Connect with us

ព័ត៌មានជាតិ

ទិវានំប្រពៃណីចាម្ប៍ នឹងប្រារព្ធលើកដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះ

បានផុស

នៅ

យុវជនចាម្ប៍មួយក្រុមដែលស្គាល់ថា ជាយុវជនចាម្ប៍បានសហការគ្នា រៀបចំតាំងបង្ហាញអំពីនំប្រពៃណីរបស់ជនជាតិខ្លួន ក្រោមកម្មវិធីឈ្មោះ «ទិវានំប្រពៃណីចាម្ប៍» សម្រាប់​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែធ្នូ ឆ្នាំ​២០២១ នេះ​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៦​ល្ងាច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡឹប កើ តំណាង​ឲ្យ​ក្រុមយុវជន​ និង​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​បាន​ប្រាប់ថា​៖ “​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ​គឺ​ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​ស្វែងយល់ និង​ផ្សព្វផ្សាយ​វប្បធម៌​ចាម្ប៍​ជូន​ដល់​សាធារណជន​ទូទៅ ជាពិសេស​នំ​ប្រពៃណី​ចាម្ប៍​នេះ ​ដែល​ភាគច្រើន បងប្អូន​ខ្មែរ និង​ជនជាតិ​ផ្សេងៗ​ពុំដែល​បាន​ស្គាល់​។ ក្នុងនោះ ទិវា​នំ​ប្រពៃណី​ចាម្ប៍​នេះ ប្រារព្ធ​ឡើង​ដោយ​ក្រុមយុវជន​ចាម្ប៍ (​ភាគច្រើន​ជា​និស្សិត​កំពុង​សិក្សា​នៅ​រាជធានី​ភ្នំពេញ​) ដែល​ពួកយើង មានចិត្ត​រួមគ្នា​តែមួយ​ក្នុង​ការរក្សា​អត្តសញ្ញាណ​របស់​ជនជាតិ​យើង​។​”

​លោក​ឡឹប កើ បាន​បន្ថែមទៀតថា​៖ “​នំ​ទាំងអស់​ក្នុង​កម្មវិធី គឺ​ធ្វើ​ដោយ​ដៃ ពុំមាន​ប្រើ​ពុ​ម្ភ ឬ​មធ្យោបាយ​ជំនួយ​ឡើយ ហើយ​ធ្វើជា​ពិសេស និងចំណាន​បំផុត ពី​សហគមន៍ ជនជាតិ​ចាម្ប៍​នៅក្នុង​តំបន់ ដែល​ភាគច្រើន​មក​ខេត្តកំពង់ឆ្នាំង ស្រុក​កំពង់ត្រឡាច​។ នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ​ ក៏មាន​ភ្លេង​ស្គរ​ចាម (​ស្គរ​បា​ណា​ឬ​ស្គរ​យីកេ​) ភ្លេង​ប្រពៃណី​មួយ​ដែល​ជនជាតិភាគតិច​ចាម្ប៍​តែង តែ​ប្រារព្ធ​លេង​នៅពេល​មាន​ពិធី​បុណ្យផ្កា (​ម៉ៅ​លុត​) ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​ចូលសាសន៍ និង​ពិធី​ផ្សេងៗ​ជាច្រើន​ទៀត​”​។

​កម្មវិធី​នេះ ​អនុញ្ញាត​ និង​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​អនុញ្ញាត​ឲ្យ​រៀបចំ​ទិវា​នេះ​នៅ​សារមន្ទីរ​ខ្លែង​ខ្មែរ (​ទល់មុខ​រដ្ឋសភា​ថ្មី​) ចាប់ពី​ម៉ោង ៣​រសៀល រហូតដល់​ម៉ោង ៦ ល្ងាច​។

​សាធារណជន​អាច​ចូលរួមបាន​ដោយ​សេរី ជាពិសេស​ក៏​អាច​ពិសា​នំ​ប្រពៃណី​ចាម្ប៍​ដោយ ឆ្ងាញ់​ពិសា​ផងដែរ​។ ទន្ទឹមនឹងនោះ អ្នករៀបចំ​កម្មវិធី​ក៏​រំពឹងទុក​ថា ទិវា​នេះ​នឹង​ក្លាយជា​កន្លែង​សម្រាប់​យុវជន​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ប្រពៃណី​ចាម្ប៍​នៅ​កម្ពុជា ហើយ​និង​អាចជា​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ​ផងដែរ ប្រសិនជា​មានការ​គាំទ្រ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម