Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​វៀតណាម​ ជួយ​សង្គ្រោះ​នារីខ្មែរ​ចំនួន២ នាក់ ​ចាញ់​បោក​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ទីបី

បានផុស

នៅ

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនារសៀលថ្ងៃទី ២៩ ខែវិច្ឆិកាថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម បានជួយសង្គ្រោះនារីខ្មែរចំនួន ២នាក់ ដែលបានចាញ់បោកក្រុមមេខ្យល់នាំយកទៅលក់ទៅកាន់ប្រទេសទីបី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង ឱ្យដឹងថា នារីរងគ្រោះត្រូវបានក្រុមទុច្ចរិតបោកបញ្ឆោតថា នាំទៅធ្វើការងារនៅក្បែរព្រំដែនកម្ពុជា- វៀតណាម ដោយទទួលបានប្រាក់ខែ ១,៥០០ ដុល្លារក្នុងមួយខែ។ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ មេខ្យល់បាននាំនារីរងគ្រោះទាំង ២នាក់ លួចឆ្លងដែនចូលវៀតណាមដោយខុសច្បាប់ (ពុំមានលិខិតឆ្លងដែន) ធ្វើដំណើរដោយថ្មើរជើងរត់កាត់ព្រៃ និងវាលស្រែនៅពេលយប់។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងយោធាការពារព្រំដែនវៀតណាម បានត្រួតពិនិត្យ និងរកឃើញនារីរងគ្រោះទាំងពីរនាក់ និងបានជួយសង្រ្គោះ និងនាំពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

លោក កុយ គួង ឱ្យដឹងទៀតថា ស្ថានទូតបានទៅទទួលនារីរងគ្រោះខាងលើនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងរៀបចំនីតិវិធីបញ្ជូនត្រទ្បប់មកកម្ពុជា តាមរថភ្លើងពីទីក្រុងហាណូយ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥ និង២០ នាទី និងទៅដល់ទីក្រុងហូជីមិញ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៥ និង ៥០ នាទីព្រឹក។

ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញ នឹងបញ្ជូនបន្តទៅព្រំដែន ហើយអាជ្ញាធរខេត្តស្វាយរៀង និងមន្ទីរសង្គមកិច្ច នឹងរង់ចាំទទួលនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ។

ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូត ស្នើបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលការនីបម្រើដែលការងារតាមរោងចក្រ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំជឿតាមល្បិចបោកបញ្ឆោតរបស់ក្រុមទុច្ចរិតជួញដូរមនុស្ស និងសូមរាយការណ៍ជូនអាជ្ញារធរមានសមត្ថកិច្ចដែលនៅជិតបំផុត ប្រសិនបើមានករណីសង្ស័យ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម