Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ដឹកនាំ​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ខាងមុខ

បានផុស

នៅ

កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) នឹង​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​វិមាន​ស​និ្ត​ភាព រាជធានី​ភ្នំពេញ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស នា​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។

បើ​តាម​ក្រសួងការបរទេស សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អ្នកតំណាង​ជាន់ខ្ពស់​របស់​ប្រទេស​ដៃគូ ASEM ទាំង​៥១ មកពី​អាស៊ី និង​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​។

កិច្ចប្រជុំ​កំពូល ASEM13 ក្រោម​មូលបទ “​ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា​” នឹង​ផ្តល់ឱកាស​ដ៏​ទាន់​ពេល​វេលា​មួយ ដល់​ថ្នាក់ដឹកនាំ​មកពី​តំបន់​អាស៊ី និង​អឺរ៉ុប ដើម្បី​បញ្ជាក់​ជាថ្មី​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​-​អឺរ៉ុប ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​សកល និង​តំបន់ សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក ក្នុងនោះ​រួម​ទាំង​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ផល​ប៉ះពាល់​ដល់​សង្គម​-​សេដ្ឋកិច្ច​បណ្តាល​មក​ពី​ជំងឺ​នេះ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុនពេល​ដំណើរការ​កិច្ចប្រជុំ​កំពូល ASEM13 តំណាង​មកពី​ព្រឹត្តិការណ៍​អម​កិច្ចប្រជុំ​កំពូល នឹង​អញ្ជើញ​ថ្លែងការណ៍ រួមមាន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​សហ​អ្នក​រៀប​ចំ​វេទិកា​ធុរកិច្ច និង​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប និង​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​អ្នក​រៀប​ចំ​វេទិកា​អាស៊ី​-​អឺរ៉ុប ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ ព្រមទាំង​តំណាង​មកពី​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប និង​វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប ផងដែរ​។

ក្នុងអំឡុងពេល​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹង​ពិភាក្សា​អំពី​តួនាទី​របស់ ASEM ក្នុងការ​លើកកម្ពស់​ព​ហុ​ភាគី​និយម ដោយ​ផ្តោត​លើ​ប្រធានបទ​ពាក់ព័ន្ធ រួមមាន ទី​១, ASEM ក្នុង​គម្រប់​ខួប ២៥ ឆ្នាំ សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​នា​ពេល​អនាគត ទី​២, ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ដំណើរការ​ពហុភាគី​និយម ដើម្បី​សន្តិភាព និង​ស្ថិរភាព​សកល ទី​៣, ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែកលើ​វិធាន​ច្បាប់ ទី​៤, កំណើន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ទី​៥, ការតភ្ជាប់ ទី​៦, ស្ត្រី សន្តិភាព និង​សន្តិសុខ និង​ទី​៧, បម្រែបម្រួល​អាកាសធាតុ ។

ថ្នាក់ដឹកនាំ ASEM នឹង​ពិភាក្សា​ផងដែរ​អំពី​ជំងឺ​កូ​វីដ​-១៩ និង​ការស្ដារ​/​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ឡើងវិញ ដោយ​ផ្តោតលើ ១, ការដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ២, ការ​ព​ន្លឿ​ន ការស្ដារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​កំណើន​រួមគ្នា និង ៣, ការកសាង​ឡើងវិញ​នូវ​អនាគត​ប្រកបដោយ​ភាព​ធន់​។

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ចង្អៀត ថ្នាក់ដឹកនាំ ASEM នឹងមាន​ឱកាស​ចែករំលែក​ទស្សនៈ ដោយ​ត្រង់​ទៅ​ត្រង់​មក សេរី និង​តាមបែប​ស្ថាបនា ពាក់ព័ន្ធ​នឹង​បញ្ហា​សកល និង​តំបន់​។

ក្រោម​ការដឹកនាំ​របស់​កម្ពុជា ASEM13 នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​៣ រួមមាន ទី​១, សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ ASEM13 ទី​២, សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្តីពី​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទី​៣, ឯកសារ​សកម្មភាព អនាគត​ស្តីពី​ការតភ្ជាប់ ASEM​។

ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM13 ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​របស់​កម្ពុជា ក្នុង​ការជំរុញ​ពហុភាគី​និយម ក៏ដូចជា​ការចូលរួម​យ៉ាងសកម្ម​តាមតែ​អាចធ្វើ​ទៅបាន​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នាពេល​បច្ចុប្បន្ន និង​កំពុង​លេចឡើង​ថ្មីៗ​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម