Connect with us

ព័ត៌មានជាតិ

តម្លៃប្រេងសាំងចុះថ្លៃ ២៥០រៀល ក្នុង១លីត្រ

បានផុស

នៅ

នៅថ្ងៃទី០១ ខែធ្នូនេះ ប្រេងសាំងធម្មតានៅកម្ពុជា បានចុះថ្លៃមកត្រឹម ៤២០០រៀល ពោលគឺធ្លាក់ចុះ ២៥០រៀលក្នុង ១លីត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ពុជា។ បើតាមក្រសួងពាណិជ្ជកម្ម ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ បានឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែធ្នូ នឹងលក់ ៤៣៦០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងម៉ាស៊ូតតម្លៃ ៤០១០រៀល ក្នុង១លីត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចចុះតម្លៃលក់រាយចំនួន ៤សេន ក្នុង១លីត្រ។ ដូច្នេះសាំងធម្មតាស្ថិតក្នុងតម្លៃ ៤២០០រៀលក្នុង១លីត្រ និងម៉ាស៊ូត ៣៨៥០រៀល ក្នុង១លីត្រ គិតចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១។

ទាក់ទងនឹងតម្លៃសាំងនេះ លោក ឡុង សំណាង អ្នកស្រាវជ្រាវតម្លៃប្រេងឥន្ធនៈ និងជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល បានលើកឡើងថា ប្រេងសាំងនៅសហរដ្ឋអាមេរិកមានការធ្លាក់ចុះតម្លៃយ៉ាងខ្លាំងពី ៨៦ដុល្លារ មកត្រឹម ៦៤ដុល្លារក្នុង១បារ៉ែល ដែលនេះជាកត្តានាំឲ្យសាំងនៅកម្ពុជា ចុះថ្លៃផងដែរ។ លោកវិភាគថា តម្លៃនេះអាចនឹងធ្លាក់ចុះបន្តទៀតនៅពេលខាងមុខ មូលហេតុដោយសារការរីករាលដាលមេរោគកូវីដបំប្លែងថ្មីអូមីក្រុងផ្ទុះឡើង។

លោក ឡុង សំណាង ថ្លែងដូច្នេះថា« មេរោគបំប្លែងថ្មី អូមីក្រុង បានឆ្លងរីករាលរដាលលឿនមែនទែន បើបណ្តាប្រទេសមួយចំនួន មិនបានទប់ស្កាត់ឲ្យបានទាន់ពេលទេ អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ពិសេសតម្លៃសាំងរងផលប៉ះពាល់មុនគេ»៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម