វិស័យអាកាសចរណ៍មានសន្ទុះកើនឡើងជាង ១០០ភាគរយបើធៀបនឹងខែមុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វិស័យអាកាសចរណ៍មានសន្ទុះកើនឡើងជាង ១០០ភាគរយបើធៀបនឹងខែមុន

បានផុស

នៅ

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃ ព្រហស្បតិ៍ថា វិស័យអាកាសចរណ៍ បានកើនឡើងជាង ១០០ភាគរយ បើធៀបនឹងខែមុន(វិច្ឆិកា)។ លោកថ្លែងថា ក្នុង១សប្តាហ៍កើនឡើង ៦ជើងហោះហើរ សម្រាប់ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វិស័យអាកាសចរណ៍កម្ពុជា ផ្តោតសំខាន់ទៅលើប្រទេសក្នុងតំបន់អាស៊ាន ដោយឡែកប្រទេសផ្សេងៗដទៃទៀត អាស្រ័យទៅលើស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩។ លោកថា « ឥឡូវតំបន់អាស៊ានមានការហោះហើរចូលបណ្តើរៗហើយ ក្នុងនោះបាងកកច្រើនជាងគេ រហូតដល់ប្រាំ ប្រាំមួយក្រុមហ៊ុន ហើយម៉ាឡេស៊ីមានពីរក្រុមហ៊ុន សាំងហ្កាពួថែមជើង ហុងកុងភ្ជាប់ឡើងវិញ ចំណែកចិននៅទេ គ្រាន់តែប្រមុខរដ្ឋាភិបាលជជែកគ្នា តែមិនទាន់កើតឡើងភ្លាមៗទេ ត្រូវការពេលវេលា»។ លោក ស៊ិន ចាន់សេរីវុត្ថា បានឲ្យដឹងថា ជើងហោះហើរនឹងកើនឡើងជាបន្តបន្ទាប់ ប្រសិនបើពុំមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ជាពេសេសនៅដើមឆ្នាំក្រោយ។

កាលពីចុងខែវិច្ឆិកា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ថា «ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះ អាចនឹងមានការប្រែប្រួលទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩»។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា បានលើកឡើងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរមកពីបណ្តាប្រទេសនានាក្នុងរយៈ​ពេលដ៏ខ្លីខាងមុខ។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេច្ឋកិច្ចជាតិ។ លោកបានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍រកចំណូលបានជាង ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងធ្លាក់ចុះជាង ៩០ភាគរយ នៅឆ្នាំ ២០២០។ ទោះយ៉ាងណា វិស័យនេះ កំពុងមានសន្ទុះកើនឡើងវិញជាបណ្តើរៗ នៅចុងឆ្នាំ ២០២១នេះ បន្ទាប់ពីកម្ពុជា បានសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋគ្រប់ចំនួនកំណត់ និងបានបើកប្រទេសឡើងវិញគ្រប់វិស័យ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services