Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កណ្តាល​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ខ្សាច់​ក្នុង​ក្រុង​តាខ្មៅ​ ជួយ​ជួសជុល​ផ្លូវ​និង​ចេញថ្លៃ​បោស​សំអាត​រាល់​ខែ

បានផុស

នៅ

អាជ្ញាធរ​ខេត្តកណ្តាល​បាន​ស្នើឱ្យ​ម្ចាស់​អាជីវកម្ម​ខ្សាច់​នៅ​ក្នុង​ក្រុង​តាខ្មៅ ទាំង​២២​ដេប៉ូ​ជួយ​ជួសជុល​ផ្លូវ លូ​និង​ជួយ​ចេញ​បោស​សម្អាត​ជា​រៀងរាល់​ខែ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ណែនាំ​ទៅដល់​អាជីវកម្ម​ខ្សាច់ ក្នុង​ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី​២២​វិច្ឆិកា លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល​បាន​បានស្នើ​ដល់​ម្ចាស់​អាជីវកម្ម ទាំង​២២​ដេប៉ូ​ឱ្យចូល​រួម​ដើម្បី​ធានា​ការថែទាំ ផ្លូវ​ប្រវែង​២៨,៥​គីឡូម៉ែត្រ លូ ឱ្យបាន​ស្អាត​ជាប្រចាំ ដោយ​គិត​ចាប់ពី ផ្លូវ​២១​អា និង​ផ្លូវ​២១​បេ ប្រវែង ៦​គីឡូម៉ែត្រ និង​ត្រូវ​ចូលរួម​ជួសជុល​កំណាត់​ផ្លូវ​ដែល​ខូចខាត ប្រសិនបើ​ការដឹកជញ្ជូន​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ត្រូវ​រួមគ្នា​ជួយ​ចេញថ្លៃ​បោ​សម្អាត​ជា​រៀងរាល់ខែ ដែលមាន​តម្លៃ​សរុប​ចំនួន ១០០,០០០,០០០​រៀល ដោយ​សំដៅ​លើ​ការ​បោសសំអាត​ផ្លូវ ការ​ជួសជុល និង​ថែទាំ​ផ្លូវ ព្រមទាំង​ស្ដារលូ ដែល​ត្រូវ​ប្រើប្រាស់ គ្រឿងចក្រ​ចំនួន ០៧​គ្រឿង និង​កម្មករ ២៥​នាក់​។

លោក ណុប ដា​រ៉ា បាន​ណែនាំ​ដល់​មន្ទីរ​ពាក់ព័ន្ធ កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង ត្រូវ​រួម​សហការ​គ្នា​ចុះ​ពិនិត្យ​ដល់​ទី​តាំង អាជីវកម្ម​ខ្សាច់ ដើម្បី​ដឹង​ថា ​តើ​ម្ចាស់​អាជីវកម្ម​ទាំងនោះ មានការ​សំអាត និង​បាន​ធ្វើ​កន្លែង​លាង​រថយន្ត​ខ្សាច់​មុន​ពេល​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​ត្រឹមត្រូវ​ដែរ​ឫ​ទេ​ហើយ បើ​ម្ចាស់​អាជីវកម្ម​ណាមួយ​មិន​សហការ នេះ​អាជ្ញាធរ​ត្រូវ​អនុវត្ត​តាមច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក​អភិបាលរង​ខេត្ត​ក៏បាន​ជំរុញ​ដល់ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដល់​ម្ចាស់​អាជីវកម្ម ឲ្យ​អនុវត្ត​តាម​កិច្ចសន្យា និង​ច្បាប់​ពាក់ព័ន្ធ​នានា រាល់​ការ​ដឹក ខ្សាច់ ដឹក​ដី​ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដឹក​កុំឱ្យ​ហុយ និង​ជ្រុះ​ខ្សាច់​មកលើ​ផ្លូវ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​។

លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា​« រាល់​ការដឹកជញ្ជូន​ខ្សាច់ គ្រួស និង​ដី ម្ចាស់​អាជីវកម្ម​ត្រូវ​ណែនាំ​ដល់​អ្នក​ដឹក ត្រូវ​លាង​សំអាត​កង់ឡាន​ឲ្យ​បាន​ស្អាត​ពេល​ចេញពី​ដេប៉ូ ត្រូវ​គ្រប​ឲ្យ​បាន​ជិត​ល្អ កុំ​ដឹក​លើស​ទម្ងន់ បើកបរ​ដោយ​ក្រមសីលធម៌ ត្រូវ​លាង​សម្អាត​ផ្លូវ​ដែល​ប្រឡាក់​ឲ្យ​បាន​ស្អាត ក្នុង​ករណី​ម្ចាស់​អាជីវកម្ម​ណា​ដែល​នៅតែ​ប្រព្រឹត្ត​ល្មើសច្បាប់ ធ្វើឱ្យ​ផ្លូវ​ខូច ត្រូវ​ទទួលខុសត្រូវ​ជួសជុល​ផ្លូវ​ឱ្យបាន​ស្អាត​ឡើងវិញ និង​ត្រូវ​រង​ការ​ផាកពិន័យ ឬ​បិទ​អាជីវកម្ម​តែម្ដង​»​។

យ៉ាងណាក៏ដោយ លោក អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​២២​ដេប៉ូ ដែល​បាន​សហការ​ក្នុង​ការ​រួមចំណែក​ថែរក្សា និង​ជួសជុល​ផ្លូវ ក៏ដូចជា​ចូលរួម​ស្ដារលូ ដើម្បី​ផ្លូវ​ស្អាត​និង​គ្មាន​ទឹក​ដក់​ផងដែរ​៕

ដោយ ​៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម