង (The Gate) ផលិត​ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កិច្ចសហការ​ផលិត​រវាង កម្ពុជា បារាំង និង​ប៊ែ​ល​ហ្សិ​ក​។​ ភាពយន្ត​នេះ​ដឹកនាំ​រឿង​ដោយ លោក Régis Wargnier ជនជាតិ​បារាំង​។ ២.ភាពយន្ត​រឿង កង្វះ​រូបភាព (Missing the Picture) ផលិត​ក្នុង​ឆ្នាំ​២០១៣ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហការ​ផលិត​រវាង កម្ពុជា និង​បារាំង ។ រឿង​កង្វះ​រូបភាព ដឹកនាំ​រឿង​ដោយ លោក ប៉ាន់ រិទ្ធី ជា​ផលិតករ​ជនជាតិខ្មែរ ហើយ​ស្នាដៃ​ភាពយន្ត​រឿង​កង្វះ​រូបភាព​នេះទទួលបាន​ពានរង្វាន់​ពី​មហា​ស្រព​ភាពយន្ត​អន្តរជាតិ​ជាច្រើន ក្នុងនោះ​ពានរង្វាន់ UnCertain regard Prize ក្នុង​មហោស្រព​ភាពយន្ត​កាន ឆ្នាំ​២០១៣​។ ៣.ភាពយន្ត​រឿង ទា​ហ៊ាន​ស្បែ​កស (White Soldier) ផលិត​ក្នុង​ឆ្នាំ​២០១៥ ដោយ​ប្រើប្រាស់​ទីតាំង​ថត​នៅ​កម្ពុជា ជំនួស​ប្រទេស​វៀតណាម​។ ភាពយន្ត​នេះដឹកនាំ​រឿង​ដោយ​លោក Érick Zonca ជនជាតិ​បារាំង​។ ភាពយន្ត​រឿង ទា​ហ៊ាន​ស្បែ​កស ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ជា ​ភាពយន្ត​ទូរទស្សន៍ ឬ​រឿង​ភាគ​ល្អ​បំផុត​ក្នុង​កម្មវិធី​ពានរង្វាន់ International Emmy Awards​។ ៤.ភាពយន្ត​រឿង ដុំ​ហ្វីល​ចុងក្រោយ (The Last Reels) ផលិត​ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផលិតកម្ម​ហនុមាន ដឹកនាំ​រឿង​ដោយលោកស្រី សុទ្ធោ កូ​លីកា និង​និពន្ធ​ដោយ​លោក Ian Master ជនជាតិ​អង់គ្លេស​។ ភាពយន្ត​រឿង ដុំ​ហ្វីល​ចុងក្រោយ​ទទួលបាន​ពានរង្វាន់ «Spirit of Asia Award»​ ដែល​ជា​រង្វាន់​ពិសេស​ពី​មូលនិធិ​ជប៉ុន​នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​តូ​ក្យូ​ឆ្នាំ​២០១៤​។​

លោក​បាន​បន្តទៀតថា​ នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​វប្បធម៌​អាស៊ី​អឺរ៉ុប​នេះដែរ ភាពយន្ត​កម្ពុ​ជាមួយ​ចំណងជើង​ទៀត គឺ​រឿង ប៊ូ​ឌី​ញ​ស (White Building) ក៏បាន​ធ្វើ​ការចាក់​បញ្ចាំ​ង​នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​លស​ហ្សិ​ក ក្នុង​កម្មវិធីCurtain Raiser កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​ផងដែរ​។ ​ភាពយន្ត​រឿង​ប៊ូ​ឌី​ញ​ស ដែល​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​លោក នាង កា​វិច ផលិត​ក្នុង​ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​កម្ពុជា ទទួលបាន​ពានរង្វាន់​តួ​សម្តែង​បុរស​ឆ្នើម ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុងVenice ប្រទេស​អ៊ីតាលី កាលពីពេល​ថ្មីៗ​នេះ​។​

លោក​បាន​បញ្ជាក់ថា ​សម្រាប់​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត​ទាំង​៤ចំណងជើង​ខាងលើ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​រោងភាពយន្ត​មេ​ជើ​ស៊ី​ណេ​ភ្លិច សាខា​អេ​អន​១ ។​

លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​នៃ​មហោស្រព​វប្បធម៌​អាស៊ី​-អឺរ៉ុប​ថា មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប ឆ្នាំ​២០២១ ដែលមាន​រយៈពេល​៥​ថ្ងៃពីថ្ងៃ​ទី​២២-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​មាន​ភាព​ចម្រុះ​នៃ​វប្បធម៌​អាស៊ី​និង​អឺរ៉ុប​ជាមួយនឹង​ការ​សម្តែង​សិល្បៈ​ទស្សនីយ​ភាព​ច្រើន​ទម្រង់​, ការតាំងពិព័រណ៍​, ការចាក់​បញ្ចាំង​ខ្សែភាពយន្ត និង​កិច្ចពិភាក្សា​ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ការចែករំលែក​បទពិសោធ​ន៍និង​ការយល់ដឹង​អំពី​ភាព​ផ្សេងៗ​គ្នា​នៃ​វប្បធម៌ដែល​នាំមក​នូវ​សុខដុមភាព ការអភិវឌ្ឍនិង​កិច្ចសន្ទនា​កាន់តែ​ប្រសើរឡើង​រវាង​ទ្វីប​ទាំងពីរ​។​

លោក​បាន​បន្តទៀតថា ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​បន្ត​រាតត្បាត​នៅលើ​សកល​លោក​ទាំងមូលមហោស្រព​វប្បធម៌​ឆ្នាំនេះ​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អន​ឡាញ​ផង និង​កម្មវិធី​មួយចំនួន​ធ្វើ​ដោយ​ផ្ទាល់​ផង​។ មាន​ព្រឹត្តិការណ៍​វប្បធម៌​ជាង​៣០ចូលរួម​ដោយ​សិល្បករ​អាស៊ី និង​អឺរ៉ុប​ជាង​១០០​នាក់​ នឹងត្រូវ​បង្ហាញជូន​ជាមួយនឹង​ភាព​ចម្រុះ​នៃ​វប្បធម៌​ដ៏​សម្បូរបែប និង​កិច្ចសហការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​រវាង​អាស៊ី និង​អឺរ៉ុប តាមរយៈ​ល្ខោន របាំតន្ត្រី សិល្បៈ​ទស្សនីយភាព សិល្បៈ​សូន​រូប និង​បទ​បង្ហាញ​ជាច្រើន​ទៀត​។​

ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មានកម្ម​វិធី​វប្បធម៌​ចំនួន​ពីរដែល​រៀបចំ​ដោយផ្ទាល់​គឺ​៖ ការ​តាំងពិព័រណ៍​វប្បធម៌​នៅ​សារមន្ទីរ​ជាតិ ពីថ្ងៃ​ទី​២២ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ និង​ការ​បញ្ចាំង​ខ្សែភាពយន្ត​នៅ​រោង​ភាពយន្តMajor Cineplex សាខា AEON1 ចំនួន​៣​ថ្ងៃ​គឺ ថ្ងៃទី​២២, ២៤ និង​២៦ខែវិច្ឆិកា​នេះ​។​

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អន្តររដ្ឋាភិបាលដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ដើម្បី​លើកកម្ពស់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ី និង​អឺរ៉ុប​។ បច្ចុប្បន្ន​មាន​ប្រទេស​ដៃគូ​ចំនួន​៥១ដែល​ក្នុងនោះ​មាន ៣០​ប្រទេស ក្នុង​ទ្វីបអឺរ៉ុប និង​២១​ប្រទេស​ក្នុង​ទ្វីបអាស៊ីរួមជាមួយ​នឹង​សហភាព​អឺរ៉ុប និង​លេខាធិការ​ដ្ឋាន​អាស៊ានដែល​បង្កើតបានជា​ដៃគូ​សរុប​ចំនួន ៥៣​។​

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣នៅ​ថ្ងៃទី​២៥​និង​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២១​ខាងមុខនេះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម