Connect with us

ព័ត៌មានជាតិ

ល្បែងទាញព្រ័ត្រខ្មែរ មានលំនាំប្រវត្តិ​ និងអត្ថន័យគួរឱ្យស្ញប់ស្ញែង

បានផុស

នៅ

ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះ ជាខួបលើកទី៦ នៃការដាក់បញ្ចូល “ល្បែងទាញព្រ័ត្រកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។

ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏មានប្រជាប្រិយភាព មានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ដោយផ្អែកលើភ័ស្តុតាងដែលមានតម្លៃជាប្រវត្តិសាស្រ្តដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានា ជាពិសេសនៅលើផ្ដែរ។ សារមន្ទីរជាតិកម្ពុជាមានដាក់តាំងផ្ដែរពីសម័យអង្គរមួយដែលមកពីស្រុករំដួល ខេត្តស្វាយរៀង បង្ហាញពីពួកទេវៈ និង ពួកអសុរៈ ចង់បានទឹកអម្រឹតបានរួមគ្នាកូរសមុទ្រទឹកដោះ អស់រយៈពេលប្រហែល មួយពាន់ឆ្នាំ ហើយលេចចេញមកនូវរតនៈសម្បត្តិជាច្រើនឥតគណនា ក្នុងនោះមានព្រះនាងលក្សី្មផងដែរ។ ព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងនឹងល្បែងទាញព្រ័ត្ររបស់ខ្មែរដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់ យុវជនខ្មែរទាំងបុរស ទាំងស្ត្រី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។

លោក ញាណ ភឿន បញ្ជាក់បន្ថែមថា ល្បែងទាញព្រ័ត្រនេះមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទំាងបង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿងកូរសមុទ្រទឹកដោះ។ ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ ពួកគេត្រូវសាមគ្គីគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយ ព្រមទាំងបញ្ចេញសមត្ថភាព ឱ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះ ហើយល្បែងទាញព្រ័ត្រនេះ គឺមានដំណាលរឿងពីបុរាណខ្មែរយើង នៅក្នុងរឿងកូរសមុទ្រ ទឹកដោះ។

ល្បែងទាញព្រ័ត្រ ជាល្បែងដែលគេលេងជាទូទៅទាំងសាកលលោក។ នៅប្រទេសខ្លះវាគ្រាន់តែជាល្បែងល្បងកម្លាំងរវាងមនុស្សពីរក្រុម ដើម្បីកម្សាន្តសប្បាយប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងប្រទេសធ្វើកសិកម្មមួយចំនួននៅតំបន់អាស៊ី គេលេងល្បែងទាញព្រ័ត្រតែក្នុងឱកាសសំខាន់ណាមួយ ដែលមានលក្ខណៈពិសេស ហើយមានន័យភ្ជាប់ទៅនឹងសង្គមសាសនាយ៉ាងមុតមាំ។

កម្ពុជាស្ថិតក្នុងចំណោមប្រទេសធ្វើកសិកម្ម ដែលគេលេងទាញព្រ័ត្រសម្រាប់កម្សាន្តផង ហើយបង្កប់ជំនឿនៅក្នុងនោះផង។ បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរតែងថែរក្សា និងអភិរក្សល្បែងនេះរហូតមក តាមរយៈការលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក៏ដូចជាក្នុងកិច្ចពិធីបុណ្យសាសនានានានៅតាមវត្តអារាម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម