Connect with us

ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កសាងបានលឿនជាងផែនការ

បានផុស

នៅ

ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផលលឿនជាងផែនការហើយរំពឹងថា អាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គិតមកទល់បច្ចុប្បន្ននេះមានវឌ្ឍនភាពជារួមប្រមាណជាជិត ៧០ ភាគរយ ហើយបើធៀបនឹងផែនការយើងដើរលឿនជាងផែនការបន្តិច ហើយការរំពឹងគឺយើងអាចបញ្ចប់ការសាងសង់ផ្លូវនេះមុនពេលកំណត់។

លោក ហ៊ាង សុទ្ធាយុត្តិ បន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើការបើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយការបង់ប្រាក់។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បញ្ជាក់ថា បើសិនជាការចរចាទទួលបានការឯកភាពពីភាគីវិនិយោគចិន គឺផ្លូវល្បឿននេះនឹងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកបរសាកល្បងបាននៅចុងឆ្នាំ ២០២២ ពោលគឺ នៅពេលសំណង់ផ្លូវថ្នល់នេះរួចរាល់ជាស្ថាពរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHVExpressway Co.,Ltd ប្រមាណ ២ ០០០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០ លានដុល្លារ។

គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ ២៤,៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា ៤ គន្លង (២ គន្លងទៅ ២ គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម