Connect with us

ព័ត៌មានជាតិ

ពលករជិត ២ ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក ភាគច្រើននៅខេត្តជាប់ព្រំដែនថៃ

បានផុស

នៅ

យោងតាមស្ថិតិពលករក្នុងមណ្ឌលចត្តាឡីស័កខេត្ត បានឱ្យដឹងថារហូតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ មានពលករចំនួន ១ ៩១៣ នាក់ កំពុងធ្វើចត្តាឡីស័កនៅ តាមមណ្ឌលចត្តាឡីស័កនានានៅ ទូទាំងប្រទេស ភាគច្រើននៅ ក្នុងមណ្ឌលខេត្តជាប់ព្រំដែនកម្ពុជាថៃ ។ របាយការណ៍ដដែលបានបន្តថា ក្នុងនោះខេត្តជាប់ព្រំដែនកម្ពុជាថៃមាន ១ ៨៩១ នាក់ រួមមាន ខេត្តកោះកុង មានចំនួន ៩ នាក់ បាត់ដំបង មានចំនួន ៤៧៩ នាក់ បន្ទាយមានជ័យ មានចំនួន ៦៨១ នាក់ ខេត្តប៉ៃលិន មានចំនួន ២៧១ នាក់ និងខេត្តឧត្តរមានជ័យ មានចំនួន ៤៥១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានបន្តទៀតថា ជារួមខេត្តជាប់ព្រំដែនថៃមានពលរករចូលមណ្ឌល ១៩៧ នាក់ ចេញពីមណ្ឌល ១៨៤ នាក់ និងនៅ ក្នុងមណ្ឌល ១ ៨៩១ នាក់។

របាយការណ៍បានបន្ថែមទៀតថា ដោយឡែកចំពោះខេត្តមិនជាប់ព្រំដែនថៃវិញមានពលករចូលមណ្ឌល ៤ នាក់ ចេញពីមណ្ឌល ១២ នាក់ និងនៅ ក្នុងមណ្ឌល ២២ នាក់។ ក្នុងនោះ ខេត្តកំពង់ស្ពឺ មានចំនួន ១៨ នាក់ និងខេត្តស្វាយរៀង មានចំនួន ៤ នាក់។

បើតាមរបាយការណ៍សរុប ២៤ ខេត្តមានពលករចូលមណ្ឌល ២០១ នាក់ ចេញពីមណ្ឌល ១៩៦ នាក់ និងនៅ ក្នុងមណ្ឌល ១ ៩១៣ នាក់។

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានស្នើឱ្យអាជ្ញាធរបន្តអនុវត្តការធ្វើតេស្តរហ័សចំពោះអ្នកបើកបរ ជំនួយការអ្នកបើកបរ និងអាជីវករ ដែលឆ្លងកាត់ព្រំដែនដើម្បីផ្លាស់ប្តូរទំនិញនៅ ប្រទេសជិតខាងកម្ពុជា នៅ រៀងរាល់ ៧២ ម៉ោងម្តងតាមការណែនាំដែលបានដាក់ចេញកន្លងមក រហូតដល់មានការណែនាំថ្មី។

លោកអភិបាលរងខេត្តបានបន្តថា យើងត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះថាបើមានការធ្លោះធ្លោយនឹងនាំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសជំងឺបំប្លែងខ្លួនថ្មីកំពុងមានការរាតត្បាតខ្លាំង។

លោកអភិបាលរងខេត្តបានបន្ថែមថា ការធ្វើតេស្តរហ័សនេះក៏ធ្វើចំពោះជនជាតិថៃដែលចូលមកកម្ពុជាដូចគ្នាដែរ ហើយបើអ្នកមានប័ណ្ណចាក់វ៉ាក់សាំង ក្រុមការងារធ្វើតេស្តរហ័សនឹងមិនធ្វើចត្តាឡីស័កទេ តែអ្នកមិនមានប័ណ្ណទេត្រូវធ្វើតេស្តដោយម៉ាស៊ីន PCR និងត្រូវធ្វើចត្តាឡ័ស័កចំនួន ១៤ ថ្ងៃដដែល។ លោកបានបន្ថែមទៀតថា ចំពោះពលករខ្មែរដែលឆ្លងដែនមកតាម ច្រកចាំយាម ជាប់ព្រំដែនខេត្តកោះកុង ក៏អនុវត្តដូចគ្នា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម