Connect with us

ព័ត៌មានជាតិ

ពលរដ្ឋលើកោះប៉ោ ចង់ឃើញមូលដ្ឋានរបស់ខ្លួន មានការអភិវឌ្ឍប្រែមុខមាត់ថ្មី

បានផុស

នៅ

ប្រជាពលរដ្ឋ រស់នៅលើដែនដីកោះប៉ោ ឃុំប៉ាក់ខ្លង កំពុងរស់នៅខ្វះភាពកក់ក្តៅ បើប្រៀបធៀបនឹងអ្នករស់នៅដីគោក ខណៈជួបប្រទះបញ្ហាជីវភាពខ្វះខាត និងទទួលបានសេវាសង្គមផ្សេងៗ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅលើដែនដីកោះ គឺភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត​កោះកុង ទទូចចង់ឃើញមូលដ្ឋានរបស់ខ្លួន មានការអភិវឌ្ឍប្រែមុខមាត់ថ្មី ជាងពេលសព្វថ្ងៃនេះ។ ប្រជាពលរដ្ឋ ហាក់ច្រណែននឹងជីវភាព រស់នៅបែបស៊ីវីល័យរបស់អ្នកដែនដីគោក។ រីឯពួកគាត់នៅដីកោះ កំពុងទទួលរងកង្វះខាតសេវាសង្គម ជាច្រើនដូចជា៖ សេវាសុខភាព សាលារៀនថ្នាក់អនុវិទ្យាល័យ ផ្លូវ ស្ពាន ទឹក ភ្លើងអគ្គិសនី នៅពុំទាន់មានការ តភ្ជាប់។

លោក វឹន សាវ៉ាទ មេភូមិកោះប៉ោ រៀបរាប់កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះថា ប្រជាពលរដ្ឋទាំងអស់នៅតែតស៊ូ មិនព្រមបោះបង់ទម្លាប់ នៃការរស់នៅលើដែនដីកោះនេះឡើយ បើទោះបីជាកូនចៅរបស់គាត់ ពុំបានទទួលការសិក្សាបានចប់ខ្ពង់ខ្ពស់យ៉ាងក្តី ខណៈពួកគាត់ពុំមានលទ្ធភាពបង់ថ្លៃធ្វើដំណើរ សេវាស្នាក់នៅ ហូបចុកចាយវាយ ដល់កូនៗបន្តការសិក្សានៅទីរួមខេត្ត ព្រោះតែការធ្វើដំណើរតាមទូក មានផលលំបាក ពេលមានភ្លៀង ខ្យល់ និងរលកបោកបក់ខ្លាំង។

លោកមេភូមិបន្តថា តាំងពីដើមឡើយមក ប្រជាពលរដ្ឋនៅទីនោះ ពុំបានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ឡើយ ភាគច្រើនបានបញ្ចប់ត្រឹមថ្នាក់បឋម ព្រោះតែពុំដែលមានសាលាថ្នាក់ខ្ពស់ជាងនេះ ត្រូវរៀនបន្តទៀត។ បើនិយាយពីមណ្ឌលសុខភាពវិញពុំមានទេ រាល់ពេលកុមារ និងស្ត្រីមានផ្ទៃពោះ ប្រឈមខ្លាំងផ្នែកបញ្ហាសុខភាព អំឡុងពេលដឹកជញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុងម្តងៗ។

អ្នកស្រី សុខ ចន្ថា និងលោក អ៊ីន សាវ៉េត បានស្នើយ៉ាងទទូចឲ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ជួយពន្លឿនការផ្តល់សេវាសុខាភិបាល ឬមណ្ឌលសុខភាពនៅមូលដ្ឋានពួកគេរស់នៅ ដើម្បីសម្រួលការលំបាករបស់ពលរដ្ឋ។ ទោះបីជាកន្លងទៅ មានក្រុមគ្រូពេទ្យ បានចុះពិនិត្យអប់រំណែនាំពីរបៀបថែរក្សាសុខភាពអនាម័យ ១ខែម្តងយ៉ាងណាក្តី។

កុមារី ចក់ ចន្ទពីន ក៏បានឲ្យដឹងដែរថា ជីវិត និងការសិក្សារបស់នាង ត្រូវបញ្ចប់ត្រឹមថ្នាក់បឋមនេះហើយ ព្រោះតែស្ថានភាពជីវភាពគ្រួសារក្រីក្រ ពុំមានលទ្ធភាពបង់ថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ ហូបចុកចាយវាយ សម្រាប់បន្តការសិក្សាថ្នាក់អនុវិទ្យាល័យ នៅឯទីរួមខេត្ត ត្បិតទីរួមខេត្តមិនឆ្ងាយពីមូលដ្ឋានរស់នៅប៉ុន្មានទេ។

កុមារី ច័ន្ទពីន លើកឡើងហាក់អស់សង្ឃឹមទៀតថា នាងចង់បានសាលារៀន ថ្នាក់អនុវិទ្យាល័យមួយខ្នង នៅលើដែនដីកំណើតរបស់គេ ដើម្បីបង្កើនចំណេះដឹង ដល់កុមារក្រោយៗទៀត។

ពលរដ្ឋនៅលើដីកោះប៉ោ លាន់មាត់រម្លឹកថា កាលពីអាណិត្តលោក ហាក់ ឡេង នៅជាអភិបាលស្រុកមណ្ឌលសីមា គឺរូបលោក និងក្រុមការងារ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ណាស់ ពីសួរសុខទុក្ខរបស់ពលរដ្ឋ ព្រមទាំងដោះស្រាយរាល់បញ្ហាខ្វះខាតជាប្រចាំ។

ភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឋិតនៅទិសខាងជើងនៃទីរួមខេត្តកោះកុង ឆ្ងាយពីទីរួមខេត្តជាង ១៥ គីឡូម៉ែត្រ បើតាមជិះទូក ឬអូរប័រតាមផ្លូវទឹកមាត់ព្រែកដៃសមុទ្រ ពលរដ្ឋរស់នៅទីនោះមានជាង ២០០គ្រួសារ ភាគច្រើនជាអ្នកប្រកបមុខនេសាទសមុទ្រ និងដាំណាំកសិកម្មបន្តិចបន្តួច គ្រាន់នឹងដោះស្រាយ កម្រិតជីវភាពរស់នៅក្នុងគ្រួសារប្រចាំថ្ងៃប៉ុណ្ណោះ។

លោក ប្រាក់ វិចិត្រ បច្ចុប្បន្នជាអភិបាលស្រុកមណ្ឌលសីមា ពន្យល់នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២១ថា លោកតែងចាត់ដល់មេឃុំប៉ាក់ខ្លង ចុះពិនិត្យពីស្ថានភាពជីវភាពរស់នៅ ក៏ដូចជាតម្រូវការចង់បានរបស់ពលរដ្ឋជាប្រចាំដែរ។ អ្វីដែលពលរដ្ឋលើកឡើងខាងលើ លោកទទួលស្គាល់ និងស្វែងរកដំណោះស្រាយផងដែរ ដោយលើកជាគម្រោងអភិវឌ្ឍន៍ ស្ពានឆ្លងកាត់ពីក្រុងខេមរភូមិន្ទ ឆ្ពោះទៅកាន់កោះប៉ោ តែវិសាលភាពនេះធំធេងណាស់ កម្រិតថ្នាក់ស្រុកពុំមានលទ្ធភាពនោះ។

លោក ប្រាក់ វិចិត្រ អះអាងថា បញ្ហាស្ពាននេះ រូបលោកធ្វើសំណើបន្តទៅកាន់រដ្ឋបាលខេត្ត ដើម្បីពិនិត្យដោះស្រាយបន្ត។ ចំពោះភ្លើងអគ្គិសនី រឹតតែពិបាកទៅទៀត សូម្បីតែនៅទីរួមស្រុកជួបបញ្ហាប្រឈមទៅហើយ ចុះទំរាំនៅកោះប៉ោនៅឆ្ងាយ។

កាលពីសម័យតស៊ូទាមទារឯករាជ្យ ពីរបបត្រួតត្រាអាណានិគមនិយមបារាំង ដែនដីកោះប៉ោ គឺជាទីកន្លែងយ៉ាងស្ងប់ស្ងាត់ របស់វីរៈកុលបុត្រ សាយ ភូថង បួសនិងសិក្សារៀនសូត្រ កាលនៅនៅវ័យ ១០ឆ្នាំ មុនក្លាយជាមេដឹកនាំចលនាក្រុមយុវជន ឲ្យក្រោកឈរឡើងតស៊ូប្រឆាំងទាមទារឯករាជ្យ ដើម្បីរំដោះពលរដ្ឋខ្មែរ ឲ្យរួចចាកផុតពីនឹមត្រួតត្រានោះ៕

អត្ថបទ៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម