ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ជាខួបឆ្នាំទី ៣ ដែល ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ យោងតាមសៀវភៅបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា ដែលរៀបរៀងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តិ៍ តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោល ហើយកំដរដោយភ្លេងពិណពាទ្យ។
ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោលមានដើមកំណើតពី ល្ខោនភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ សតវត្សរ៍ទី ៩-១៤ មកដែរ។
សព្វថ្ងៃនេះ យើងសង្កេតឃើញថាការសម្តែងល្ខោនខោល គឺមានពីរបែប ម្យ៉ាងគឺដើម្បីកម្សាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។
ក្រុមល្ខោនខោលប្រភេទទី១ មានដូចជាក្រុមល្ខោនលោកតា ជា ហ៊ា ខេត្តបាត់ដំបង ដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។ ចំណែកនៅរាជធានីភ្នំពេញ មានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជា ហើយនៅខេត្តកំពង់ធំមានក្រុមល្ខោនខោលមន្ទីរវប្បធម៌ខេត្ត ដែលច្រើនតែតម្លើងល្ខោននេះ សម្រាប់សម្តែងលេងកម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ។
ចំណែកល្ខោនប្រភេទទី២នោះ គឺជាប់ជាពិសេសនឹងសហគមន៍ វត្តស្វាយអណ្តែត ហើយល្ខោនវត្តនេះពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គេក៏សម្តែងនៅក្នុងបរិបទជំនឿ ដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃ ហើយពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និង ភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ។ ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨។
ដើម្បីរម្លឹកខួប ៣ ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត តំណាងល្ខោនខោលកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ក្រុមយុវជនល្ខោនខោលកម្ពុជា នឹងនាំយកនូវផ្ទាំងទស្សនីយភាពល្ខោនខោលរឿងរាមកេរ្តិ៍ ឈុតទល់ទ័ពយក្សដំរី មកបង្ហាញជូនក្នុងព្រឹត្តិការណ៍ រាត្រីចងចាំ ២០២១ នាថ្ងៃទី ២៨ ខែវិច្ឆិកានេះ។
សង្ខេបឈុត “ទល់ទ័ពយក្សដំរី” ក្រុងរាពណ៍ក្រោយចាញ់សង្គ្រាមជាច្រើនលើកច្រើនសារស្លាប់អស់ពូជពង្សផៅសន្តាន ក៏បានទៅពឹងពាក់ គជរឹង គជរី ដែលជាកូនរបស់ខ្លួនជាមួយមេដំរីនៅឯព្រៃហេមពាន្ត មកចេញជួយច្បាំងជាមួយទ័ព ព្រះរាម និងព្រះលក្ស្មណ៍។ យក្សដំរី បានលើកទ័ពចេញពីព្រៃហេមពាន្ត កក្រើកអស់ព្រៃព្រឹក្សា ខ្លះហោះកណ្តាលមេឃា ខ្លះទៀតដើរដីបានមកទល់ទ័ពគ្នាជាមួយទ័ព ព្រះរាម នៅឯសមរភូមិជ័យ។ ជាចុងក្រោយ ទ័ពយក្ស និងដំរីក៏ស្លាប់អស់ រីឯព្រះរាមក៏លើកទ័ពវិលទៅព្រះពន្លាជ័យវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ