Connect with us

ព័ត៌មានជាតិ

៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក ទាំង​ការគ្រប់គ្រង​សំអាត​ដឹកជញ្ជូន​សំរាម​និង​ការ​រក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ មាន​លក្ខណៈ​ល្អ​ប្រសើរ​

បានផុស

នៅ

ភ្នំពេញ ៖ ៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០២១ នេះ ទាំង​ការគ្រប់គ្រង​សំអាត​ដឹកជញ្ជូន​សំរាម​និង​ការរក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្ដា​ឆ្នាំមុនៗ ហើយ​អ្នក​ទៅ​ដើរលេង​កម្សាន្ត​នៅក្នុង​ពិធី​នេះ​ក៏​មាន​ចំនួន​រាប់ម៉ឺន​នាក់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​ជា​អ្នកដឹកនាំ​ដឹកនាំ​លើ​ប្រតិបត្តិការ​លើ​ប្រមូល​និង​ដឹកជញ្ជូន​សំរាម នៅក្នុង​ព្រះរាជ​ពិធី​អុំទូក​នេះ​ផងដែរ​នោះ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២២​ខែវិច្ឆិកា​នេះ​ថា សម្រាប់​៤​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ពោល​គឺ​ចាប់ពី​ថ្ងៃទី​១៨​រហូតដល់​ថ្ងៃទី​២១​ខែវិច្ឆិកា​នេះ ក្រុមការងារ​របស់​ម​ន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ឯកជន បានធ្វើការ​ប្រមូល​សំរាម​បាន​យ៉ាង​ល្អ​ប្រសើរ ទៅតាម​ការណែនាំ​របស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

លោក​សំ សាមុត ​បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានដាក់​វេន​គ្នា​ដើម្បី​ប្រមូល សំអាត​និង​ដឹកជញ្ជូន​សំរាម​ចេញពី​កន្លែង​ប្រារព្ធ​ពិធី ជាប្រចាំ​ក្នុង​រយៈពេល​៤​ថ្ងៃនេះ ដោយ​អនុវត្ត​ការងារ​រាល់ថ្ងៃ ចាប់ពី​ម៉ោង​២​និង​០០​នាទី​ទៀបភ្លឺ​រហូត​ទៅដល់​ម៉ោង​៧​ព្រឹក គឺ​សំរាម​ត្រូវតែ​ស្អាត​នៅ​តាម​ទីតាំង​សំខាន់ៗ ក៏ដូចជា​នៅតាម​ទីសាធារណៈ​នានា​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​នេះ ដូចជា​ចាប់ពី​វត្តភ្នំ​រហូត​ទៅដល់​វិមានឯករាជ្យ មុខ​វត្ត​បទុម សួនច្បារ​សម្ដេច​តេ​ជោ ទីស្ដីការគណៈរដ្ឋមន្ត្រី​និង​នៅ​DN ក្រសួងការពារជាតិ​ជាដើម។

លោក​បញ្ជាក់​ថា ក្រុមការងារ​របស់​ម​ន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ការងារ​ដោយ​លោក​ផ្ទាល់ បាន​អនុវត្ត​ការងារ​ដោយ​ការ​ប្ដូរ​វេន​គ្នា​២៥០​នាក់​ក្នុង​មួយថ្ងៃ​។ ដោយឡែក​ក្រុមហ៊ុន​ឯកជន​បាន​ប្រើប្រាស់​កម្លាំង​ប្រមាណ​៦០​នាក់​ក្នុង​មួយថ្ងៃ​ផងដែរ ដោយ​ប្រមូល​សំរាម​នៅ​ត្រើយ​ខាងកើត​ទន្លេ។ ការ​សហការ​គ្នា​ល្អ​នេះហើយ ទើប​ព្រឹត្តិការណ៍​នៃ​ការ​បុណ្យអុំទូក​ឆ្នាំនេះ ការប្រមូល​និង​ការ​សំអាត​សំរាម​នៅ​ទីកន្លែង​សាធារណៈ ដូចជា​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ឃើញថា បានល្អ​ប្រសើរ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ផង​ដែរ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០២១ នេះ យើង​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មានការ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​បាន​យ៉ាង​ល្អ ដែល​ជា​សញ្ញាណ​វិជ្ជមាន​នៃ​ការបើក​សេដ្ឋកិច្ចជាតិ​ឡើងវិញ ហើយ​នេះ​បានបង្ហាញ​កាន់តែច្បាស់​នូវ​ភាពជោគជ័យ​របស់​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យកឈ្នះ​ជំងឺ​រាតត្បាត​ជា​សកល​កូ​វីដ​-១៩​។

មូលដ្ឋាន​នៃ​ភាព​ជោគជ័យ​នេះ គឺ​ការ​សាមគ្គីភាព​ដ៏​រឹងមាំ​របស់​ប្រជាជន​គ្រប់រូប បាន​ជឿជាក់​អនុវត្តតាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​មគ្គទេសក៍​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​យើង​។

មន្ត្រី​ដដែល​បាន​ទៀត​បញ្ជាក់​ថា ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នេះ សម្រាប់​រាជធានី​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ដើរ​លែង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​ថ្ងៃទី​១ មាន​ប្រមាណ​៥​ម៉ឺន​នាក់ ថ្ងៃ​ទី​២ ប្រមាណ​៧​ម៉ឺន​នាក់​និង​ថ្ងៃទី​៣​ប្រមាណ​៥​ម៉ឺន​នាក់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម