ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ៖ ភូមិប្រមាណ៥០%នៅទូទាំងប្រទេស មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ
ការសិក្សាថ្មីៗនេះ បានបង្ហាញឱ្យឃើញថា ភូមិចំនួនប្រមាណ ៥០% នៅទូទាំងប្រទេសកម្ពុជា មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ ដែលបញ្ហានេះ ក្រសួងកំពុងខិតខំដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមការបញ្ជាក់របស់លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឱ្យដឹងបែបនេះនៅក្នុងជំនួបជាមួយប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមប្រព័ន្ធអនឡាញកាលពីចុងសប្តាហ៍មុន។ លោក បានគូសបញ្ជាក់ថា ដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចាំបាច់ត្រូវមានហិរញ្ញប្បទានបន្ថែមទៀតសម្រាប់គាំទ្រដល់ប្រតិបត្តិករទឹកស្អាតក្នុងការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវារបស់ខ្លួន។
លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ដោយមូលហេតុអាកាសធាតុ កំណើនប្រជាជន ការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន តម្រូវការប្រើប្រាស់ទឹកមានការកើនឡើងឥតឈប់ គឺក្រសួងកំពុងពិចារណាអនុវត្តនូវគោលនយោបាយមួយចំនួន ដូចជា ការលើកទឹកចិត្តឱ្យប្រតិបត្តិករទឹកស្អាតដែលមានសមត្ថភាពហិរញ្ញវត្ថុ និង មានប្រភពទឹកគ្រប់គ្រាន់ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងពង្រីកបណ្តាញទឹកស្អាត រួមទាំងការលក់ទឹកដុំឱ្យតំបន់ដែលប្រឈមនឹងការខ្វះប្រភពទឹក ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បាន និងកំពុងគាំទ្រដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership) ហើយក្រសួងក៏កំពុងអនុវត្តគោលនយោបាយគាំទ្រដល់គ្រួសារក្រីក្រតាមរយៈការឧបត្ថម្ភធនភ្ជាប់បណ្តាញ និងការឧបត្ថម្ភធនថ្លៃលក់ទឹកជាដើម។
ជាមួយនេះ ក្រសួងក៏កំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគាំទ្រដល់ការដំណើរការផ្គត់ផ្គង់ទឹកស្អាត ដូចជា ការប្រើប្រាស់ sensors ក្នុងការគ្រប់គ្រងគុណភាពទឹកស្អាត ឬការប្រើ Internet of Thing ។ សម្រាប់ការជួយគាំទ្រដល់ប្រតិបត្តិករទឹកស្អាតផ្សេងទៀត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និង កំពុងផ្តល់ការគាំទ្របច្ចេកទេសតាមរយៈមន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្រដល់អង្គភាពរដ្ឋាករទឹកសាធារណៈក្នុងការបង្កើនប្រសិទ្ធភាពដំណើរការប្រតិបត្តិការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ។ ក្រសួង ក៏កំពុងពិនិត្យលទ្ធភាពបង្កើតវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលជំនាញសម្រាប់វិស័យទឹកស្អាតផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ជូនភាគី ADB ថា បច្ចុប្បន្ន ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងបង្កើតនូវយន្តការសម្របសម្រួលរវាងស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់រូប។
លោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជម្រាបជូនថាគោលបំណងរបស់បេសកកម្ម ADB គឺដើម្បីស្វែងយល់ថា តើការជួយគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុងវិស័យទឹកស្អាតនៅកម្ពុជាយ៉ាងណាដែរ? ហើយតើអាចរៀនសូត្របានអ្វីខ្លះពីការគាំទ្រនេះ?ចំណុចល្អ និងចំណុចខ្វះខាត? តើបញ្ហាអ្វីខ្លះ ដែលក្រសួងមានបំណងស្នើសុំឱ្យ ADB បន្តជួយគាំទ្រ ក៏ដូចជា បញ្ហាដែលជួបប្រទះក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់ADBដែលបានផ្តល់ហិរញ្ញប្បទានជាច្រើនដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា រួមទាំងវិស័យទឹកស្អាតនេះ។ លោក បានបញ្ជាក់ថា គោលនយោបាយទឹករបស់ ADB គឺស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទីប្រជុំជនឱ្យបាន ១០០%នៅត្រឹម ឆ្នាំ២០២៥ ។ ដើម្បីអាចសម្រេចបានគោលនយោបាយនេះក្រសួងត្រូវការជាចាំបាច់នូវការជួយគំាទ្រពីដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក៏មានធនាគារអភិវឌ្ឍន៍អាស៊ី ADB ផងដែរ។
គួរបញ្ជាក់ជូនថា ទាក់ទងនឹងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ADB ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគម្រោងចំនួន២ គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន (Urban Water Supply Project) ADB លេខ៣២៣២និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ADB លេខ៣៦៣០។ មកដល់ពេលនេះ ការអនុវត្តគម្រោងទាំង២ កំពុងដំណើរការបានល្អទៅតាមផែនការដែលបានគ្រោងទុក ទោះបីជាកន្លងមកមានការយឺតយ៉ាវខ្លះដោយមូលហេតុនៃការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានទឹកស្អាត និងក្រសួង ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាមន្ត្រីរបស់គម្រោងមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ