អាជ្ញាធរ​មីន​កំពុង​ពន្លឿន​ឱ្យ​កម្ពុជា​ ចាកផុត​ពី​គ្រាប់​មីន​ឱ្យ​បាន​ឆាប់​ អាជ្ញាធរ​មីន​កំពុង​ពន្លឿន​ឱ្យ​កម្ពុជា​ ចាកផុត​ពី​គ្រាប់​មីន​ឱ្យ​បាន​ឆាប់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​មីន​កំពុង​ពន្លឿន​ឱ្យ​កម្ពុជា​ ចាកផុត​ពី​គ្រាប់​មីន​ឱ្យ​បាន​ឆាប់​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការ​សប្បុរស​ធម៌នានា ក្នុងការពន្លឿនឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​នៅកម្ពុជាឲ្យបានឆាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាព​ការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG នៅស្រុកវើនសៃ នៅខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ផងដែរ។

អង្គការ MAG បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ ដោយបានរៀបចំឲ្យមាន​ការធ្វើបទបង្ហាញ​អំពីលទ្ធផលសម្រេចបាន ការអប់រំយល់ដឹងអំពីគ្រាប់មិនទាន់ផ្ទុះ​នៅតាមសហគមន៍ជនជាតិភាគតិច ការស្រាវជ្រាវចម្ការគ្រាប់ចង្កោម និងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមនៅទឹកដីខេត្តរតនគិរី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបាននិងកំពុងចូលរួមជួយដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព ជួយសង្រ្គោះជីវិតមនុស្ស និងបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា បេសកកម្មរបស់លោកជំទាវឯកអគ្គរាជទូតនាថ្ងៃនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីវឌ្ឍនភាពការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG លើទឹកដីខេត្តរតនគិរី ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេដោយសារគ្រាប់បែកចង្កោម។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ក៏ដូចចក្រភពអង់គ្លេស ក្នុងគោលដៅពន្លឿនឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានឆាប់ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកំរិតអប្បបរមា និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជានៅឆ្នាំ ២០២៥។

លោកជំទាវ Tina Redshaw បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស បានផ្តល់ជំនួយជួយដល់អង្គការ MAG ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីជនបទ ព្រមទាំងបានផ្តល់សារអប់រំផ្សេងៗក្នុងគោលដៅបង្កើនការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយលោកស្រីសង្ឃឹមថា ប្រជាពលរដ្ឋដែលបានទទួលសារអប់រំនាថ្ងៃនេះ នឹងផ្សព្វផ្សាយណែនាំបន្តដល់ក្រុមគ្រួសារ និងញាតិមិត្តរបស់ខ្លួន។

ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់បន្ថែមថា ចក្រភពអង់គ្លេស ក៏ដូចជាម្ចាស់ជំនួយដទៃទៀត នឹងបន្តចូលរួមជួយបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services