Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកថ្មគោល ព្រមានចាត់វិធានការលើបុគ្គលម្នាក់ ករណីពុះដីចំណីខ្នងអាងទឹក «ភាស» លក់

បានផុស

នៅ

អាង «ភាស» ដែលគេស្គាល់ថា ជាអាងទឹកដ៏ធំមួយ នៅជាប់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិទួលទំពូង​ត្បូង ឃុំតាពូង ស្រុកថ្មគោល ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ អាងនេះត្រូវបានជួសជុល សាង់សង់កែលម្អខ្នងទំនប់ជុំវិញយ៉ាងធំទូលំទូលាយ សម្រាប់ភ្ញៀវទេសចរចូលទស្សនា។ ប៉ុន្តែស្រាប់តែថ្មីៗ នេះ មានបុគ្គលម្នាក់អះអាងថា ខ្លួនមានដីនៅទីនោះ ហើយបានរៀបចំពុះជាឡូតិ៍លក់ឲ្យប្រជាពលរដ្ឋ ដោយក្នុង ១ឡូតិ៍តម្លៃ ៣ពាន់ដុល្លារ ទៅវិញ។

ពាក់ព័ន្ធ នឹងករណីខាងលើនេះ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល កាលពីថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសជា​សាធារណ: ជូនដល់​មហាជន​ទូទៅទាំងក្នុង និងក្រៅ​មូល​ដ្ឋាន​ស្រុកថ្មគោល ឲ្យបង្កើនការប្រុងប្រយ័ត្ន​ ចៀសវាងចាញ់​បោកបុគ្គលខិលខូច ដែលកំពុងដើរ​តួជា​ម្ចាស់​កម្មសិទ្ធដីមួយកន្លែងយកទៅលក់ដូរ ដែលជាដីចំណីខ្នងអាង​ភាស ស្ថិតនៅក្នុងភូមិទួលទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ជា សម្បត្តិ បានឲ្យដឹងថា បុគ្គលរូបនោះ មានឈ្មោះ វុន ជុំ ភេទប្រុស អាយុ ៥២ឆ្នាំ និងមានទីលំនៅ នៅភូមិវិហារចិន​ សង្កាត់ស្វាយដង្គុំ ​ក្រុងសៀមរាប ​ខេត្តសៀមរាប។ លោកព្រមានឲ្យបុគ្គលរូបនោះ ត្រូវបញ្ឍប់សកម្មភាព​ខុសច្បាប់ជាបន្ទាន់ បើពុំដូច្នេះទេ ​រដ្ឋបាលស្រុក នឹងចាត់វិធានការ​តាម​ផ្លូវច្បាប់។ បុគ្គលឈ្មោះ វុន ជុំ កន្លងមក ​បាន​យក​ដីសាធារណ:របស់រដ្ឋ (ដីចំណី​អាងភាស) ទៅពុះ​ជា​ដីឡូតិ៍​ លក់ទៅឲ្យប្រជាពលរដ្ឋមួយចំនួន ដោយក្នុង១ឡូតិ៍ តម្លៃ ៣០០០ដុល្លារអាមេរិក។

តាមរយៈសេចក្ដីប្រកាសជាសាធារណៈ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកានោះ រដ្ឋបាលស្រុកថ្មគោល បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ​មិនត្រូវបាន​អនុវញ្ញាតឲ្យមានការទិញ-​លក់ទីតាំងខាងលើ ជាដាច់ ខាត។ ការទិញ-លក់ដីឡូតិ៍​ នៅលើទីតាំងនេះជាអំពើខុសច្បាប់ មិនអនុញ្ញាត​ឲ្យការសាង​សង់​សំណង់​ផ្សេងៗ គ្រប់ប្រភេទ។ រីឯសំណង់ ​ដែលបាន​សាងសង់រួចហើ​យ​ ត្រូវរុះរើចេញឲ្យអស់​យ៉ាងយូរ​ត្រឹម​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ជាកំហិត។

លោកអភិបាលស្រុក បានបញ្ជាក់ប្រាប់កម្ពុជាថ្មីបន្ថែមថា «រឿងនេះ ខាងរដ្ឋបាលស្រុក ធ្លាប់បានធ្វើរបាយការណ៍ ដាក់ជូនទៅរដ្ឋបាលខេត្ត តាំងពីលោកអភិបាលចាស់នៅគ្រប់គ្រង ហើយចំពោះបុគ្គលខាងលើ ក៏បានធ្វើរបាយការណ៍ ដាក់ជូនរដ្ឋបាលខេត្តរួចរាល់ដែរ មុននិងចេញសេចក្តីប្រកាសរបស់សាលាស្រុក ជម្រាបដំណឹងដល់ពលរដ្ឋ ដើម្បីស្នើសុំកិច្ចសហការ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធចាត់វិធានការច្បាប់ លើបុគ្គលខាងលើ បើសិនមិនបញ្ឈប់សកម្មភាព»។

សូមជម្រាបថា ការស្តារ និងកែលម្អខ្នងអាងខាងលើនេះ ធ្វើឡើងក្នុងអំឡុង ខែតុលា ឆ្នាំ ២០២០ ខណៈដែលលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងចាស់ បានចុះពិនិត្យជាមួយមន្ត្រីពាក់ព័ន្ធ ក្នុងគ្រាដែលអាងមួយនេះ កំពុងតែជន់លិចជាបណ្ដើរៗ ដោយសារកំណើនទឹកភ្លៀងផ្នែកខាងលើនៅតែបន្តធ្លាក់ចុះ ហើយខ្នងទំនប់អាងតូចទាបផង ទើបបង្កជន់លិចដល់ក្នុងភូមិតែម្តង។

ក្នុងនោះ មន្ទីរជំនាញ បានធ្វើការកាយដីតាមមាត់អាង នៅតាមចំណុចខ្លះៗ ដើម្បីបង្កើតជាចរន្តទឹកហូរ ឲ្យកាន់​តែ​លឿនជាងមុន ដើម្បីជួយសម្រាលបន្ទុកទឹកក្នុងអាង ដែលអាចបង្កឲ្យបាក់ទំនប់កាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ នៅរដូវប្រាំងផងដែរ។

យោងតាមមន្ត្រីជំនាញ បានឲ្យដឹងថា អាងទឹកដ៏ចំណាស់ខាងលើនេះ មានសមត្ថភាពស្តុកទឹកបាន ១២លានម៉ែត្រគូប អាចស្រោចស្រពដំណាំស្រូវវស្សាចំនួន ៣.០០០ហិកតា និងស្រូវប្រាំង​ចំនួន ២.០០០ហិកតា ក្នុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ក្រោយធ្វើការជួសជុលរួចរាល់៕

អត្ថបទ៖ សៅ សារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម