ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មត្រូវតាមដានសុខភាពបុគ្គលិករបស់ខ្លួនរាល់ថ្ងៃជារៀងរាល់ថ្ងៃ យ៉ាងតិច៣ដង ក្នុង១ថ្ងៃដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ចូលសហគមន៍។
យោងតាមសេចក្តីណែនាំស្តីពីពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែមនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មចុះថ្ងៃទី៤ធ្នូនេះលោកសាស្ត្រាចារ្យ ម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់អាជីវករផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗត្រូវឲ្យបុគ្គលិកបម្រើការងារទាំងអស់ត្រូវពាក់ម៉ាស និងរបាំងមុខការពារឱ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។ចំណែកអតិថិជនទាំងអស់ត្រូវពាក់ម៉ាស់វេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ ឱ្យបានត្រឹមត្រូវ និងជាប់ជានិច្ចទាំងអស់គ្នាផងដែរ។
ជាងនេះទៀតផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មត្រូវបំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃ នៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាងដៃជាញឹកជាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។
រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១.៥ម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ហើយការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀបទម្លាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាការចាប់ដៃគ្នា។
ក្រសួងបានណែនាំទៀតថា ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ ឲ្យបានឆាប់ជូនដល់អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ រាល់ពេលសង្កេតឃើញមានករណីសង្ស័យចូលក្នុងនិយមន័យ នៃជំងឺកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕
ដោយ ៖ សំអឿន