Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់អំពីលទ្ធផលនៃវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០ ដែលធ្វើឡើងរយៈពេល ២ថ្ងៃកន្លងទៅនេះ អ្នកចូលរួមបានបង្ហាញការយល់ឃើញស្របគ្នាថា អ្នកសារ​ព័​ត៌មាន និង​រដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវបន្តពង្រឹងការប្រាស្រ័យទំនាក់ទំនង និងការពិគ្រោះយោបល់ជាមួយគ្នា ដើម្បីធ្វើ​យ៉ាងណាឲ្យអ្នកសារព័ត៌មាន អាចទទួលបាននូវព័ត៌មានជាក់លាក់ ក្នុងការផ្សព្វផ្សាយទៅដល់សាធារណជន​។  

សូមជម្រាបថា ក្រសួងព័ត៌មានកម្ពុជា សហការជាមួយសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប បានរៀបចំវេទិកា​តុមូល​និពន្ធនាយក​សារព័ត៌មាន​អាស៊ី​-អឺរ៉ុប​ លើកទី១០​ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤​ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយកម្ម​វិធីបានប្រព្រឹត្តដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់អ្នកសារ​ព័ត៌មាន​កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះថា ក្នុងវេទិកាតុមូល​និពន្ធនាយក​សារព័ត៌មាន​អាស៊ី​-អឺរ៉ុប​លើកទី ១០ រយៈពេល ២ថ្ងៃមកនេះ បានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ មួយចំនួន ក្នុងក៏មានការជជែកគ្នាអំពីពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ របស់អ្នកសារព័ត៌មាននៃទ្វីបទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ពាក់ព័ន្ធនឹងការជជែកជុំវិញប្រធានបទនេះ គឺក្រុមនិពន្ធនាយកសារព័ត៌មាន ដែលមកពីទ្វីបអាស៊ី​-អឺរ៉ុប បាន​យល់​ស្រប​គ្នាថា បញ្ហាព័ត៌មានក្លែងក្លាយជាគឺបញ្ហា ដែលកើតឡើងនៅគ្រប់ទ្វីបទាំងអស់ ទាំងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ក៏ដូច​ជា​បណ្ដា​​ប្រទេសនានា នៅលើពិភពលោកផងដែរ។ បញ្ហាព័ត៌មានក្លែងក្លាយនេះ ក៏កំពុងក្លាយជាបញ្ហាប្រឈម​ ដែល​ធ្វើឲ្យប៉ះពាល់ដល់សង្គម និងប្រជាពលរដ្ឋ ដែលរស់នៅតាមប្រទេសនីមួយៗ តាមស្ថានភាពជាក់ស្ដែង។

លើសពីនេះទៀត ក្រុមនិពន្ធនាយកសារព័ត៌មាន ដែលមកពីទ្វីបអាស៊ី​-អឺរ៉ុប ក៏បានលើកឡើងដែរថា បញ្ហាព័ត៌មាន​ក្លែង​ក្លាយនេះ បានកើតមានទៅលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ធុរកិច្ច និងជីវិតឯកជនរបស់​បុគ្គល​ម្នាក់​ៗ ផងដែរ។ វេទិកានេះ ក៏បានពិភាក្សា និងចែករំលែកនូវដែលជាបទពិសោធន៍ មេរៀន និងការអនុវត្ត​ជាក់​ស្ដែង នៅតាមបណ្ដាប្រទេសរបស់ពួកគេរៀងៗ អំពីការចូលរួមចំណែកនៅក្នុងការដោះស្រាយ ឬក៏ការប្រយុទ្ធ​ប្រឆាំង នឹង​ព័ត៌មានក្លែងក្លាយ។

លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា ក្នុងវេទិកាតុមូល​និពន្ធនាយក​សារព័ត៌មាន​អាស៊ី​-អឺរ៉ុប​លើកទី ១០នេះ ក៏​បា​ន​គូសបញ្ជាក់អំពីតួនាទីរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលបំពេញនូវតួនាទីឲ្យកាន់តែសកម្មបន្ថែម​ទៀត នៅក្នុង​ការ​ផ្សពផ្សាយទៅឲ្យប្រជាពលរដ្ឋ ដែលជាព័ត៌មានពិត ជាព័ត៌មានដែលគួរឲ្យទុកចិត្ត ហើយក៏មាន​ការលើកទឹកចិត្ត ឲ្យ​មានការអប់រំទៅដល់អ្នកសារព័ត៌មានប្រជាពលរដ្ឋ ឲ្យបានយល់អំពីការប្រើប្រាស់​នូវ​ប្រព័ន្ធផ្ស​ព្វ​ផ្សាយ ក៏ដូចជា​ការ​ស្វែងយល់អំពីអ្វីទៅ ដែលជាព័ត៌មានក្លែងក្លាយផងដែរ។

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃវេទិកានេះ ក៏បានរៀបចំនូវកិច្ចពិភាក្សាជាសាធារណៈ រវាងអ្នកសារ​ព័ត៌​មានរបស់កម្ពុជា ជាមួយនឹងនិពន្ធនាយក ដែលមកពីទ្វីបអាស៊ី និងអឺរ៉ុបផងដែរ។ អ្នកនាំពាក្យ​ក្រ​សួ​ង​ព័ត៌មាន បានបញ្ជាក់ថា កិច្ចពិភាក្សាជាសាធារណៈនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទ តួនាទីរបស់សារ​ព័ត៌​មាន​ក្នុង​យុគសម័យនៃព័ត៌មានក្លែងក្លាយ ក៏ដូចជាអ្នកសារព័ត៌មានប្រជាពលរដ្ឋ។  

នៅក្នុងកិច្ចពិភាក្សានេះ ក៏​មានការលើកឡើង អំពីការអនុវត្តនូវតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅតាមប្រទេស​នីមួយៗ ទៅតាមបរិបទ​ជាក់ស្ដែង ដោយបានចែករំលែកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍សម្រាប់និពន្ធនាយក​អា​ស៊ី​​-អឺរ៉ុប​ ជាមួយនឹងអ្នក​សារ​​​ព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីទៅដែលជាដំណោះស្រាយរួម និង​ដំណោះស្រាយដែល​ល្អប្រសើរ សម្រាប់ចូលរួមចំណែកនៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មាន​ក្លែង​ក្លាយ​។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ក្នុងវេទិការយៈពេល ២ថ្ងៃនេះ ក៏មានការ​ជជែកពិភាក្សាអំពីប្រធានបទ ថាតើអ្នកសារព័ត៌មាន និងរដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ត្រូវធ្វើដូចម្ដេចដើម្បី​ចូលរួមចំណែកនៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ តាមរយៈកិច្ចពិភាក្សានេះ គឺបាន​ជ​ជែក​គ្នាអំពីតួនាទីរបស់អ្នកសារព័ត៌មាន នៅតាមបណ្ដាប្រទេសនីមួយៗ ថាតើត្រូវធ្វើបែបណា នៅក្នុងការសហការ​គ្នា ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា។

លោក មាស សុភ័ណ្ឌ បានឲ្យដឹងទៀតថា «តាមរយៈកិច្ចពិភាក្សានេះ ក៏មានការយល់ឃើញស្របគ្នាដែរថា អ្នកសារ​ព័​ត៌មាន និងរាជរដ្ឋាភិបាល ត្រូវតែបន្តនៅក្នុងការពង្រឹង នូវការប្រាស្រ័យទំនាក់ទំនង ការពិគ្រោះយោបល់ ឬក៏ការ​សន្ទនាគ្នា ឬក៏ការផ្លាស់ប្ដូរនូវព័ត៌មាន រវាងអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានរបស់ស្ថាប័នរដ្ឋាភិបាលហ្នឹង ដើម្បីធ្វើ​យ៉ាងណា ឲ្យអ្នកសារព័ត៌មានអាចទទួលបាន នូវព័ត៌មានជាក់លាក់ ក្នុងការផ្សព្វផ្សាយទៅដល់សាធារណជន​ផង​ដែរ»។ លោកថា ទន្ទឹមនឹងនោះអ្នកសារព័ត៌មាន ក៏ត្រូវពង្រឹងអំពីតួនាទីភារកិច្ចរបស់ខ្លួនស្របទៅតាមវិជ្ជាជីវៈ ដើម្បី​ធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយរបស់ខ្លួន ទទួលបានការជឿជាក់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់បន្ថែមទៀតថា នៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩នេះ វេទិកាមូល​និពន្ធនាយក​សារព័ត៌មាន​អាស៊ី​-អឺរ៉ុប ​លើកទី១០ ក៏បានពិភាក្សាគ្នាផងដែរថា អ្នកសារព័ត៌មាន ត្រូវតែបន្តដើរតួនាទី ឲ្យកាន់តែសកម្មថែមទៀត នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងព័ត៌មានដែលមានការបញ្ជាក់ពីប្រភពច្បាស់លាស់ សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដូចជា៖ វ៉ាក់សាំង, និងការព្យាបាលជាដើម។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ជាចុងក្រោយថា អ្នកចូលរួមក្នុងវេទិកាខាងលើនេះ ក៏បានយល់ស្របគ្នាថា នៅក្នុ​ង​​ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ រដ្ឋាភិបាល​នៃបណ្ដាប្រទេសទាំងអស់ ត្រូវសហការជាមួយអ្នកសារព័ត៌មាន ដោយពេលខ្លះស្ថាប័នរបស់រដ្ឋាភិបាល ត្រូវការអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអ្វីដែលជាវិធានការ ឬជាសមិទ្ធផល​របស់ខ្លួន ទៅកាន់សាធារណជន ហើយអ្នកសារព័ត៌មាន ក៏ត្រូវការនូវព័ត៌មាន ដែលមានភាពជាក់លាក់ និងមាន​ភាព​ត្រឹមត្រូវពីស្ថាប័នរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយជូនទៅដល់សាធារជនផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម