Connect with us

ព័ត៌មានជាតិ

គយព្រមានផាកពិន័យនិងកម្ទេចចោលរថយន្តចង្កូតស្តាំមិនកែមកឆ្វេងទាន់ពេលកំណត់

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានព្រមានដល់ម្ចាស់រថយន្តចង្កូតស្តាំ ដែលកំពុងប្រើប្រាស់សព្វថ្ងៃ ត្រូវប្រញាប់ធ្វើការកែសម្រួលឲ្យស្របតាមច្បាប់កំណត់ ដើម្បីជៀសវាងការអនុវត្តផ្លូវច្បាប់របស់សមត្ថកិច្ច។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃពុធម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២តទៅ សមត្ថកិច្ចនឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺនម៉ាត់បំផុត។ បន្ទាប់ពីបង្ក្រាបបាន ម្ចាស់រថយន្តចង្កូតស្តាំ ត្រូវរងការផាកពិន័យ ហើយរថយន្តនឹងត្រូវដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោល តាមនីតិវិធីជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ  ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករត្រូវបង់ចំនួន ១០% នឹងត្រូវបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីទុកពេលវេលាក្នុងការកែចង្កូតពីស្តាំមកឆ្វេង ឲ្យស្របតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកដល់អ្នកប្រើប្រាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធនៅក្នុងប្រទេស ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ក៏ទទួលបានការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០%ផងដែរ។ ប៉ុន្តែនឹងដល់ឱសានវាទត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។ អគ្គនាយកដ្ឋានគយបានសង្កត់ធ្ងន់ថា ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវបង់ប្រាក់ពន្ធអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះទៀតទេ។ យ៉ាងណាក៏ដោយ ទោះបីជាទទួលបានការអនុញ្ញាតឲ្យចូលទៅបង់ពន្ធ និងអាករនេះ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ក្តី ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២តទៅ សមត្ថកិច្ចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ លើរថយន្តគ្មានពន្ធ និងអាករគ្រប់ប្រភេទ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម