Connect with us

ព័ត៌មានជាតិ

ផ្លាស់ប្តូរ​មុខមាត់​ក្រុងពោធិ៍សាត់ អភិបាល​ខេត្ត​​​ថ្មី ដាក់​ការងារអាទិភាព​ពីរ

បានផុស

នៅ

ឯកឧត្តម ជាវ តាយ ក្រោយ​ទទួល​​តំណែង​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់​ថ្មី បាន​ដាក់​ការងារ​អាទិភាព​ពីរ​សំខាន់​ ក្នុង​ការអភិវឌ្ឍ​ក្រុង​ពោធិ៍សាត់​ឲ្យប្រែមុខមាត់​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​អភិបាល​ខេត្ត​កំពត​រូប​នេះ បាន​បង្កើត​ចក្ខុវិស័យលើការរៀបចំ​បំពាក់​ភ្លើងបំភ្លឺ​ឲ្យ​បាន​គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់។ ក្រៅ​ពីការ​រៀបចំ​បំពាក់​ភ្លើង​បំភ្លឺ​ ការងារអាទិភាព​មួយ​ទៀត​ ការ​ឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ទូទាំង​ក្រុង​។

ជាក់ស្តែងគ្រាន់តែ​ឡើង​កាន់តំណែង​បាន​ប៉ុន្មានថ្ងៃ​ លោកបាន​ណែនាំ​ឲ្យ​មន្ទីររ៉ែ និងថាមពល ​រៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED តាម​ដង​ផ្លូវ​នានា​ទូទាំំង​ក្រុងជាជំហាន​ដំបូង និង​ដំឡើង​គ្រប់​ដង​ផ្លូវនានា​ជា​ជំហានបន្ទាប់​ ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់មានភាពទាក់ទាញនិងស្រស់បំព្រង ដើម្បីផ្តល់​ភាព​ងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរនាពេលយប់ ជាពិសេសបង្កើនការទាក់ទាញផ្នែកទេសចរណ៍ទៀតផង។

ដោយឡែកជុំវិញបញ្ហាហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ក៏ជា​ការងារអាទិភាព​ដែល​អភិបាល​ខេត្ត​ពោធិ៍សាត់​ថ្មីឯកឧត្តម​ជាវ តាយ​ ដាក់​ផែនការ​ក្នុង​អណ្ណត្តិ​ការងារ​របស់លោក។

ក្នុងនាម​ជា​អភិបាលនៃគណៈអភិបាលខេត្តផង​នោះ លោក​បានចុះត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាផ្លូវនានា ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់។ លោកបញ្ជា​ឲ្យ​​ស្ថាបន​ផ្លូវ​ក្រាលកៅស៊ូ DBST និងចាក់ប៉េតុងនៅជុំវិញតំបន់ប្រជុំជន និង​ផ្សារ បន្ទាប់ពីរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់នោះរួចរាល់នៅដើមរដូវប្រាំងខាងមុខ។

ក្រៅពី​នេះ​លោក​បាន​ជំរុញ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ៥ នៅ​ភូមិសាស្រ្តខេត្ត​ពោធិ៍សាត់​ដែល​ជា​គម្រោង​របស់​ជប៉ុន ឲ្យ​បាន​លឿន​ដើម្បី​បង្ក​លក្ខណៈងាយស្រួល​សម្រាប់​ពលរដ្ឋធ្វើ​ដំណើរ។

ឯកឧត្តម​ជាវ តាយ អតីត​អភិបាល​ខេត្ត​កំពត​ បាន​ផ្លាស់​មក​ដឹកនាំ​ក្នុង​តួនាទី​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់​ជំនួស​ឯកឧត្ដម ម៉ៅ ធនិន ដែល​ត្រូវ​ផ្លាស់​ទៅ​ដឹកនាំ​ខេត្ត​កំពត​វិញ។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ពី​មូលហេតុ​​នៃ​ការ​ផ្ទេរ​តំណែង​ឯកឧត្តម ម៉ៅ ធនិន ពី​ខេត្តពោធិ៍សាត់ ​មកកាន់ខេត្តកំពត និងផ្ទេរ​ឯកឧត្តម​ ជាវ តា​យ ពី​ខេត្តកំពត​ទៅកាន់​ខេត្តពោធិ៍សាត់ គឺដោយសារតែ​ការ​អស់​អាណត្តិ​នៃ​ការដឹកនាំ​ខេត្ត​ មិនមែន​មូលហេតុ​អ្វី​ផ្សេង​ដោយសារ​ការ​ធ្លាក់ដៃការងារ​នោះទេ​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម