Connect with us

ព័ត៌មានជាតិ

ត្រីទឹកសាប​ ៣​ ប្រភេទ​ មានតែនៅខេត្តស្ទឹងត្រែង ជាត្រីងាយ​រងគ្រោះ ​និង​ជិត​ផុតពូជ​

បានផុស

នៅ

ត្រីទឹកសាប ៣ ប្រភេទ ជាប្រភេទត្រីកម្រមាននៅ ខេត្តស្ទឹងត្រែង ត្រូវបានប្រជានេសាទថា មាន​ការ​ថយចុះ ពីមួយឆ្នាំទៅមួយឆ្នាំ អាចនឹងឈានទៅរកការផុតពូជ ប្រសិនបើមន្ត្រីជំនាញ មិនបានទប់​ស្កាត់ទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីទឹកសាបទាំងបីប្រភេទ មានតែនៅខេត្តស្ទឹងត្រែង រួមមាន ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខមួយ ត្រីទាំងបីប្រភេទនេះជាប្រភេទត្រីកម្រ ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទ​តាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់។

លោក ណុច សុផល ជាអ្នកនេសាទបាននិយាយថា នៅរដូវធ្លាក់ខ្យល់លំហើយនេះ ជារដូវត្រីទាំង​បីប្រភេទ ចេញពីទន្លេមេគង្គលើចុះមកក្រោម ហើយលោកបានធ្វើការនេសាទ​ជាលក្ខណៈគ្រួសារ ទៅតាមជំនាញជលផលបានកំណត់ តែឆ្នាំនេះត្រីទាំងបីប្រភេទនេះមានការថយចុះ​ច្រើនជាងឆ្នាំ​កន្លងទៅ ពីមួយឆ្នាំទៅ មួយឆ្នាំមានការថយចុះរហូត។

លោកសុផលបានបន្តទៀតថា មិនថាទាំងត្រីបីប្រភេទនោះទេ ប្រភេទត្រីផ្សេងទៀតក៏មានការថយចុះដែរ តែវានៅសម្បូរ​ជាងត្រីទាំងបីប្រភេទនេះ ហើយមានតម្លៃទាបជាងត្រីប៉ាសេអ៊ីប៉ាវ៉ាមុខមួយ ប៉ាវ៉ាមុខពីរ បើត្រីធម្មតាមានតម្លៃត្រឹមតែ ២៥ ០០០ រៀល ទៅ ៥០ ០០០ រៀលក្នុងមួគីឡូ។

រីឯត្រីដ៏កម្រទាំងបីប្រភេទនេះវិញ មានតម្លៃខ្ពស់កប់ពពក ដែលអ្នកគ្មានធនធានមិនអាច​ស្គាល់រស​ជាតិត្រីនេះបានឡើយ។

លោកស្រី ស៊ី នួនជាអ្នកលក់ត្រីតាមបណ្ដាញសង្គមហ្វេសប៊ុក បាននិយាយថា ប្រភេទត្រីប៉ា​សេអ៊ីប៉ាវ៉ា​មិន​សូវមានលក់នៅលើទីផ្សារនោះទេ ព្រោះវាមានតម្លៃខ្ពស់ ត្រូវបានគេប្រមូលទិញបាន​តិចតួចលក់តាមប្រព័ន្ធអនឡាញ ផ្ញើទៅតាមបណ្ដាលរាជធានីខេត្តនានាតាមតម្រូវ​ការអ្នកបញ្ជាទិញ។

លោកស្រីបន្តថា ប្រភេទត្រីប៉ាសេអ៊ីចាប់ពី ១ គីឡូដល់ ១ គីឡូកន្លះមានតម្លៃ ២០ម៉ឺនរៀល ចាប់ពី១គីឡូកន្លះដល់ពីរគីឡូតម្លៃ ២៥ ម៉ឺនរៀល ចាប់ពី២គីឡូកន្លះដ តម្លៃ ៣០ ម៉ឺនរៀល​ក្នុងមួយគីឡូ។

ចំណែកត្រីប៉ាវ៉ាមុខពីរវិញ ចាប់ពីមួយគីឡូ ដល់មួយគីឡូកន្លះតម្លៃ ១២ច ម៉ឺនរៀលចាប់មួយគីឡូកន្លះដល់ពីរគីឡូ ២០ ម៉ឺនរៀល និងចាប់ពី ២ គីឡូដល់ ២ គីឡូកន្លះតម្លៃ ២៥ ម៉ឺនរៀល។ រីឯត្រីប៉ាវ៉ាមុខមួយវិញចាប់១ គីឡូដល់១គីឡូកន្លះ ៨០ ០០០ រៀលចាប់ពី ១ គីឡូ កន្លះដល់២ គីឡូ ១២០ ០០០ រៀលចាប់ពីរ២ គីឡូដល់ ២ គីឡូកន្លះ ១៨០ ០០០ រៀលក្នុងមួយគីឡូក្រាម។

ត្រីកម្រទាំងបីប្រភេទនេះត្រូវបានអ្នកនេសាទនិយាយថា មានពីររដូវ មួយមាននៅរដូវ ភ្លៀង ធ្លាក់ ដំបូង និងរដូវលម្ហើយចាប់ពីខែវិច្ឆិកាដល់ខែមករា ពពួកត្រីទាំងនេះវារស់ នៅ អន្លង់ជ្រៅ ៗតាមដង​ទន្លេមេគង្គលើសុទ្ធសឹងជាត្រីមេពូជធំៗ ពេលដល់រដូវវាចុះមកតាមដងទន្លេផ្នែកខាងក្រោមត្រូវបាន អ្នកនេសាទរកជាលក្ខណៈគ្រួសារតាមជំនាញជលផលកំណត់តែ អ្នកនេសាទមួយចំនួនទៀតមិន​គោរពតាមច្បាប់ជលផលដោយប្រើឧបករណ៍នេសាទខុសច្បាប់ទើបធ្វើឲ្យត្រីដ៏កម្រនេះមានការថយចុះជារៀងរាល់ឆ្នាំ។

ទាក់ទងនឹងករណីខាងលើនេះលោក សំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា មានកត្តាពីរដែលធ្វើឱ្យធនធានមច្ឆាជាតិថយចុះ មួយកត្តាមនុស្ស និងទីពីមកពីកត្តាធម្មជាតិ ឯកតា​ទីមួយនោះ មកពីអ្នកនេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទ​ខុសច្បាប់នៅ តាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។

លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ឯកតាទីពីនោះ ក៏អាចមកពីកត្តាធម្មជាតិដែរ​ទីមួយមានទំនប់​វារីអគ្គិសនីនៅផ្នែកខាងលើប្រទេសឡាវ ធ្វើឱ្យទឹកខាងក្រោមមានទំហំតូចហើយម្យ៉ាងទៀត ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ទឹកទន្លេឡើងចូលអូរបានបន្តិចហើយក៏ស្រក់ទៅវិញ​ធ្វើឲ្យត្រីពងកូនមិន​ទាន់រអាក់​រអួលក៏អាចមានការថយចុះដែរ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម