នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

Published

on

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ នេះ​បាន​ចេញ​បញ្ជា​ដាច់ខាត ឲ្យ​ក្រសួងសុខាភិបាល​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩ ដូចជា​អ្នក​កំពុង​ធ្វើ ច​ត្តា​ឡី​ស័ក និង​អ្នកមាន​វិជ្ជមាន covid-19 ជាដើម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅក្នុង​សហគមន៍​។

សម្តេច​តេ​ជោ​លើក​ឡើង​ថា ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា មកដល់ពេលនេះ​នៅ​មិនទាន់​មាន​ពន្លឺ ដែល​បញ្ជាក់ថា ឆ្លង​ចេញ​មកពី​ប្រភព​ណា​នៅឡើយ​ទេ​។ ពិតណាស់​ថា ក្រុម​អ្នកបច្ចេកទេស​បានបញ្ជាក់​ច្បាស់​ថា ព្រឹត្តិការណ៍​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​ថ្ងៃទី​០៣ វិច្ឆិកា នោះទេ ប៉ុន្តែ​ភាព​ងងឹត​នៅតែ​បន្ត ដូច្នេះហើយ​មានការ​ចាំបាច់ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​រូបថត ដូចជា​ឈ្មោះ ទីលំនៅ អាសយដ្ឋាន ជាដើម ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​ចេញ​បង្ហាញខ្លួន​ហើយ​យក​សំណាក់​ភ្លាមៗ បើ​មិន​ដូច្នេះ​ទេសភាព​ការណ៍​និង​ពិបាក​ស្រោចស្រង់​។

បើ​តាម​សម្ដេច​តេ​ជោ​ហ៊ុនសែន​នៅថ្ងៃនេះ​បាន​រក​ឃើញ​ចំនួន​៦ នាក់​ថ្មី​ទៀត ដែល​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​។ មានន័យថា ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមគ្រួសារ​លោក ឆែម សាវុធ។ សម្រេច​បន្ត​ថា ការ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​នេះ​ពិតណាស់​ថា នឹង​មាន​ការលើកឡើង​អំពី​សិទ្ធិ​បុគ្គល ប៉ុន្តែ​កន្លងមក​ក៏​ធ្លាប់បាន​ផ្សព្វផ្សាយ​អត្តសញ្ញាណ​រួចហើយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩​នេះ​។ ដូច្នេះ​ក្រសួងសុខាភិបាល​ក៏​ត្រូវតែ​ផ្សព្វផ្សាយ​ដោយផ្ទាល់ ដើម្បី​ឲ្យ​សារ ព័ត៌មាន​វិជ្ជាជីវៈ​យកទៅ​ផ្សាយ​បន្ត ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​យក​ទៅ​ធ្វើការ​ផ្ទៀងផ្ទាត់​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា អ្នក​ដែល​ពាក់ព័ន្ធ​គឺ​ត្រូវតែ​មក​បង្ហាញខ្លួន​ដើម្បី​យក​សំណាក​និង​ធ្វើ​ចិ​ត្តា​ឡី​ស័ក​ដើម្បី​ចៀសវាង​ការរីក​រាលដាល​បន្ត។

សម្តេច​បន្ត​ថា ​ដំណាក់កាល​នេះ​ត្រូវតែ​ស្វែងរក​ឲ្យ​បាន​នូវ​សិទ្ធិ​រស់រាន​មានជីវិត ដែល​មិនមែន​ជា​លាក់លៀម នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​នៅក្នុង​សង្គម​នោះទេ​។

បញ្ហា​ទី​២ សម្ដេច​បាន​លើក​ឡើង​ថា កន្លងមក​យើង​មានការ​ធ្វើ​ចិត្ត​តែ​សាក់​រាគ​ពេល​១៤ ថ្ងៃ​ត្រឹមត្រូវ​សម្រាប់​ក្រុម​អ្នក​ធុរកិច្ច និង​អ្នកបច្ចេកទេស​ផ្សេងៗ ដែល​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រោយមក​មានការ​បន្ធូរបន្ថយ​ឲ្យ​រង់ចាំ​ត្រឹមតែ​២ ថ្ងៃ​ប៉ុណ្ណោះ ដែល​ការធ្វើ​នេះ ដើម្បី​ឲ្យ​ដំណើរ ការ​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង ប៉ុន្តែ​ប្រសិនបើ​ទុក​ឲ្យ​បន្ត​បែបនេះ​តទៅទៀត​ហានិភ័យ​នឹង​កើតឡើង ដូច្នេះ​សម្ដេច​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន មិន​ឲ្យ​មានការ​ធ្វើ ច​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី​នេះ សម្រាប់​អ្នក​ធុរកិច្ច អ្នកបច្ចេកទេស​ផ្សេងៗ​តទៅទៀត​នោះទេ​។ តែ​ទុក​រយៈពេល​៧​ថ្ងៃ ដើម្បី​ឲ្យ​ក្រុមហ៊ុន ដើម្បី​មានឱកាស​ជូនដំណឹង​ទៅ​បុគ្គលិក​របស់ខ្លួន​។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​មានការ​យល់​ពី​សំណាក់​ក្រុមហ៊ុន ដែល​កំពុង​ចូលមក​ធ្វើ​វិនិយោគ ក៏ដូចជា​រកស៊ី​នៅ​ប្រទេស​កម្ពុជា ឬ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ដែល​ត្រូវការ​អ្នកបច្ចេកទេស​ពី​ខាងក្រៅ​។

បើតាម​សម្ដេច​តេ​ជោ​ហ៊ុនសែន​ព្រឹត្តិការណ៍ ថ្ងៃ​២៨ ខែវិច្ឆិកា កន្លងទៅនេះ តាម​ការប៉ាន់ស្មាន​រប​ស់​អ្នកបច្ចេកទេស​ក៏ដូចជា​សម្ដេច​ផ្ទាល់ អាច​ផ្ដើមឡើង​ដោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក មិន​គ្រប់គ្រាន់​សម្រាប់​ជនបរទេស​មួយចំនួន ដែល​អាចមាន​ទំនាក់ទំនង​ជាមួយ​លោក ឆែម សាវុធ និង​ក្រុមគ្រួសារ​លោក ឆែម សាវុធ ដែល​ពេលនេះ​កំពុងតែធ្វើការ​ផ្ទៀងផ្ទាត់​។ ជាមួយគ្នា​នោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំង​ជាង​២០​នាក់ ឆ្លើយ​ឲ្យ​ស្មោះត្រង់ ពីព្រោះ​ពេលនេះ​ចាំបាច់​ត្រូវតែមាន​ការបំភ្លឺ​ឲ្យ​បានច្បាស់លាស់​ពី​អ្នកពាក់ព័ន្ធ​ទាំងនោះ ដោយ​មិនអាច​យក​វិធី​ចង់​ឆ្លើយ​ក៏​ឆ្លើយ​មិន​ចង់​ឆ្លើយ​ក៏បាន ដូច្នេះ​មិនអាច​ធ្វើបែបនេះ​តទៅទៀត​បានទេ​។ ពីព្រោះ​នេះ​ជា​រឿង​សំខាន់​ដែល​ត្រូវ​ផ្ដាច់​ឬ​សគល់​ក្នុង​ការរីក​រាលដាល​ទៅកាន់​សហគមន៍​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច ពិនិត្យមើល​តំបន់ ដែលមាន​ធ្វើ​ចត្តា​ឡី​ស័ក ដើម្បី​កុំ​ឲ្យ​មានការ​ចេញចូល​រហេតរហូត​៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម