Connect with us

ព័ត៌មានជាតិ

ឯកសារសំខាន់ៗចំនួន ៣ ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

បានផុស

នៅ

ប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម”  នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ  ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសដៃគូ ASEM  ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានក្លាយជាវេទិកាដ៏មានសារសំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនងអាស៊ី និងអឺរ៉ុប ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងទ្វីបទាំងពីរ។

សម្រាប់ដំណើរឆ្ពោះទៅអនាគតនាពេល ២៥ ឆ្នាំខាងមុខទៀត សម្តេច បានសង្កត់ធ្ងន់ថា ដៃគូ ASEM ចាំបាច់ត្រូវពង្រឹងការប្តេជ្ញាចិត្តទ្វេដងដើម្បីឈានទៅសម្រេចបានពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន និងភាពធន់ និងធ្វើឱ្យ ASEM កាន់តែមានភាពលេចធ្លោ និងរឹងមាំនៅក្នុងអភិបាលកិច្ចសកល។

ដើម្បីសម្រេចបានគោលបំណងខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យពង្រឹងកាន់តែស៊ីជម្រៅនូវការតភ្ជាប់អន្តរតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនរួមគ្នា ការលើកកម្ពស់ភាពជាដៃគូអន្តរតំបន់សម្រាប់អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់កាន់តែមានប្រសិទ្ធភាព  តម្រូវការទាញផលប្រយោជន៍បន្ថែមទៀត​ពីនវានុវត្តន៍ ការតភ្ជាប់ ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០   ការលើកកម្ពស់ភាពលេចធ្លោនិងភាពពាក់ព័ន្ធ ASEM និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ បម្រែបម្រួលអាកាសធាតុ  ភាពក្រីក្រ  ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។

ថ្នាក់ដឹកនាំ ASEM បានបានកោតសរសើរកម្ពុជា ដែលបានរៀបចំមហោស្រពវប្បធម៌ ASEM ដើម្បីបង្ហាញពីភាពដ៏សម្បូរបែបនៃគំនិតច្នៃប្រឌិតសិល្បៈ និងភាពចម្រុះសិល្បៈ នៅអាស៊ីនិងអឺរ៉ុប ព្រមទាំងផ្តួចផ្តើមឱ្យមានវេទិកា ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM បានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មក ឥតលាក់លៀមទៅលើបញ្ហាជាច្រើន ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣នៃកិច្ចប្រជុំកំពូល ASEM13 គឺទី១, សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ទី២, សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ និងទី៣, ឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។

ថ្នាក់ដឹកនាំ ASEM បានសម្តែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អឥតខ្ចោះ និងបានអបអរសារទរដ៏ស្មោះស្ម័គ្រជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកិច្ចប្រជុំកំពូលនេះយ៉ាងជោគជ័យ៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម