Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​បន្ថែម តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍

បានផុស

នៅ

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វីលីពីន ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​បន្ថែម តាមរយៈ​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម និង​ការផ្គូផ្គង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក តែ​វ​ដូ​រ៉ូ ឡក់​ស៊ីន ជេ​អរ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ហ្វីលីពីន បាន​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វីលីពីន​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី (3rd JCBC) រយៈពេល​២​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​​​០១ ដល់ទី​០២ ខែធ្នូ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ស៊ីជម្រៅ លើ​បញ្ហា​ដែលជា​ផលប្រយោជន៍​រួម និង​បាន​ពិនិត្យ​រិះរក​សក្តានុពល​នានា ដើម្បី​ពង្រីក និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ដែលមាន​ស្រាប់ ក្នុង​វិស័យ​នយោបាយ​-​សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និង​វិនិយោគ កសិកម្ម និង​ក​សិ​ធុរកិច្ច ទេសចរណ៍ ការតភ្ជាប់​ផ្លូវអាកាស វប្បធម៌ ការងារ ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សុខាភិបាល និង​បរិស្ថាន​។​

ទាក់ទង​វិស័យ​ការពារជាតិ និង​សន្តិសុខ កម្ពុជា និង​ហ្វីលីពីន បានទទួល​ស្គាល់ អំពី​សារសំខាន់ នៃ​ការរក្សា​នូវ​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាងសកម្ម រវាង​មន្ត្រីជាន់ខ្ពស់​យោធា និង​មន្ត្រីជាន់ខ្ពស់​នគរបាល តាមរយៈ​វេទិកា​ទ្វេភាគី និង​ពហុភាគី ដោយ​ធ្វើការ​ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​រវាង​ប្រទេស​ទាំងពីរ​។ ទន្ទឹម​នេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការកើនឡើង នៃ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ ដូចជា​ភេរវកម្ម ការជួញដូរ​គ្រឿងញៀន​និង​ការជួញដូរ​មនុស្ស ការ​រត់ពន្ធ​អាវុធ ការលាង​លុយកខ្វក់ ចោរ​សមុទ្រ ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ការ​ក្លែងបន្លំ​អត្តសញ្ញាណ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

ដោយ​កត់​សម្គាល់​ឃើញ​អំពី​សក្តានុពល និង​កាលានុវត្តភាព​ដ៏​ធំធេង នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ គណៈកម្មការ​ចម្រុះ​បាន​ប្តេជ្ញា​ជំរុញ​បន្ថែម​ទៀត​នូវ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​បន្ថែម​ដូចជា ពិព័រណ៍​ពាណិជ្ជកម្ម ការ​តាំងពិព័រណ៍ ការផ្គូផ្គង​ធុរកិច្ច​រវាង​សហគ្រាស​អាហរ័ណ​-​នីហរ័ណ នៃ​ប្រទេស​ទាំងពីរ ហើយ​ភាគី​ទាំងពីរ ក៏បាន​ស្វាគមន៍​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​ហ្វីលីពីន​ផង​ដែរ​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ ភាគី​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ហ្វីលីពីន​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ជាពិសេស ផ្នែក​ស្រូវ បន្លែ និង​ការ​ចិញ្ចឹម​សត្វ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម