Connect with us

ព័ត៌មានជាតិ

ទម្លាយ​ព័ត៌មាន​ភ្នំ​សំពៅ​ ល្បី​សំបូរ​ដូនជី​ក្មេងៗសាង​ផ្នួស​​ត​​ជំនាន់​

បានផុស

នៅ

ខេត្តបាត់ដំបង÷ ពលរដ្ឋនិងមហាជនធ្លាប់​ឮ​​ពី​ចាស់ៗ​លើក​ពី​ប្រវត្តិ​ភ្នំសំពៅ​ ដែល​ថា​មាន​ដូនជី​ក្មេង​ៗ​សាងផ្នួសលាង​កម្ម ហើយ​រឿង​នេះ​នៅ​ តែ​មាន​ចម្ងល់​មិន​ទាន់​មានការ​ពន្យល់​​ឲ្យ​ច្បាស់លាស់។

ប្រជាជន​ម្នាក់​ឈ្មោះ ពុទ្ធ សំរិទ្ធអាយុ៧៥ឆ្នាំ រស់នៅ ក្នុងក្រុងបាត់ដំបងបានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅ រសៀលថ្ងៃទី៧ខែធ្នូនេះថា “អ្វីដែលខ្ញុំនៅ ចាំខ្លះៗដូនជីដែលបច្ចុប្បន្នចូលចិត្តចូលកាន់សីលក្នុងវត្តភ្នំអណ្តើក គឺប្រភពដើមចេញពីភ្នំសំពៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹទ្ធាចារ្យ​ជា​ចាស់ទុំ​រូប​នេះ​បាន​លើក​ពី​ប្រវត្តិ​ ដែលធ្វើឲ្យប្រជាជនខ្មែរក៏ដូចជាមហាជនឆ្ងល់ពាក់ព័ន្ធ​ដូនជី​សាង​ផ្នួស​លើ​ភ្នំសំពៅ ដោយ​នៅ លើភ្នំសំពៅ មានវត្តមួយបានសាងសង់ឡើងក្នុងអំឡុងទសវត្ស​ឆ្នាំ១៩៧០ឈ្មោះថា “វត្ត​គិរីរម្យ”។ ការសាងសង់វត្តនេះស្របពេលដែលសម័យនោះមានលោកគ្រូចាស់ៗធ្វើកម្មឋានច្រើននៅ តាមល្អាងនិមួយៗ​លើ​ភ្នំសំពៅ ដើម្បីកាន់សីល​កសាងសេចក្តីសុខដល់មនុស្សទូទៅ ។ គ្រានោះហើយដែលមានពុទ្ធបរិស័ទ្ធជាស្ត្រីចាស់ៗ និងវ័យកណ្តាលជាច្រើនបាននាំគ្នាធ្វើបាយម្ហូបអាហារជូនដល់លោកគ្រូទាំងនោះរាល់ថ្ងៃ។ ក្រៅ ពីផ្តល់អាហារស្ត្រីចាស់ៗនិងវ័យកណ្តាល ក៏បានទទួលការទូន្មាន​ផ្លូវល្អដើរតាមកន្លងធម៍ពីលោកគ្រូទាំងនោះរាល់ថ្ងៃដែរ។

ប្រភពបន្តថា លុះស្ត្រីចាស់ៗទាំងនោះបានជ្រាប និង​យល់ដឹងនូវការទូន្មាន​ដែលធ្វើឲ្យពួកគាត់មានសេចក្តីសុខដោយស្ងប់ចិត្ត ក៏បានដាក់កាយថ្វាយព្រះជាច្រើននាក់ទាំងវ័យចាស់ ទាំងវ័យកណ្តាលនៅ វត្តលើភ្នំសំពៅ ជាដូនជីតែម្តង។

ក្រោយមកវត្តភ្នំអណ្តើកក្បែរ​ភ្នំ​សំពៅ​ ក៏បានកើតឡើង ហើយដូនជីក៏បានចុះមករស់នៅ ក្នុងវត្តថ្មីនេះតែម្តង។ ដោយសារតែអ្នកភូមិស្រុកឃើញបែបនេះ ទើបកូនស្រីមានចិត្តចង់បួសបានអនុញ្ញាតឲ្យបួសក្នុងវត្តភ្នំអណ្តើកតៗគ្នារហូតដល់បច្ចុប្បន្ន។

ស្របជាមួយប្រភពខាងលើ លោកយាយ”ថា”នៅ វត្តភ្នំសំពៅ បានពន្យល់ថា មូលហេតុដែលស្ត្រីបួសជាដូនជីច្រើនក្នុងវត្ត​ភ្នំ​អណ្តើកគឺមកពីទទួលបាននូវការទូន្មាន​វិន័យដើរតាមផ្លូវធម៌បានល្អពីលោកគ្រូជាច្រើន ដែលកាន់សីល​ក្នុងល្អាងកាលពីសម័យនោះ ដូច្នេះហើយទម្លាប់នឹងអនុវត្តតៗគ្នាដល់សព្វថ្ងៃគឺដើមកំណើតកើតចេញពី”វត្ត​គិរីរម្យ”លើភ្នំសំពៅ ។

ភ្នំ​សំពៅ​​ មាន​កម្ពស់​ប្រមាណ១០០​ម៉ែត្រកាំ​ជណ្ដើរ​ឡើង​ចំនួន១០៣០​កាំ និង​មាន​ចម្ងាយ១២​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​បាត់ដំបង​។

ពាក់ព័ន្ធប្រវត្តិខាងលើកម្ពុជាថ្មីមិនអាច​សាកសួរ​ជាមួយប្រធានគណះកម្មការវត្តបញ្ជាក់បន្ថែមទេ។ ចំណែកលោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តក៏មិនបានឆ្លើយតប ខណះដែលលោកបានបើកមើលសំនួរកម្ពុជាថ្មីក្នុងប្រព័ន្ធតេលេក្រាម។

បើយោងតាមប្រភពកម្ពុជាថ្មីទទួលបាន នៅលើ​កំពូល​ភ្នំសំពៅ មាន​វត្ត​មួយឈ្មោះ​ថា”វត្ត​គិរីរម្យ”​ ដែលភ្នំនេះមាន​ល្អាងរហូតដល់១២ល្អាងមានដូចជា ១,​ល្អាង​ផ្កា​ស្លា២,ល្អាង​គក់ទ្រូង៣,ល្អាង​ខ្យល់៤,ល្អាង​តែងខ្លួន៥,ល្អាង​ល្ខោន៦,ល្អាង​ជ្រៃ៧,ល្អាង​ពេជ្រ៨,ល្អាង​ខ្វែង៩,ល្អាង​ប្រេង១០,ល្អាង​ស្ថានីយឬ​ល្អាង​ធំ១១,ល្អាង​ក្បាល​ខ្មោច១២,ល្អាង​ប្រចៀវ។ ក្នុងចំណោមល្អាង​ខាងលើគេសង្កេតឃើញមាន២ល្អាង ដែល​ភ្ញៀវ​និយម​ចូល​ទស្សនា​គឺល្អាង​ផ្កាស្លានិង​ល្អាង​ល្ខោន។

​ក្បែរ​ភ្នំ​សំពៅ​ ក៏សំបូរទៅ ដោយភ្នំផ្សេងៗជាច្រើន​ទៀត​ ដែលជាចង្កោម​នៃភ្នំសំពៅ ដែលមានជាប់ពាក់ព័ន្ធនឹងរឿងព្រេងនិទានផ្សេងៗពីគ្នាដែលក្នុងនោះរួមមាន ភ្នំ​ក្តោង,​ភ្នំ​ក្រពើ,​ភ្នំ​អណ្តើក,​ភ្នំ​ទ្រុងមាន់,​ភ្នំ​ទ្រុងទា,ភ្នំ​នាងរំសាយសក់,ភ្នំ​តាគ្រាមនិង​ភ្នំ​សងក្បាល់។

មន្ត្រីនៃមន្ទីរទេសចរណ៍មួយ​រូប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ភ្នំ​សំពៅ មិន​ត្រឹម​តែជា​រមណីយដ្ឋាន​ធម្មជាតិដ៏​​មាន​ប្រជាប្រិយភាព​តាមរយះល្អាងច្រើនដ៏ត្រជាក់ចិត្តនោះទេ បច្ចុប្បន្នភ្នំនេះក៏ជា​កន្លែង​កម្សាន្ត​មួយដ៏​ទាក់​ទាញក្នុង​ចំណោមរមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង ជាពិសេស​ភ្ញៀវជាតិអន្តរជាតិចូលចិត្តទស្សនីយភាព​ហ្វូង​សត្វ​ប្រជៀវ​រាប់​លាន​ក្បាល ដែល​ហោះ​ចេញ​ពី​ល្អាងផងដែរ។ ជាមួយ​គ្នា​នេះ ទីនោះ​ក៏​កន្លែង​ធ្វើ​កម្មដ្ឋាន​សម្រាប់​អ្នក​ចង់​លាង​ជម្រះ​ភាពសៅ ហ្មង និង​ទុក្ខកង្វល់ផ្សេងៗ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម