Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រាប់សិប​គ្រួសារ​ស្នើ​អាជ្ញាធរ​ជួយទារ​លុយ​ថ្លៃ​ឈ្នួល​ដី​នៅតំបន់គោកព្រះ

បានផុស

នៅ

ប្រជាពលរដ្ឋមួយក្រុម តំណាងឱ្យប្រជាពលរដ្ឋរាប់សិបគ្រួសារ នៅក្នុង​ខេត្តកំពង់ធំ បានស្នើសុំឱ្យ​អាជ្ញាធរជួយអន្តរាគមន៍ទារថ្លៃឈ្នួលដីធ្វើស្រែពីម្ចាស់ដីនៅតំបន់គោកព្រះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រជាពលរដ្ឋរៀបរាប់ក្នុងលក្ខណ្ឌសុំមិនបញ្ចេញឈ្មោះថា ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំកន្លង​មកនេះពួកគាត់បានជួលដីស្រែនៅតំបន់គោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ពីម្ចាស់ដីស្រែ ក្នុងមួយហិកតា ត្រូវបង់ថ្លៃឈ្នួលឱ្យគេ ១ លានរៀល ក្នុងមួយរដូវដោយ​ម្ចាស់ដីជាអ្នកផ្គត់ផ្គង់ទឹក​ស្រែឱ្យពួកគាត់ ចំណែកពួកគាត់ ត្រូវសាបព្រោះ និងទិញជីដាក់ស្រែដោយខ្លួនឯងដើម្បីប្រមូលផល។

ដល់រដូវធ្វើស្រែឆ្នាំ ២០២១ ពួកគាត់មួយចំនួន បានបង់ថ្លៃឈ្នួលដីស្រែជាមុនពាក់កណ្តាល ដូច្នេះនៅពេលក្រុមការងារ អន្តរក្រសួងចុះដកហូតយក​ដីស្រែនៅតំបន់​គោកព្រះ​ ពួកគាត់ជាអ្នកជួលដីស្រែនោះក្លាយជាជនរងគ្រោះ ព្រោះខាតបង់ទៅលើពូជស្រូវដែលបានសាបព្រោះរួចហើយ និងខាតទៅលើការបង់ប្រាក់​ឱ្យម្ចាស់ដីស្រែមុនពាក់កណ្តាល។

លោក ស៊ុំ សុជាតិ ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំង ដែលមានដីស្រែនៅតំបន់គោកព្រះ ជាង ៦០០ ហិកតា បានប្រាប់តាមទូរសព្ទឱ្យដឹងថា ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ដែលបានជួល​ដីស្រែពីលោក ខ្លះបានបង់ថ្លៃឈ្នួលបាន៣០ ភាគរយខ្លះ ២០% និងខ្លះអត់បានបង់ថ្លៃឈ្នួល​ដីស្រែឱ្យ​ទេ គឺដល់ពេលប្រមូលផលទើបគាត់បង់ឱ្យ។ ដូច្នេះ ចំពោះការនិយាយថាបានបង់ប្រាក់ថ្លៃឈ្នួលដីស្រែ ៥០% ជូនលោកនោះ គឺមិនពិតនោះទេ។

លោក ស៊ុំ សុជាតិ បានបន្តថា ការសុំទាមទារយកប្រាក់ថ្លៃជួលដីស្រែខាងលើនេះ លោកគ្មានលទ្ធ ភាពសងជូនវិញទេ ព្រោះលុយដែលបានបង់ឲ្យលោកនោះ គឺលោកបានយកទៅចំណាយធ្វើប្រ ឡាយបង្ហូរទឹកសំរាប់ផ្គត់ផ្គង់ទឹក ជូនពួកគាត់ធ្វើ ស្រែអស់ទៅហើយ។

ម្យ៉ាងទៀតនៅក្នុងពេលនេះ ដីស្រែទាំងអស់របស់លោកដែលបានទិញពីប្រជា ពលរដ្ឋកន្លង លោកក៏បានប្រគល់ជូនរដ្ឋវិញអស់ ទៅហើយ រឿងនេះគឺជាការខាតបង់ទាំងអស់គ្នា ។

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងប្រាប់ថា តំបន់គោកព្រះនេះ ពីមុនមកគឺជា​តំបន់ព្រៃលិចទឹកដែលមានទំហំដីសរុបចំនួនជាង ៥ ពាន់ ហិកតា។ ប៉ុន្តែក្រោយមក ត្រូវបានប្រជា​ពល​រដ្ឋខិលខូច និងមន្ត្រីខិលខូច បានលួចឈូសឆាយ រំលោភយកជាកម្មសិទ្ធិអស់​ជិត១០០​ភាគរយ និងបានលក់ដូរតៗគ្នាដើម្បីធ្វើស្រែ។

ដោយឡែក គិតមកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២ ១ នេះអនុវត្តតាមបញ្ជារបស់សម្ដេចតេជោហ៊ុនសែ ននាយករដ្ឋមន្ត្រី ក្រុមការងារចំរុះរបស់អន្តរក្រសួង និងអាជ្ញាធរខេត្ត បានសម្រេចដកហូត ដីតំបន់៣ នៅចំណុចគោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ប្រមាណជាង៥ ពាន់ ហិកតា ទុកជាសម្ប ត្តិរដ្ឋវិញ។

នៅក្នុងប្រតិបត្តិការនេះដែរ ក៏មានអ្នកសារភាពចំនួន១៣នាក់ ផងដែរបានចេញមកសារភាព​និងយល់ព្រមប្រគល់ដីដែកខ្លួនបានកាន់កាប់សរុបចំនួន ២០៥៨,៥០ ហិកតាជូនទុកជាសម្បត្តិរដ្ឋវិញ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថា ក្រោយពីបញ្ចប់ប្រតិបត្តិការដកហូតដីទឹកនៅ ក្នុងស្រុកកំពង់លែង ក្រុមការងារខេត្តនិងអន្តរក្រ​សួងនឹងបន្តចុះទៅស្រាវជ្រាវដកហូតដីតំបន់៣នៅ​បណ្ដាស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ឆ្នាំង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម