Connect with us

ព័ត៌មានជាតិ

សិង្ហបុរី៖ សមិទ្ធផលនានារបស់កម្ពុជា កើតឡើងដោយកត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ

បានផុស

នៅ

សិង្ហបុរីតាមរយៈលោក Teo Eng Dih អនុរដ្ឋលេខាធិការក្រសួងការពារជាតិក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា បានកោតសសើរថា សមិទ្ធផលនានារបស់កម្ពុជាបានកើតទ្បើងដោយកត្តាសន្តិភាព និងការបង្រួបបង្រួមជាតិរបស់ថ្នាក់ដឹកនាំកម្ពុជា។ ការកោតសសើរនេះ បានធ្វើឡើងនៅក្នុងជំនួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយលោក Teo Eng Dih  កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ លោក Teo Eng Dih បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានធ្វើការកោតសសើរនូវវប្បធម៌ អរិយធម៌ និងសមិទ្ធផលនានា ដែលបានកើតទ្បើងដោយកត្តាសន្តិភាព និងការបង្រួបបង្រួមជាតិដែលស្តែងចេញតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ទីតាំងប្រវតិសាស្រ្តនានា ដូចជាសារមន្ទីរជាតិ សារមន្ទីរទួលស្លែង និងវិមានឈ្នះ ឈ្នះ ជាដើម។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ និងបានជម្រាបជូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរួមគ្នាថែរក្សាសន្តិភាពដែលមាននេះឲឱ្យបានគង់វង្ស ដើម្បីបន្តនូវវឌ្ឍនភាព និងភាពសម្បូរណ៍សប្បាយ។ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស សកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា លំហាត់ ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលសិង្ហបុរី សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម