Connect with us

ព័ត៌មានជាតិ

កម្ពុជាបើកពិព័រណ៍សិល្បៈនៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១រយៈពេល៤០ថ្ងៃ​

បានផុស

នៅ

ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ​ បាន​បើក​ពិព័រណ៍​សិល្បៈ​នៃ​មហោស្រព​វប្បធម៌​អាស៊ី​និង​អឺរ៉ុប​២០២១ នៅ​សារមន្ទីរ​ជាតិ ដើម្បី​ចូលរួម​អបអរ​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​១៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​២៥​និង​២៦​វិច្ឆិកា​ខាងមុខ​។​

ពិព័រណ៍​សិល្បៈ​នៃ​មហោស្រព​វប្បធម៌​អាស៊ី​និង​អឺរ៉ុប​២០២១នេះ ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២២ ​ខែវិច្ឆិកា​ឆ្នាំ២០២១​ ក្រោម​អធិបតីភាព​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ដែល​ពិព័រណ៍​នេះ​ដាក់តាំង​បង្ហាញជូន​ទស្សនា​ចាប់ពី​ថ្ងៃទី​២២ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នាដៃ​សិល្បៈ​ដែល​តាំងនៅ​ក្នុង​ពិព័រណ៍​នេះ​រួមមាន ស្នាដៃ​ចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូ​ខ្លីៗ ដែល​ឆ្លុះបញ្ចាំង​ពីបទ​ពិសោធន៍ នៃ​ការធ្វើដំណើរ​ឆ្លង​ទ្វីប ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ និង​ឥទ្ធិពល​គំនិត របស់​សិល្បករ​មកពី​ទ្វីប​ទាំងពីរ ជាពិសេស​សាមគ្គីភាព និង​ចំណងមិត្តភាព​លើ​វិស័យ​វប្បធម៌ នៃ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី និង​អឺរ៉ុប​។​

លោក ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ការរៀបចំ​ពិព័រណ៍​ផ្ទាល់​នេះ មានការចូលរួម​ពី​សិល្បករ​ចំនួន​៣៧​រូប​មកពី​ទ្វីបអាស៊ី​ និង​អឺរ៉ុប ដែល​បាន​នាំយក​ស្នាដៃ​មក​បង្ហាញ​តាមរយៈ​ប្រធានបទ​ធំៗ​ចំនួន​៦​ ដែល​ស្នាដៃ​សិល្បៈទាំងអស់នេះ ជា​ស្នាដៃ​ចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូដែល​ឆ្លុះ​បង្ហាញ​បទ​ពិ​សោធន៍​នៃ​ការធ្វើដំណើរ​ឆ្លង​ទ្វីប ស្ថានភាព​រស់នៅ​ប្រចាំ និង​ការ​ចូល​ឥទ្ធិពល​គំនិត​រវាង​សិល្បករ​នៃ​ទ្វីប​ទាំងពីរ​។​ល​។​

លោក ឆាយ វិសុទ្ធ​ បន្តថា ការជ្រើសរើស​ទីតាំង​សារមន្ទីរ​ជាតិ​នេះ​ពិតជា​ស័ក្ដិសម​ណាស់ សម្រាប់​ការរៀប​ចំព្រឹត្តិការណ៍​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​នេះ ព្រោះ​វា​ជាទី​តាំង​អនុស្សាវរីយ៍​មួយ​សតវត្សរ៍នៃ​កេរ្តិ៍ដំណែល​ជាតិ ដ៏​មហាសាល​មួយ ដែល​បានបន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​មក​។​

លោក​បាន​បន្តទៀតថា បើទោះជា​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ពុំទាន់​បាន​គ្រប់គ្រង​ទាំង​ស្រុង ប៉ុន្តែ​ឥទ្ធិពល​នៃ​ជំងឺ​នេះ​ពុំបាន​ធ្វើឱ្យ​រាំងស្ទះដល់​ដំណើរការ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នានា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​១៣​នេះ ឡើយ​។​

ជាក់ស្តែង​ការរៀបចំ​ពិព័រណ៍​បង្ហាញ​ស្នាដៃ​សិល្បៈ​អបអរ​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​ក្នុង​បរិបទ​ពីរ គឺ​តាមរយៈ​អន​ឡាញ និងការតាំង​ផ្ទាល់នៅក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​។​

លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ បានឱ្យដឹងថា​ នៅ​រាជធានី​ភ្នំពេញ​មានកម្ម​វិធី​វប្បធម៌​ចំនួន​ពីរដែល​រៀបចំ​ដោយផ្ទាល់​គឺ​ ការតាំងពិព័រណ៍​វប្បធម៌​នៅ​សារមន្ទីរ​ជាតិ ពីថ្ងៃ​ទី​២២ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ និង​ការ​បញ្ចាំង​ខ្សែភាពយន្ត​នៅ​រោងភាពយន្ត​ Major Cineplex សាខា AEON1 ចំនួន​៣​ថ្ងៃ​គឺ ថ្ងៃទី​២២, ២៤ និង​២៦ ខែវិច្ឆិកា​នេះ​។​

លោក​បាន​បន្តថា​ លើសពីនេះ​ទៀត​មាន​ព្រឹត្តិការណ៍​វប្បធម៌​ជាង​៣០ចូលរួម​ដោយ​សិល្បករ​អាស៊ី និង​អឺរ៉ុប​ជាង​១០០​នាក់ នឹងត្រូវ​បង្ហាញជូន​ជាមួយនឹង​ភាព​ចម្រុះ​នៃ​វប្បធម៌​ដ៏​សម្បូរបែប និង​កិច្ចសហការ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​រវាង​អាស៊ី និង​អឺរ៉ុប តាមរយៈ​ល្ខោន របាំ តន្ត្រី សិល្បៈ​ទស្សនីយភាព សិល្បៈ​សូន​រូប និង​បទ​បង្ហាញ​ជាច្រើន​ទៀត​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម