អ្នកមានដឹងទេ? រៀងរាល់៦នាទីម្តង មន្ទីរពេទ្យត្រូវការឈាម ១ ប្លោក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកមានដឹងទេ? រៀងរាល់៦នាទីម្តង មន្ទីរពេទ្យត្រូវការឈាម ១ ប្លោក

បានផុស

នៅ

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា រៀងរាល់៦នាទីម្តង មន្ទីរពេទ្យក្នុងប្រទេសកម្ពុជាមានតម្រូវការឈាម ១ ប្លោក ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬអ្នកគ្រោះថ្នាក់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានភាព​ត្រូវការ​ឈាម​ក្នុង​ឆ្នាំ ២០២០ ​កន្លងទៅ កម្ពុជា​ត្រូវការ​ឈាម​ ១​ ប្លោក សម្រាប់​ការជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​សម្រាលកូន អ្នកជំងឺ​វះកាត់​ធ្ងន់ធ្ងរ ក៏ដូចជា​អ្នក​គ្រោះថ្នាក់​ផ្សេងៗ រៀងរាល់​៦​នាទី​ម្តង​។ ជាក់ស្តែង​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ ត្រូវការ​ឈាម​ប្រចាំថ្ងៃ​ប្រមាណ​ ២០០ ​ប្លោក​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ឱ្យដឹង​ក្នុង​ពិធី​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង​ថា សេចក្តីត្រូវការ​ឈាម​ទូទាំងប្រទេស​មាន​ជិត​ ១០​ ម៉ឺន​ប្លោក​ដែល​វា​លើសពី​ការរំពឹង បើ​ធៀប​នឹង​ឆ្នាំមុនៗ​ជិត ​២០​ ភាគរយ ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​គ្របដណ្តប់​ ៧០​ ភាគរយ​នៃ​ការផ្គត់ផ្គង់​ឈាម​។

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់​នៅ​ថ្ងៃទី​ ១ ធ្នូ​ថា ចំណែក​ការទទួល​ឈាម​តាមរយៈ​សប្បុរសជន​ដោយ​មិន​គិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត​ឆ្លើយតបបាន​ត្រឹមតែ​១១​ភាគរយ​ប៉ុណ្ណោះ​ នៃ​តម្រូវការ​ក្នុងប្រទេស​កម្ពុជា ខណៈ​ប្រទេសជិតខាង​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ អាច​ផ្គត់ផ្គង់​រហូតដល់​លើសពី​៩០​ភាគរយ​នៃ​តម្រូវការ បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​។​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម អះអាងថា បរិបទ​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​ធ្វើឱ្យ​កម្ពុជា​ត្រូវការ​ឈាម​ដដែល ពោលគឺ​មិន​ថមថយ​នោះឡើយ​។ ការកើនឡើង​យ៉ាង​ដូច្នេះ ព្រោះតែ​អត្រា​ស្ត្រី​សម្រាលកូន អ្នកជំងឺ​វះកាត់ និង​ការបិទ​ប្រទេស​ទើប​ធ្វើ​អ្នកជំងឺ​បង្វែ​ល​មក​ទទួល​សេវា​ព្យាបាល​នៅក្នុង​ប្រទេស​។

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ជំរុញ​ឱ្យដល់​ប្រជាពលរដ្ឋ យុវជន និង​កម្លាំងប្រដាប់អាវុធ បន្ត​ចូលរួម​បរិច្ចាគ​ឈាម​យ៉ាង​ផុលផុស​បន្តទៀត ដើម្បី​ជួយ​ដល់​អ្នកជំងឺ​ដែល​កំពុង​ឈាម​នៅតាម​មន្ទីរពេទ្យ​។ លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង បន្ថែមថា សម្រាប់​មូលដ្ឋាន​ខេត្តកោះកុង តម្រូវការ​ព្យាបាល​យ៉ាងហោចណាស់ ​១០ ​ប្លោក ករណី​ចាំបាច់​សង្គ្រោះ​អ្នកជំងឺ ឬ​អ្នក​ជួប​គ្រោះថ្នាក់​ផ្សេងៗ​។ ៩​ ខែ​ឆ្នាំ​ ២០២១ ​នេះ ការផ្គត់ផ្គង់​ឈាម​ទូទាំងប្រទេស​កម្ពុជា​មាន​ជិត​ ៧ ​ម៉ឺន​ប្លោក ប៉ុន្តែ​តាមរយៈ​ការផ្តល់​ឈាម​ដោយ​សប្បុរសជន​អ្នកស្ម័គ្រចិត្ត មិន​គិត​កម្រៃ​ឆ្លើយ​តម្រូវការ​បាន​ត្រឹម​ ៩​ ភាគ​ប៉ុណ្ណោះ​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។

​ដោយឡែក​លោក ជា ចាន់​កញ្ញា អភិបាលស្រុក​ស្រែអំបិល បាន​ចាត់ទុកថា សកម្មភាព​នៃ​ការចូលរួម​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​របស់​ព្រះសង្ឃ កម្លាំងប្រដាប់អាវុធ និង​យុវជន​មាន​ចំនួន​ ៣៥០​ នាក់​នៅថ្ងៃនេះ គឺ​ព្រាប​បីដូច​ជំនួយការ​គ្រូពេទ្យ​ម្នាក់​ដ៏​សំខាន់បំផុត សម្រាប់​សង្គ្រោះ​ជីវិត​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​។ ការផ្តល់​ឈាម​នៅថ្ងៃនេះ​ដែរ ក៏មាន​ការផ្តួចផ្តើម​បំផុស​ឡើង​របស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ផងដែរ ទោះបីជា​លោកជំទាវ​ពុំបាន​ចូលរួម​។ លោក​អភិបាលស្រុក​ស្រែអំបិល បន្ថែមថា ការ​បរិច្ចាគ​ឈាម​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ខ្លួនឯង និង​សង្គមជាតិ ដោយ​យើង​អាច​ដឹង​ពី​ស្ថានភាព​ជំងឺ​នានា​រួមមាន​៖ ជំងឺថ្លើម ស្វាយ អេដស៍​។​ល​។ ហើយ​លទ្ធផល​ឈាម​ត្រូវបាន​រក្សា​ការសម្ងាត់​ទៀតផង​។ ផ្ទុយ​មកវិញ​មិន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​រស់នៅ​ប្រចាំថ្ងៃ​នោះទេ​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services